ក្រសួងព័ត៌មានសើ្នឲ្យចាក់ផ្សាយរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ខណៈក្រសួងវប្បធម៌បដិសេធ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០១៧​ ម៉ោង 2:33 PM | កំសាន្ដវប្បធម៌ | 0 | 3342

ក្រសួងព័ត៌មានបានសើ្នឲ្យចាក់បញ្ចាំងខ្សែភាពយន្ដ «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ  បន្ទាប់ពីត្រូវបានផ្អាកមិនឲ្យផ្សាយលើកញ្ចក់ទូរទស្សន៍ PNN។ ប៉ុន្ដែសំណើនេះត្រូវបានក្រសួងវប្បធម៌បដិសេធ។

សេចកី្ដប្រកាសរបស់ក្រសួងព័ត៌មានចុះផ្សាយនៅថៃ្ងអង្គារម្សិលមិញ ឲ្យដឹងថា ក្រសួងព័ត៌មានបានណែនាំឲ្យស្ថានីយទូរទស្សន៍ PNN កែសម្រួលចំណង់ជើងភាពយន្ត «ភកី្ដសេ្នហ៍ឆ្លងភព» ដោយថា ដើម្បីឲ្យមានលក្ខណៈសមស្របតាមបែបភាពយន្តវិទ្យាសាស្រ្តស្រមើស្រមៃ។ ក្រសួងព័ត៌មានក៏បានណែនាំស្ថានីយទូរទស្សន៍ PNN បន្ថែមឃ្លានៅជាប់ចំណង់ជើងភាគយន្តនេះថា «ភកី្ដសេ្នហ៍ឆ្លងភព គឺជាខែ្សភាពយន្តវិទ្យាសាស្រ្តស្រមើស្រមៃ» ដោយផ្សាយនៅពេលបើកឆាកដំបូង និងពេលចប់ឈុតនីមួយៗ ព្រមទាំងមានអក្សររត់លើអេក្រង់ទូរទស្សន៍ ដើម្បីកុំឲ្យមហាជនភ័ន្តច្រឡំជាមួយនឹងរឿងទុំទាវបុរាណ។

ក្រសួងព័ត៌មាន​ក៏បានទទូចក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអនុញ្ញាតឲ្យចាក់បញ្ចាំងភាពយ​ន្ដរឿង «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញ ដោយថា ដើម្បីគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់ស្ថានីយទូរទស្សន៍ ដែលខិតខំផលិតភាពយន្តសម្រាប់ចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ តាមអនុសាសន៍របស់លោក ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជា។

ពាក់ព័ន្ធករណីនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់ VOD នៅក្រោយកិច្ចប្រជុំមួយនៅសាលចតុមុខនៅថ្ងៃពុធនេះថា ក្រសួងវប្បធម៌មិនបានពិចារណាឲ្យចាក់ផ្សាយភាពយន្ត «ភកី្ដសេ្នហ៍ឆ្លងភព» ឡើងវិញទេ ដោយលោកស្រីថា ​រឿងនេះបានរំលោភបំពានសិទ្ធិរបស់អ្នកនិពន្ធ និងបានកម្លាយរឿង «ទុំទាវ» ចាស់ ខុសពីការពិត ដោយឲ្យ ទុំ និងទាវ​ មានជីវិតរស់ឡើងវិញ។ លោកស្រីបន្ដថា ការនេះនឹងធ្វើឲ្យកូនខ្មែរជំនាន់ក្រោយភ្លេចរឿងទុំទាវចាស់ ដោយថា បច្ចុប្បន្ន ពួកគេមិនសូវជាចូលចិត្តអានសៀវភៅរឿង «ទុំទាវ» ច្រើនប៉ុន្មានទេ។

លោកស្រីថា៖ «ខ្ញុំអត់មានពិចារណា នឹងឲ្យចាក់ផ្សាយឡើងវិញទេ បើសិនជាចាក់ផ្សាយឡើងវិញ ចេះចង់ជំរាបថា ការដែលយករឿងហ្នឹងទៅ អ្នកនិពន្ធមិនបានមកសុំសិទ្ធិ បើនិយាយទៅរឿងហ្នឹង ជារឿងទុំទាវតែម្ដង បើនិយាយទៅរឿងទុំទាវ ចុងក្រោយស្លាប់ ទុំទាវស្លាប់ ហើយការយើងឲ្យទុំទាវរស់ឡើងវិញ វាជារឿងមួយលំបាកទទួលដែរ។ ពីព្រោះយើងបារម្ភខ្លាច ក្មេងៗ ជំនាន់ក្រោយមានការភ័ន្ដច្រឡំ ក្មេងៗ ឥឡូវមិនសូវមើលសៀវភៅប៉ុន្មានទេណា»។

រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកស្រី ភឿង សកុណា បន្ថែមថា នេះជាកំហុសរបស់អ្នកផលិតរឿង «ភកី្ដសេ្នហ៍ឆ្លងភព»  ដែលមិនបានបញ្ជូនរឿងនេះឲ្យក្រសួងវប្បធម៌ពិនិត្យ មុនចាក់ផ្សាយ។

កាលពីពេលថី្មនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្យៈបានផ្អាកមិនឲ្យចាក់ផ្សាយភាពយន្តភាគ «ភកី្ដសេ្នហ៍ទ្វេភព» របស់ស្ថានីយទូរទស្សន៍ PNN ដោយថា បានកាឡៃខុសពីខ្លឹមសារដើមរបស់រឿង «ទុំទាវ» បុរាណ ដែលជាស្នាដៃអក្សរសិល្ប៍នៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ៕

រាយការណ៍បន្ថែមដោយកញ្ញា សុខ រី

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required