រយៈពេល១០ឆ្នាំ កម្ពុជាបញ្ជូនកងការពារសន្តិភាពUNជាង៣៥០០នាក់

កងកម្លាំងការពារសន្តិភាព​របស់អង្គការ​សហប្រជាជាតិ ចូលរួម​កិច្ចប្រជុំបូកសរុបលទ្ធផលការងារ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ក្នុងរាជធានីភ្នំពេញ នៅថ្ងៃ​អង្គារនេះ(រូបថតពីហ្វេសប៊ុក​របស់​លោក ហ៊ុន សែន)

មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា​ក្នុង​រយៈ​ពេល​១០ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារសន្តិភាព​ក្នុងក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ​ កម្ពុជា​បាន​បញ្ជូន​កង​ការ​ពារ​សន្តិភាព​ជាង​៣៥០០នាក់​។

ក្នុងកិច្ចប្រជុំបូកសរុបការងារ១០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ ដែលធ្វើឡើង​នៅ​ថ្ងៃអង្គារនេះ លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពបានថ្លែងចាប់តាំងពីឆ្នាំ២០០៦ដល់២០១៦ រដ្ឋាភិបាលកម្ពុជា​បានបញ្ជូនកងកម្លាំងក្រោមទង់អង្គការសហប្រជាជាតិចំនួន៣៥៥៧នាក់ចេញទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេសរងគ្រោះដោយសារសង្រ្គាម។ លោក​បន្ត​ថា​ប្រទេស​ដែល​កងកម្លាំងការពារ​ចូលរួម​ការពារ មានដូច​ជា​ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាត អាហ្រ្វិក​កណ្តាល លីបង់ ប្រទេសម៉ាលី កោះសៃផ្រឹសនិងអារ៉ាប់-​ស៊ីរី ដោយ​ផ្តោតលើ​ការងា​រ​បោ​ស​សម្អាតមីន វិស្វកម្មនិងជំនាញខាងយោធាជាដើម។

លោក ប្រាក់ សុខុន ​ឲ្យ​ដឹង​ទៀត​ថា​​ក្នុង​រយៈ​ពេល​១០ឆ្នាំនៃកិច្ច​សហប្រតិបត្តិការ​ពារនេះ​ នាយទាហាន​ខ្មែរ​​៤​នាក់​​បានពលីជីវិតដោយ​សារ​ជំងឺ​​និង​៥នាក់ទៀតបាន​រងរបួសក្នុងពេល​បំពេញបេសកកម្ម។ លោក​បន្ត​ថា​កងកម្លាំង​កម្ពុជា​បាន​បំពេញ​ការងារ​ដោះមីន ពិនិត្យ​ជំងឺដល់ប្រជា​ពលរដ្ឋ​និងជីកអណ្តូងជាដើម។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីនោះ​ថាបេសកកម្មកម្ពុជាជាមួយUNគឺនាំមកនូវ”ជោគជ័យនិងមោទនៈភាពជាតិ នៅពេលដែលយើងចាប់ផ្តើមពីបាតដៃទទេ”។ លោក​បន្ត​ថា​ការសម្រេចចិត្តទទួលយកUNមកចូលរួមថែរក្សាសន្តិភាពនៅកម្ពុជាកាលពីពេលមុន គឺដើម្បីបញ្ចប់សង្រ្គាមនិងបង្រួបបង្រួមជាតិ ដែលលោកថា​បានផ្តល់​នូវសុខសន្តិភាពមកទល់សព្វថ្ងៃ។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “បើនិយាយ​ឲ្យពិត​ទៅ បើ​កម្ពុជាខ្លួន​ឯង​​អត់​សន្តិភាព ​អត់​មានលទ្ធ​ភាព​បញ្ជូនកម្លាំងទៅក្រៅទេ។​ កុំថា​អត់មានលទ្ធភាព​បញ្ជូនកកម្លាំងទៅក្រៅ នៅខាងក្នុង គឺមានតែវាយគ្នាហ្នឹង សូម្បីធ្វើស្ពាន វាដាច់ស្ពាន ធ្វើសាលា វាឆេះសាលា”។ លោក​ក៏​បាន​ចាត់ទុក​ការ​ងារ​បញ្ជូនក​ង​កម្លាំងការពារ​ទៅក្រៅប្រទេស​ជា​”ការងារ​លំបាក ស្មុគស្មាញ​និង​គ្រោះថ្នាក់​”

លោកនាយករដ្ឋមន្រ្តី​បាន​ប្រាប់ទៅតំណាង​របស់​​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​ដែលចូលរួមក្នុងពិធីនោះ​ថា​កម្ពុជា​នឹងចូលរួម​បំពេញតម្រូវ​ការ​របស់អង្គការ​​របស់អង្គការ​សហប្រជាជាតិនៅពេលខាងមុខបន្តទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ