បទយកការណ៍៖ ការយកលុយភាស៊ីយានជំនិះ​លើសសៀវភៅបន្ទុក​របស់រដ្ឋនៅតែ​ចាក់ស្រេះក្នុង​ចិត្តពលរដ្ឋ

ចំណតផ្ញើម៉ូតូផ្សារអូរឬស្សី (ណាត សុភាព)

រដ្ឋាភិបាលបាន​កំណត់ឲ្យក្រុមហ៊ុនឯកជនឬហៅ​ថា អ្នកម៉ៅការ​តាម​ផ្សារ​របស់​រដ្ឋ​ទំាង​អស់ ត្រូវ​​យក​តម្លៃ​ផ្ញើ​យានជំនិះចាប់ពី២០០រៀលទៅ៥០០រៀលតែប៉ុណ្ណោះ។

សំបុត្រផ្ញើម៉ូតូ (ណាត សុភាព)
សំបុត្រផ្ញើម៉ូតូ (ណាត សុភាព)

ក៏ប៉ុន្តែ អ្វីដែលគួរឲ្យកត់សំគាល់នោះ នៅពេល​​ដែលប្រជាពលរដ្ឋមួយចំនួន​​​យក​ម៉ូតូ កង់ និងរថយន្ត​ទៅផ្ញើ​នៅ​​តាមផ្សារ​របស់​រដ្ឋមួយ​ចំនួន​ក្នុ​ង​រាជ​ធានីភ្នំពេញ នៅកន្លែងខ្លះកម្មករយាមយានជំនិះបានទា​រ​លុយ​ភាស៊ី​ពី​អ្នក​ផ្ញើ កង់ ម៉ូតូ និងរថយន្ត ចាប់​ពី​៥០០រៀល​ទៅ​២០០០​រៀលក្នុង​មួយ​លើក បើទោះបីជា​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បា​នកំណត់ក្នុងបង្កាន់ដៃផ្ញើមួយលើក​ ឲ្យយកតម្លៃកង់មួយគ្រឿង២០០រៀល ម៉ូតូ៣០០រៀល និង​រថយន្ត​៥០០រៀលក៏ដោយ។

លើសពីនេះទៀត គេសង្កេតឃើញថា នៅក្នុងផ្សាររបស់រដ្ឋ ជាពិសេសនៅផ្សារបឹងកេងកង បាន​​ដាក់​ផ្លាក​​​កំណត់​តម្លៃនៅ​ជុំវិញ​ផ្សារ និងប្រកាស​តាម​ឧង្ឃោនសព្ទជាភាសាខ្មែរនិងភាសាអង់គ្លេសនៅក្នុង​ច្រកដើរ​ចេញ​ចូលតាម​ផ្សារ​របស់រដ្ឋដូចនេះក្តី៖ «បងប្អូនដែលផ្ញើម៉ូតូនៅតាមជ្រុងផ្សារបឹងកេងកងទំាងអស់ឲ្យបាន​ជ្រាបថា មិនត្រូវបង់ថ្លៃប្រាក់ផ្ញើលើសពីការកំណត់ដែលមានបិទនៅតាមជ្រុងផ្សារនោះឡើយ ក្នុងករណី​ដែលគេយកថ្លៃលើស សូមធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានបិទនៅទីនោះ តម្លៃផ្ញើគឺគិតដូ​ច​គ្នា​ រួមបញ្ចូលទំាងថ្ងៃសៅរិ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ»។

ការ​យក​លុយ​លើស​សម្រាប់​សេវា​ផ្ញើយានជំនិះ ត្រូវ​បាន​បញ្ជាក់​ដោយ​កម្មករ​យាមយាន​ជំនិះ​ គឺ​ជា​ការ​អនុ​វត្ត​ជា​ទូទៅនៅ​ទី​នេះ​ទៅ​ហើយ។ ជា​និច្ច​ជា​កាល​ ដោយ​ការ​ឃ្លាំ​មើលពី​អ្នក​យក​ព័ត៌​មាន ​អ្នក​បង់​ថ្លៃ​សេវា​នេះ​ ហាក់លែង​តវ៉ា ឬ​ជជែក​សួរ​ដេញ​ដោល អំ​ពី​ការ​ទាម​ទារ​តំលៃ​លើស​នេះទៀតហើយ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​ថា តម្លៃដែល​ទាម​ទារ​ឲ្យ​បង់​ និង​តម្លៃដែល​មាន​បញ្ជាក់​នៅ​ក្នុង​បង្កាន់​ដៃ​ខុស​គ្នា​ សម្រាប់​កង់​លើស​៣០០រៀល ម៉ូតូលើស៧០០រៀល និងរថយន្តលើស១៥០០រៀល។

តំលៃផ្ញើយានជំនិះនៅផ្សារថ្មី (ណាត សុភាព)
តំលៃផ្ញើយានជំនិះនៅផ្សារថ្មី (ណាត សុភាព)

អង្គុយ​លើម៉ូតូចតក្បែរចំណតផ្ញើនៅផ្សារថ្មី រាជធានីភ្នំពេញ​ ហៀបនឹងចេញទៅផ្ទះ លោក រស់ វុន​ បានរៀប​រាប់​ប្រាប់​អ្នកយកព័ត៌មាន​ថា គាត់បានឃើញតម្លៃក្នុងបង្កាន់ដៃផ្ញើកង់​មួយលើក២០០រៀល ម៉ូតូ៣០០​រៀល និង​រថយន្ត៥០០រៀល ក្នុង​មួយលើក​ផង​ដែរ ប៉ុន្តែលោក​ថា មិនដែរតវ៉ា​ជាមួយ​កម្មក​រ​យាម​យាន​ជំនិះ​នោះ​ទេ ដោយថា បើទោះជាខំតវ៉ាក៏ មិនទទួលបានផលវិជ្ជមានដែរ។ លោកមានប្រសាសន៍ថា៖ «ពិបាកណាស់ ព្រោះពេលមកគេទា៥០០រៀល យើងអត់មានតវ៉ាគេ វាតិចតួច វាពិបាកមួយមិនតវ៉ា ពីរមិនតវ៉ា តវ៉ាតែឯងក៏មិនកើតដែរ យើងសាមញ្ញ យើងរាស្ត្រអញ្ចឹង ដ៏យើងទៅប្រកែកគេ ប្រកែកមិនឈ្នះគេ នាំឲ្យវែងឆ្ងាយ»។

លើសពីនេះទៀត ​លោក រស់ វុន ​ថា នៅថ្ងៃបុណ្យចូលឆ្នាំចិននិងក្រោយមួយថ្ងៃ កម្មករ​យាម​យាន​ជំនិះ​បាន​​ទារ​លុយ​​ពីគាត់​១៥០០​រៀល ជាថ្នូរនឹងផ្ញើម៉ូតូមួយដងផងដែរ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ កម្មករយាមយានជំនិះម្នាក់នៅផ្សារថ្មី ដែលមិនស្នើសុំមិនបញ្ចេញ​ឈ្មោះ​ បាន​បដិសេធ​ថា ពួកគេមិនបានយកតម្លៃផ្ញើម៉ូតូលើសរហូតដល់១៥០០រៀលក្នុងមួ​យ​លើក។ ​លោក​លើកឡើងដូចនេះថា៖ «ថ្ងៃធម្មតាយក៥០០ [សំនួរ តើថ្ងៃនេះយកប៉ុន្មាន] សុំ១០០០រៀល​[សំនួរ​ ប៉ុន្តែពួក​គាត់ថាយកក្នុងមួយលើក​១៥០០រៀល​] នោះសួរគាត់ខ្ញុំជាប់រវល់បន្តិច»។

ដៃកាន់បង្កាន់ដៃផ្ញើម៉ូតូ ហៀបបណ្តើម៉ូតូចេញពីកន្លែងផ្ញើនៅផ្សារបឹងកេងកង អ្នកស្រី ចាន់ សុទី បាន​ឲ្យដឹងថា គាត់បានឃើញផ្លាកបិទជុំវិញផ្សារកំណត់ពីការយកតម្លៃផ្ញើយានជំនិះ និងមានផ្សព្វ​ផ្សាយ​ព័ត៌មាននៅក្នុង​ឧង្ឃោ​នសព្ទតាមច្រកចេញចូលក្នុងផ្សារដែរ ប៉ុន្តែអ្នក​ស្រី​ថា ផ្ញើជា​រៀលរាល់ថ្ងៃកម្មករ​យាម​យាន​ជំនិះ​នៅ​តែ​ទារ​លុយ​​ភាស៊ីគាត់១០០០រៀល ផ្ទុយពីការកំណត់តម្លៃក្នុង​បង្កាន់ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​កំណត់​​ឲ្យ​យក​ម៉ូតូ១គ្រឿង៣០០រៀលនោះ។ អ្នកស្រីបញ្ជាក់ថា៖ «ស​ម្រាប់យើងមានលុយ​រាយតិចតួច យើងឲ្យអត់អីទេ ប៉ុន្តែសម្រាប់អ្នកអត់វាច្រើនដែរ ព្រោះយើងមិនមែនចេញចូល ជួនកាលយើង ចេញចូលរហូត យើងមិនមែនមួយថ្ងៃវាល់ល្ងាចចេញ ពេលខ្លះខ្ញុំមកពីរ បីជើងនៅតែឲ្យ​​ បើសិនគាត់អាចចុះឲ្យអ្នក​ខ្លះ គេអត់ល្អ»។

អ្នកស្រី សុទី បញ្ជាក់ថា បើផ្ញើនៅថ្ងៃចន្ទដល់ថ្ងៃសុក្រ ពេលខ្លះកម្មករយាមយានជំនិះ​ទំាងនោះ បាន​ទារតម្លៃផ្ញើ​កង់​៥០០រៀល ម៉ូតូ៥០០ឬ១០០០​រៀល ជាថ្នូរនឹងផ្ញើមួយលើក​។ ដោយឡែក រៀល​រាល់​ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ផ្ញើមួយលើក១០០០រៀល​។

កម្មករយាមយានជំនិះនៅផ្សារបឹងកេងកង លោក អេ រដ្ឋា បានលើកឡើងថា ពួកគាត់មិនបាន​ទាលុយ​លើស​​ពីសៀវភៅបន្ទុករបស់រដ្ឋនោះទេ ប៉ុន្តែលោកថា អ្នកផ្ញើយានជំនិះតែងតែ​ឲ្យគាត់​៥០០ទៅ១ ០០០រៀលក្នុង​មួយលើក។ លោកបញ្ជាក់ថា៖ «គេឲ្យយើងប៉ុន្មាន យើងយកប៉ុណ្នឹង យើងអត់​មាន​ទារ​គេបានទេ។ ប៉ុន្តែភាគច្រើន គេឲ្យ៥០០រៀល ទៅ១០០០រៀល ច្រើនតែអ្នក [អ្នកផ្ញើយាន​ជំនិះ] គេឲ្យ»។

ហៀបបណ្តើម៉ូតូចេញពីកន្លែងផ្ញើនៅផ្សារអូរឬស្សី អ្នកស្រី សុខ រ៉ានី​ បានរៀប​រាប់ថា ការយក​តម្លៃ​៥០០​ទៅ​១០០០​រៀល សម្រាប់ផ្ញើមួយលើកវាជាទម្លាប់ទៅហើយ​ ដោយអ្នកស្រីថា បើ​ទោះ​បីជា​ច្រើន​ឆ្នំា​កន្លង​ទៅ ប្រជា​​ពល​រដ្ឋ​ខំត​វ៉ា​ឲ្យ​យក​តម្លៃ​ក្នុង​​សៀវភៅបន្ទុក​របស់រដ្ឋ ក៏ពួកគេនៅតែ​មិន​គោរព​តាម​ការ​កំណត់​នោះ​​ឡើ​យ។

ទោះជាបែបនេះក្តី អ្នកស្រី សុខ រ៉ានី និយាយថា គាត់គ្មានជម្រើសទេ ព្រោះមិនមាន​កន្លែង​ផ្សេង​សម្រាប់​ផ្ញើម៉ូតូ​។ អ្នកស្រីមានប្រសាសន៍ដូចនេះថា៖ «បើយើងមិនផ្ញើគេ យើងដើរទៅដាក់ត្រង់ណេះ ដាក់​ត្រង់ណោះ វាបាត់ទៅយ៉ាប់ ដ៏ពេលអញ្ចឹងគិតថា ចំណាយ១០០០រៀលទៅ វាប្រសើរជាងបាត់បង់របស់ រាប់ពាន់»។

ម្ចាស់ម៉ៅការភាស៊ីនៅចក្រលេខ​១១ផ្សារអូរឬស្សី លោក ណៃ រីវណ្ណា មានប្រសាសន៍ថា កន្លែងលោក មិន​បាន​ទារ​លុយ​ពីអ្នក​ផ្ញើ​លើស​​ការ​​កំណត់​ក្នុងសៀវភៅបន្ទុករបស់រដ្ឋដូចនៅកន្លែងដទៃនោះទេ ប៉ុន្តែ​លោក​ថា អ្នកផ្ញើម៉ូតូ បាន​ស្ម័គ្រ​​ចិ​ត្ត​​​ផ្តល់​សេវានេះ ចាប់​​​ពី​៥០០​ទៅ​១០០០​រៀល ក្នុង​ពេល​ផ្ញើ​មួយ​លើក។ លោកនិយាយដូចនេះថា៖ «ខ្ញុំអត់ដែលទាមទារគេទេ ប៉ិនវាកម្រគេឲ្យ៣០០រៀល វាតិចណាស់ គ្រាន់ថាគេឲ្យយើង ក៏យើងយកដែរ គេថាឲ្យយើងយកទៅហូបមិនកើត ព្រោះឲ្យយើង៥០០រៀល ជួនណាគេឲ្យក្រដាស់៥០០រៀល ពីរសន្លឹក យើងយកទៅមានអី»។

លោក ណៃ រីវណ្ណា ​អំពាវនាវទៅកន្លែងផ្ញើកង់ ម៉ូតូ និងរថយន្តនៅផ្សាររបស់រដ្ឋទំាងអស់ កុំទារ​លុយ​ពីអ្នក​ផ្ញើ​យាន​ជំនិះលើសក្នុងសៀវភៅបន្ទុក ដោយថា បើម្ចាស់យានជំនិះមិនព្រមឲ្យ​លុយ​លើស​ដោយស្ម័​គ្រ​ចិត្ត​នោះ។

ពិនិត្យ​មើល​ការ​ផ្តល់​សេវា​នេះ​នៅ​ផ្សារដើមគ គឺមិន​ខុស​ពី​កន្លែង​ផ្សេង​ៗ​ទៀត។ អ្នក​យាម​យាន្ត​ជំនិះ បាន​ទាម​ទារឲ្យ​អ្នក​ផ្តល់​តំលៃ​សេវា​នេះ​លើស​ដូច​គ្នា។ កញ្ញា ហង្ស លក្ខិណា ស្នើទៅរដ្ឋាភិបាលនិង​ស្ថាប័ន​ពាក់​​ព័ន្ធ​​ជួយ​​ពិនិត្យ​តម្លៃភាស៊ី សម្រាប់ផ្ញើយានជំនិះឡើង​វិញ​ ចំពោះក្រុមហ៊ុនឯកជន ឬអ្នកម៉ៅការ និង​កម្ម​ករ​យាម​​នៅ​តាម​ផ្សាររបស់រដ្ឋក្នុង​រាជធានីភ្នំពេញ ដោយថាដើម្បី​កុំឲ្យ​យក​​តម្លៃ​លើសពី​ការកំណត់​របស់​រដ្ឋាភិ​បាល។កញ្ញានិយាយដូចនេះថា៖ «ស្នើចង់ឲ្យគាត់ចុះមក​​ជួយធ្វើអន្តរាគមន៍ពាក់ព័ន្ធរឿងផ្ញើម៉ូតូ បើដាក់​ក្នុង​ក្រដាស់​៣០០រៀល យក៣០០រៀលទៅ អានេះគាត់ដាក់ក្រដាស់៣០០រៀល គាត់យកដល់១០០០រៀល វា​លើសខ្លាំងតែម្តង ព្រោះខ្ញុំធ្វើការអត់សូវមានលុយសម្រាប់ផ្ញើម៉ូតូ ឧប្បមាថាផ្ញើម៉ូតូ មួយផ្សារ១០០០រៀល​ខ្ញុំត្រូវដើរផ្សារបី វាអស់៣០០០រៀលបាត់ទៅហើយ វាអស់អាហារពេលព្រឹករបស់ខ្ញុំ»។

អ្វីដែលគួរឲ្យកត់សម្គាល់នៅផ្សារដើមគេ មិនឃើញមានផ្លាកបិទជុំវិញផ្សារ ដើម្បីកំណត់តម្លៃភាស៊ី ដូច​ផ្សាររដ្ឋផ្សេងទៀតនោះទេ។

ចំណតផ្ញើម៉ូតូផ្សារដើមគ (ណាត សុភាព)
ចំណតផ្ញើម៉ូតូផ្សារដើមគ (ណាត សុភាព)

ក្នុងលិខិតរបស់សាលារាជធានីភ្នំពេញ ផ្ញើទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី១៧​ខែមេសា​ឆ្នាំ២០១៤ មានខ្លឹមសារថា បើភ្នាក់​ងារប្រមូលភាស៊ីតាមផ្សារនានានៅរាជធានីភ្នំពេញ ប្រមូលលើស​ការកំ​ណត់​​ក្នុង​សៀវភៅបន្ទុក​ សាលារាជធានីមិនធ្វើការផាកពិន័យទេ គឺត្រូវបញ្ឈប់ភ្នាក់ងារប្រមូលភាស៊ីនៅទី តំាងនោះ និងប្រគល់​ទីតំាងនោះជូនគណៈកម្មការផ្សារជាអ្នកគ្រប់គ្រងការប្រមូលភាស៊ីបន្តវិញ។

គណៈកម្មការគ្រប់គ្រងផ្សារអូរឬស្សី លោក ឡេង គឹមស្រុង មានប្រសាសន៍ថា បើប្រជា​ពល​មួយ​ចំនួន​ដែល​ត្រូវបាន​អ្នកម៉ៅការភាស៊ីផ្សារទាលុយលើសពីសៀវភៅបន្ទុក​របស់រដ្ឋ ត្រូវទាក់ទងតាម ទូរសព្ទ​នៅ​លើផ្លាកជុំវិញផ្សារជាបន្ទាន់ ដោយថា ដើម្បីទប់ស្កាត់កម្មករដែលទាលុយលើសទំាងនោះ ឲ្យមាន​ប្រសិទ្ធិ​ភាព​។ លោករៀបរាប់ដូចនេះថា៖ «ក្នុងនាមខ្ញុំជាអាជ្ញាធរ ក្នុងនាមគណៈកម្មការផ្សារគឺសូមឲ្យបងប្អូន ចូលរួមទំាងអស់គ្នា ធ្វើយ៉ាងណាដើម្បីលុបបំបាត់នូវភាពមិនប្រក្រតីនេះ ហើយខ្ញុំនៅ​រង់ចំាគ្រប់ពេល បើថាមានភាពមិនប្រក្រតីណាមក​ គឺថាឲ្យទំនាក់ទំនងមក​ខ្ញុំ ខ្ញុំ​នឹងចុះទៅធ្វើការងារនេះ ឬក៏ដោះស្រាយបញ្ហា​នេះជូនភ្លាម»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា​ ការ​ប្រមូល​ភាស៊ីនៅតា​ម​ផ្សារ​លើសពីការកំណត់ដោយរដ្ឋ លោកថា អាចមកពីក្រុមហ៊ុនម៉ៅភាស៊ីនោះ យកទៅធ្វើកិច្ច​សន្យាលក់បន្តឲ្យភាគីទី៣ មានតម្លៃ​ថ្លៃពេក​។ ករណីនេះលោកថា រដ្ឋត្រូវ​កំណត់​កុំឲ្យក្រុម​ហ៊ុនម៉ៅ​ភាស៊ីលក់​បន្ត ដោយចុះ​អនុវត្ត​កិច្ច​សន្យា​នោះ​ប្រមូល​ភាស៊ីដោយផ្ទាល់ ទើប​ទប់ស្កាត់​បញ្ហានេះ​ឲ្យមានប្រសិទ្ធភាព។ លោកមានប្រសាសន៍ដូចនេះថា៖ «បើក្រុមហ៊ុនដែលដេញថ្លៃបាន គេត្រូវប្រមូលភាស៊ី​ដោយខ្លួនឯងមិនអាចឲ្យអ្នកទីបីធ្វើទេ ហើយក៏មិនត្រូវឲ្យមានលក់​ កិច្ចសន្យានៅតែបន្តដែរ បានន័យថាកិច្ចសន្យាក្រុមហ៊ុន ក ទិញបាន រដ្ឋត្រូវមានវិធានការមួយគឺមិនឲ្យក្រុមហ៊ុន​លក់កិច្ច​សន្យា​ឲ្យ​ទៅ​អ្នកទីបីនោះទេ ទើបវាស្រួលគ្រប់គ្រង វាជាប្រភេទនៃការផ្តល់កិច្ច​សន្យាមួ​យ​ដែល​រដ្ឋត្រូ​វតែ​មាន​ការកែលម្អឡើងវិញដែរ»។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ