លោក ឡុង ឌីម៉ង់ថា ពលករខ្មែនៅកូរ៉េខាងត្បូងភាគច្រើនស្លាប់ដោយសារគាំងបេះដូង

លោក ឡុង ឌីម៉ង់ កាលពីកន្លងទៅ

មន្ត្រី​កាទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាង​ត្បូង បាន​ថ្លែង​ថា ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​ជិត ១០​នាក់ ភាគ​ច្រើន​ជា​បុរស ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ក្នុង​អំឡុង​ឆ្នាំ២០១៦​កន្លង​ទៅ​ថ្មី​ៗនេះ។

យោង​តាម​វីដេអូ​ផ្សាយ​ផ្ទាល​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េ​ខាង​ត្បូង ​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរប្រចាំក្រុង​សេអ៊ូល ​​បាន​​ឱ្យ​ដឹង​ថា​ ពលករ​ខ្មែរស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​​ ភាគច្រើនស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​ នេះបើតាមការតាមដាន​របស់​ស្ថានទូត​នាពេលកន្លងមក។

លោក​បញ្ជាក់​​ថា​ ជំងឺ​នេះបណ្តាល​មក​ពី​​របបអាហារមិនគ្រប់គ្រាន់ និង​ញុំាមិន​ទៀង​ទាត់​ អាហារគ្មានជីវជាតិ និងការគេងមិន​គ្រប់គ្រាន់របស់ពលករ និង​បណ្តាល​​មក​ពី​កត្តា​អាកាសធាតុ​ផងដែរ។

លោក​ថា​ ចាប់​តាំង​ពី​អាកាសធាតុ​ចុះត្រជាក់មក ​ពលករចាប់​ផ្តើមស្លាប់​ជាបន្តបន្ទាប់​ ហើយអ្នក​ស្លាប់នោះភាគច្រើនជាមនុស្សប្រុស។ លោក​​បានពន្យល់​យ៉ាង​ដូច្នេះ​ថា ​មនុស្ស​ប្រុស​មិន​សូវចេះថែរក្សាសុខភាពដូចមនុស្សស្រីនោះទេ ការ​ហូបចុក​របស់​ពួក​គាត់​មិន​ទៀង​ទាត់​ខំ​ប្រឹង​ប្រើ​កំលាំង​​ច្រើន ទើប​ណ្តាល​ឱ្យ​សុខភាព​ធ្លាក់ចុះ។

លោកបន្ថែមថា៖ « []មូលហេតុឃើញ​ថា​ បង​ប្អូន​ខ្មែរ​មួយចំនួន​គាត់អត់​បានថែទាំសុខភាព​​ ភាគ​ច្រើន​គាត់ធ្វើ​ការ​នឹង​កម្លាំង​ច្រើន ​​ថ្វី​ត្បិត​តែប្រាក់ខែ​ច្រើន​ ប៉ុន្តែ ​បង​ប្អូនខ្លះ​ដូច​ជាប្រហែស​ទៅនឹងសុខភាព​ជាពិសេសនៅក្នុងខែរងារហ្នឹង​ គ្រាន់តែចាប់ផ្តើម​ត្រជាក់ភ្លាម គឺចាប់​ផ្តើម​មានស្លាប់មួយ​ពីរអីចឹងមករហូត»

លោក​បាន​អំពាវនាវ​ដល់​ពលករខ្មែរ​នៅកូរ៉េខាង​ត្បូង​ឲ្យ​ថែ​រក្សាសុខភាពឱ្យបានល្អ គេងឱ្យបានគ្រប់គ្រាន់​ និង​ញុំាអាហារឱ្យបាន​ត្រឹមត្រូវជាពិសេស​សាច់ ស៊ុត បន្លែ ដើម្បី​អាចរក្សា​កម្តៅក្នុងខ្លូនបានល្អ។

លោក ឡុង ឌីម៉ង់ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​​ខាង​ត្បូង មាន​ប្រមាណ​ជាង​ ៤៦០០០​នាក់ ស្ត្រីរៀបការ​ទៅ​រស់​នៅ​ជា​មួយ​បុរស​ជនជាតិ​កូរ៉េ​ជាង ១ម៉ឺន​នាក់ និង​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅទីនោះ​មាន​ជាង​ ៤០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ