ជាងបួនខែមកនេះ កម្តៅការទូតកម្ពុជា និងប្រទេសលោកសេរី នៅមិនទាន់វិលទៅរកស្ថានភាពដើមវិញនៅឡើយទេ ក្រោយពីមានការចាប់ខ្លួនអតីតមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិរួចមកនោះ។
របត់នយោបាយបែបនេះ ជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នាំមុខគេគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា បើមិនស្តារស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ។
ប៉ុន្តែ រដ្ឋាភិបាលអះអាងថា ចំណាត់ការជាបន្តបន្ទាប់នោះ ជាវិធានការច្បាប់ ដើម្បីទប់ស្កាត់ទៅនឹងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។
ប៉ុន្តែ សហគមន៍អន្តរជាតិ ដែលភាគច្រើនប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនទទួលយកការបកស្រាយរបស់រដ្ឋាភិបាលកម្ពុជានេះទេ។
ប៉ុន្មានសប្តាហ៍មុននេះ សហភាពអឺរ៉ុង និងសហរដ្ឋអាមេរិក ព្រមទាំងតំណាងអង្គការសហប្រជាជាតិ ជំរុញជាថ្មីទៀតដល់រដ្ឋាភិបាល ឲ្យបើកលំហរប្រជាធិបតេយ្យឡើងវិញ ត្រូវដោះលែងលោក កឹម សុខា ដោយគ្មានលក្ខខណ្ឌ និងឲ្យគណបក្សសង្គ្រោះជាតិដែលបានរំលាយទៅហើយនោះ បានចូលរួមការបោះឆ្នោតឡើងវិញទាំងគ្មានការគំរាមកំហែង តាមយន្តការប្រជាធិបតេយ្យ។
ប៉ុន្តែ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វិញ អះអាងពេលចុះជួបកម្មករអំឡុងដើមខែធ្នូថា បរទេសមិនគួយយកកម្ពុជាធ្វើជាចំណាប់ខ្លាំង ដោយសារតែបញ្ហាប្រជាធិបតេយ្យនោះទេ ហើយថា ការបោះឆ្នោតនឹងធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨។
ប្រសិនបើប្រទេសលោកសេរីមិនទទួលស្គាល់ការបោះឆ្នោត តើកម្ពុជានឹងជួបបញ្ហាអ្វីខ្លះ?
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ព្យាករថា បើប្រទេសលោកសេរីមិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលកើតក្រោយបោះឆ្នោត លោកថា ប្រទេសទាំងនោះនឹងឈប់ផ្តល់ជំនួយទាំងអស់ និងប្រាក់កម្ចីដល់កម្ពុជា។
លោក មាស នី វិភាគទៀតថា ពេលនោះហើយដែលកម្ពុជារអិលទៅរករបបដឹកនាំបែបកុម្មុយនីស្តផ្តាច់ការ និងក្លាយជាអាណានិគមបែបថ្មីរបស់មហាអំណាចកុម្មុយនីស្ត ដោយសារតែការធ្វើនយោបាយបិទផ្លូវខ្លួនឯង។
លោកថា៖«នៅពេលដែលមហាអំណាចគេមើលមកថា យើងគ្មានជម្រើសអីក្រៅពីពឹងពាក់ផ្តេកផ្តួលតែទៅលើគេ អញ្ចឹងគេចង់ធ្វើអី ក៏គេអត់សូវខ្លាចចិត្តយើងប៉ុន្មានទេ ហើយយើងដែលជាអ្នកពឹងគេហ្នឹង ក៏យើងអត់សូវហ៊ានតវ៉ាអីជាមួយគេដែរ។ នេះវាជាលក្ខខណធម្មជាតិរបស់ប្រទេសក្រីក្រជាមួយអ្នកមាន»។
បើតាមអ្នកវិភាគនយោបាយរូបនេះ គោលបំណងរបស់ប្រទេសលោកសេរី គឺការជំរុញយន្តការប្រជាធិបតេយ្យ ចំណែកគោលបំណងនៃប្រទេសកុម្មុយនីស្តវិញ គឺច្បាមយកសម្បត្តិធម្មជាតិ មានរ៉ែក្នុងដី និងព្រៃឈើជាដើម។
ជាអ្នកវិភាគនយោបាយជើងចាស់មួយរូបទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ ពន្យល់ថា របបផ្តាច់ការបានដកហូតសិទ្ធិអំណាចពីពលរដ្ឋ ហើយទៅពង្រឹងអំណាចបក្ខពួក និងក្រុមគ្រួសារនិយម។
លោកថា៖«របបផ្តាច់ការគេអត់គិត ប្រយោជន៍ជាតិជាធំទេបាទ គឺប្រយោជន៍ផ្ទាល់ខ្លួនគេ ប្រយោជន៍ក្រុមគេធំជាងប្រយោជន៍ជាតិ»។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើលទ្ធផលបោះឆ្នោតនៅពេលខាងមុខ គ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិលោកសេរីនោះ កម្ពុជានឹងជួបបញ្ហាសេដ្ឋកិច្ចផង និងបាក់មុខលើឆាកអន្តរជាតិផង ជាអាចឈានដល់ការព្យួរអាសនៈរបស់កម្ពុជានៅអង្គការសហប្រជាជាតិផងដែរ។
លោកថា៖«នៅពេលដែលមិនទទួលស្គាល់ពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលមួយមិនអាចដំណើរការទៅបានទេ។ បើទោះបីយើងគិតថា មានចិននៅពីក្រោយខ្នង មានប្រទេសផ្សេងៗនៅពីក្រោយខ្នង ក៏មិនអាចទៅរួចដែរ ក្នុងករណីដែលអន្តរជាតិគេអត់ទទួលស្គាល់ ហើយអាចដែរ ប្រសិនបើយើងផ្គើនច្រើន អាចនឹងមានការដាក់ទោសទណ្ឌ ហើយនឹងការដាក់ទណ្ឌកម្មធ្វើឲ្យកម្ពុជាបាក់មុខនៅលើឆាកអន្តរជាតិ ហើយជាពិសេស អាចមានការជជែកវែកញែកទៅនឹងអាសនៈសភានៅក្នុងពិភពលោកទៀត ជាពិសេស គឺនៅក្នុងអង្គការសហប្រជាជាតិតែម្តង»។
បើតាមលិខិតមួយច្បាប់ដែលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ ផ្ញើទៅកាន់នាយករដ្ឋមន្ត្រីកាលពីដើមខែធ្នូឆ្នាំ២០១៧ បង្ហាញថា នៅឆ្នាំ២០១៦កន្លងមក កម្ពុជាចំណេញថវិកាជិត ៧០០លានដុល្លារពីប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុប។
របាយការណ៍ក្រសួងពាណិជ្ជកម្ម ឲ្យដឹងដែរថា ទំហំនៃការនាំចេញតាមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម បានកើនឡើងពីតម្លៃជាង ៨ពាន់ ១៧លានដុល្លារ នៅឆ្នាំ២០១៦ ទៅដល់ចំនួនជាង ៩ពាន់ ៥៥៩លានដុល្លារនៅឆ្នាំ២០១៧ ដោយមានសន្ទុះកំណើនជាង ១៩ ភាគរយ។
មន្ត្រីច្បាប់នៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក យឿង សុធារ៉ា វិភាគប្រហាក់ប្រហែលដែរថា បើរដ្ឋាភិបាលថ្មី គ្មានការទទួលស្គាល់ពីសហគមន៍អន្តរជាតិនៃប្រទេសលោកសេរីទេ លោកថា រដ្ឋាភិបាលថ្មីនឹងទៅពឹងពាក់មហាអំណាចថ្មីបែបកុម្មយនីស្ត។
លោក យឿង សុធារ៉ា វិភាគទៀតថា ពេលនោះហើយដែលអ្នកនយោបាយ នាំកម្ពុជាទៅរកភាពផុយស្រួយនៃការបែកបាក់ជាតិ ដូចពីអតីតកាល។
លោកថា៖«ខ្ញុំគិតថា ដោយសារតែយើងប្រកាន់របបប្រជាធិបតេយ្យហ្នឹងហើយ បានជាយើងមានសន្តិភាពជាង ២០ឆ្នាំមក គឺយើងដើរលើគន្លងត្រឹមត្រូវ ប្រជាពលរដ្ឋគាត់សប្បាយចិត្ត យើងឆ្លងកាត់ការបោះឆ្នោតជាតិ ៥ដងមកហើយ យើងឆ្លងកាត់បាន អត់មានវិវាទផ្ទៃក្នុងអីរហូតដល់មានការបង្ហូរឈាមធ្ងន់ធ្ងនោះទេ។ ដូច្នេះ ខ្ញុំគិតថា បើងាកចេញពីមាគ៌ាទាំងហ្នឹង ខ្ញុំគិតថា ជាមាគ៌ាដែលគ្រោះថ្នាក់ក្នុងកម្រិតមួយដែលខ្ពស់»។
របបខ្មែរក្រហម ត្រូវប៉ាន់ប្រមាណថា បានសម្លាប់ពលរដ្ឋអស់ចន្លោះពី ១លាន ៧សែន ទៅជាង ២លាននាក់។ ប៉ុន្តែ មេដឹកនាំខ្មែរក្រហមមួយចំនួន ដូចជា នួន ជា និង ខៀវ សំផន ជាដើម កំពុងឃុំខ្លួននៅសាលាក្តីខ្មែរក្រហម ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕