កម្មការិនី​ច្រើន​នាក់​ដួល​សន្លប់​នៅ​ក្នុង​ស្រុក​បាទី មន្ត្រី​ថា​បណ្ដាល​មក​ពី​ថ្នាំ​បាញ់​ស្រូវ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 10:22 AM | សន្ដិសុខ | 0 | 1169

មន្រ្តីបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.)ប្រចាំខេត្តតាកែវ អះអាងថា កម្មការិនីរាប់សិបនាក់បម្រើការងារនៅរោងចក្រ​សេឌូណូ ខេមបូ នីតធីង ស្ថិតក្នុងស្រុកបាទី បានបន្តដួលសន្លប់ទៀតនៅថ្ងៃនេះ។

មន្រ្តី​ ប.ស.ស. ប្រចាំខេត្តតាកែវ លោក សួន វណ្ណៈ ប្រាប់វីអូឌីពីកន្លែងកើតហេតុថ្ងៃនេះថា កម្មការិនី​ចន្លោះ​ពី ៨០ ទៅ ១០០​នាក់ បាន​ដួល​សន្លប់​ជា​បន្ត​បន្ទាប់​នៅ​ព្រឹក​ថ្ងៃ​នេះ។ មន្ត្រី​រូប​នេះ​អះ​អាង​ថា កម្មការិនី​ដួល​សន្លប់​បែប​នេះ បណ្ដាល​មក​ពី​ពុល​ថ្នាំ​បាញ់​ស្រូវ​របស់​អ្នក​ភូមិ​នៅ​ក្បែរ​រោង​ចក្រ​នោះ។

លោកបន្ថែមថា៖«ព័ត៌មានជាបឋមនេះ កម្មករដួលសន្លប់ប្រហែលពី ៧០នាក់ទៅ ៨០នាក់ និង១០០នាក់ហ្នឹង។ នៅព្រឹកហ្នឹងឥលូវ​ហ្នឹងកំពុងតែណែនពេញមន្ទីពេទ្យបង្អែកស្រុកបាទី ហើយខាងក្រុមការងារ ប.ស.ស. កំពុងតែបញ្ជូនពួកគាត់ទៅមន្ទីពេទ្យខេត្តខ្លះ អ្នកធ្ងន់ៗ ហើយមូលហេតុគឺពុលថ្នាំបាញ់ស្រូវ​របស់ប្រជាពលរដ្ឋដែលគាត់ធ្វើជិតរោងចក្រហ្នឹង។ ពេលគាត់បាញ់ទៅប្រព័ន្ធ​រោងចក្រហ្នឹង ប្រើប្រព័ន្ធប៉ឺតខ្យល់ ពេលបាញ់ទៅ វាប៊ឺតខ្យល់ចូលទៅធ្វើសន្លប់»។

លោក សួន វណ្ណៈ ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែ​មករា​កន្លង​មក​ថ្មី​នេះ កម្មការិនី ៦៨នាក់បម្រើការងារនៅរោងចក្រ​​ដដែល​នេះ ក៏​បានដួល​សន្លប់​ម្ដង​រួច​មក​ហើយ បន្ទាប់ពីកសិករធ្វើស្រែក្បែររោងចក្រនោះបាញ់ថ្នាំ​លើ​ស្រូវរបស់ពួកគេ។

ប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់វីអូឌីកាលពីម្សិលមិញថា ករណីបាញ់ថ្នាំស្រូវនេះ អាចបណ្តាលឲ្យកម្មករ​ដួលសន្លប់ដែរ ប្រសិនរោងចក្រនោះប្រើប្រព័ន្ធប៊ឺតខ្យល់ចូល ប៉ុន្តែ យ៉ាងណាងលោកថា តាមការស្រាវជ្រាវកន្លងមក កម្មករដួល សន្លប់ភាគច្រើន ដោយសារបរិយាកាស​ទាំងក្នុង និងក្រៅរោងចក្រមិនល្អ ការប្រើប្រាស់ថ្នាំគីមីផ្សេងៗ ធ្វើការហួស​កម្លាំង ការហូបចុកមិនគ្រប់គ្រាន់ ធ្វើការយូរឆ្នាំ និងច្រើនម៉ោងជាដើម។

លោកបន្តថា ដើម្បីទប់ស្កាត់បញ្ហាដួលសន្លប់នេះ រាល់ក្រុមហ៊ុនត្រូវរៀបចំរោងចក្រឲ្យត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ត្រូវផ្តល់ប្រាក់ឈ្នួលសម្រាប់កម្មករដើម្បីចំណាយលើការហូបចុកបានគ្រប់គ្រាន់ ហើយមន្រ្តីអធិការកិច្ច​នៃក្រសួងការងារត្រូវពិនិត្យ និងចាត់វិធានការលើក្រុមហ៊ុនទាំងឡាយណាដែលមិនធ្វើតាមបច្ចេកទេស។

របាយការណ៍​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា កម្មការិនី​ ១១៦០​នាក់ បាន​ដួល​សន្លប់​កាល​ពី​ឆ្នាំ​២០១៧ ប៉ុន្តែ ​ថា ចំនួន​នេះ​បាន​ធ្លាក់​ចុះ​បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦ ដែល​មាន​កម្មការិនី​ដល់​ទៅ ១៦០៣​នាក់បាន​ដួល​សន្លប់។

របាយការណ៍ដដែលនេះបញ្ជាក់ថា ការ​ដួលសន្លប់​របស់​កម្មការិនី បណ្ដាល​មកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រមិនមានបរិយាកាសល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលតាមគ្នា បញ្ហាមេកានិច ស្របពេលសុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required