រដ្ឋាភិបាលថាការតម្លើងថ្លៃសំបុត្រចូលអង្គរ មិនប៉ះពាល់ភ្ញៀវទេសចរណ៍

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

តម្លៃថ្មីនៃប័ណ្ណចូលទស្សនាអង្គរវត្ដដែលនឹងអនុវត្ដចាប់ពីថ្ងៃទី១ខែកុម្ភៈនេះទៅ គឺមួយថ្ងៃតម្លៃ​៣៧ដុល្លារ បីថ្ងៃតម្លៃ៦២ដុល្លារ និង៧ថ្ងៃតម្លៃ៧២ដុល្លារ ដែលពីមុនមួយថ្ងៃតម្លៃ២០ដុល្លារ​ បីថ្ងៃ៤០ដុល្លារ និងមួយសប្ដាហ៍៦០ដុល្លារ។

ក្នុងសេចក្ដីប្រកាសព័ត៌មាន ថ្ងៃទី៣១ ខែមករា គ្រឹះស្ថានអង្គរឲ្យដឹងថា រដ្ឋាភិបាលបានធ្វើការផ្សព្វផ្សាយពីការកែសម្រួលថ្លៃប័ណ្ណចូលទស្សនាអង្គរដល់វិស័យឯកជនលើវិស័យនេះជាច្រើនលើកមកហើយ ហើយថាការតម្លើងតម្លៃថ្មីនេះមិនមានការជំទាស់ពីភ្ញៀវទេសចរណ៍និងអ្នករកស៊ីផ្នែកសេវានេះនោះទេ។ សេចក្ដីប្រកាសបញ្ជាក់ថា តម្លៃប័ណ្ណចូលទស្សនាអង្គរវត្ដ២០ដុល្លារចាប់ពីឆ្នាំ១៩៩៤មក គិតជា​អតិផរណានៅឆ្នាំ២០១៦នេះ ស្មើនឹងតម្លៃ៣១,៥ដុល្លារ។ គ្រឺះស្ថានអង្គរអះអាងថា ​ចំណូលនេះត្រូវបង់ជួនរដ្ឋទាំងស្រុង ដែលក្នុងនោះ១៥%សម្រាប់​អភិរក្សនិងអភិវ​ឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ខណៈ២%សម្រាប់មូលនីធិមន្ទីរពេទ្យកុមារគន្ធបុប្ផា។

ប៉ុន្ដែប្រធានសមាគមមគ្គុទេសទេសចរណ៍អង្គរ លោក ខៀវ ធី មានប្រសា​សន៍ថា ក្រុមហ៊ុនទេសចរណ៍និងមគ្គុទេសកចរណ៍ ក៏ដូចជាពលរដ្ឋ មិនសប្បាយចិត្តទេដោយបា​រម្ភ​​ពី​ការធ្លាក់​ចុះភ្ញៀវទេសចរណ៍។ លោកបន្ដថា៖ «បើយើងប្រៀបធៀបជាមួយប្រទេសដទៃ គេមានតែបញ្ចុះតម្លៃអត់មានបង្កើនតម្លៃទេ​។ ដើម្បីទាក់ទាញទេសចរណ៍ចាប់អារម្មណ៍ ធ្វើយ៉ាងណាឲ្យគេទៅមើលច្រើន​ ប៉ុន្ដែនៅស្រុកខ្មែរយើងនៅតំបន់សៀមរាបអង្គររដ្ឋាភិបាលលោកតម្លើងតម្លៃ ហើយភ្ញៀវភាគច្រើនគាត់មិនសប្បាយចិត្ដដែរ គាត់សួរថាហេតុអីគេតម្លើងតម្លៃ»។

ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានអង្គរនិងជាអនុរដ្ឋលេខាក្រសួងទេសចរណ៍លោ​ក ឈ សុភាព ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាននៅខេត្ដសៀមរាបកាលពីម្សិលមិញថា តម្លៃសំបុត្រថ្មីសម្រាប់ទស្សនាអង្គរវត្ដនេះ មិនអាចប្រៀបធៀបនឹងប្រទេសនៅលើពិភពលោកដូចជាប្រទេសអេស៊ីបបានឡើយ ដោយលោកថា ប្រទេសនោះសូម្បីនៅតាមជើងប្រាសា​ទក៏គេ​គិតពីតម្លៃផ្សេងនិងនៅលើប្រាសាទគិតតម្លៃផ្សេងដែរ។ លោកបន្ដថា សម្រាប់ប្រាសាទនៅកម្ពុជា ក៏អាចលក់សំ​បុត្រ​បានក្នុងមួយ​កន្លែង២០ដុល្លារ គឺអាចលើសពីតម្លៃលក់ថ្មីនេះទៅទៀត។លោ​កបញ្ចាក់ថា៖ «ប្រាសាទអង្គរតូច២០ដុល្លារ ប្រាសាទអង្គរធំ២០ដុល្លារ ប្រាសាទបន្ទាយស្រី២០ដុល្លារ ប្រាសាទផ្សេងៗ២០ដុល្លា ចឹងបើមួយថ្ងៃមើល៣ បាន៦០ដុល្លារ មិនមែន៣៧ដុល្លារនោះទេ តែយើងពិបាកគ្រប់គ្រងលំហូរទេសចរណ៍ គាត់ទៅលើតែប្រាសាទអង្គរវត្ដ ប្រាសាទអង្គរធំ ចឹងធ្វើឲ្យកកកុញនៅទីនោះ យើងមិនសំដៅតែលុយនោះទេ គឺធ្វើយ៉ាងណាឲ្យទេសចរណ៍បានច្រើន​និងឲ្យដឹងពីកម្ពុជាសំបូរប្រាសាទ»។

សហប្រធានក្រុមការងារទេសចរណ៍លោក ហូ វណ្ឌី​ មានប្រសាស​ន៍ថាការតម្លើងតម្លៃ​សំបុត្រចូលទស្សនាអង្គរនេះ លោកថាអាចមានផល់ប៉ះពាល់ខ្លះៗ​។ ប៉ុន្ដែលោកថានេះជាគោលនយោបាយរដ្ឋាភិបាល ហើយស្ថាប័នគ្រប់​គ្រងត្រូវធ្វើយ៉ាងណា​ឲ្យតំបន់រមណីយដ្ឋានឲ្យមានភាពល្អប្រសើរ។ លោកបន្ដថា៖ «យើងឃើញហើយថា សព្វថ្ងៃនេះ មានក្រុមហ៊ុនមួយចំនួនជាពិសេសអ្នករកស៊ីទេសចរណ៍ដែលគាត់ធ្វើការដៃគូនៅលើពិភពលោក​ទាំងមូលគាត់មានក្ដីបារម្ភ។ រដ្ឋាភិបាលគាត់សង្ឃឹមថាបានចំណូលជាងមុន ប៉ុន្ដែក្ដីបារម្ភអ្នករកស៊ីនឹងមានផលប៉ះពាល់ចំពោះការតម្លើងនេះ»។

នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គម អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកលោក សន ជ័យ មានប្រសាសន៍ថា ចំណូលថវិកាពីការលក់សំបុត្រទស្សនាអង្គរវត្ដអាចមិនមានតម្លាភាព បើសិនគ្មានការគ្រប់គ្រងឲ្យបានច្បាស់លាស់ ​ដោយ​លោកថាមន្ដ្រីគ្រប់គ្រងលើស្ថាប័ននេះជាសែស្រឡា​យ​គ្រួសាររវាងរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ