កម្ពុជា​លុប​ចោល​សមយុទ្ធយោធា​​ប្រចាំ​ឆ្នាំ​ជាមួយ​អូស្ត្រាលី បន្ទាប់​ពី​សហរដ្ឋ​អា​មេរិក

ក្រសួង​ការ​ពារជាតិ​បាន​ឲ្យ​ដឹង​ថាសមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជានិង​អូស្ត្រាលី «ដោនគោព្រៃ Dawn Kouprey» ដែល​ធ្លាប់​បាន​ធ្វើ​កាលពី​កន្លង​ទៅនោះ ត្រូវ​បាន​កម្ពុជា​ស្នើ​សុំ​ផ្អាក​មួយ​រយៈ​ ក្រោម​ហេតុ​ផលថាដើម្បី​ត្រៀម​រៀប​ចំសណ្តាប់​ធ្នាប់​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧និង​២០១៨។

អ្នកនាំពាក្យក្រសួងការពារជាតិលោក ឈុំ សុជាតិ បានឲ្យវីអូឌីដឹងកាលពី​រសៀលថ្ងៃទី២៨ កុម្ភៈថា ​មូលហេតុដែលកម្ពុជាសម្រេចផ្អាកជាបណ្តោះអាសន្ននូវសមយុទ្ធជាមួយអូស្ត្រាលីនេះ ព្រោះកម្ពុជាត្រូវត្រៀមខ្លួនរក្សា​សណ្តាប់ធ្នាប់សាធារណៈក្នុងការបោះឆ្នោតឆ្នាំ២០១៧និង២០១៨ និងចូលរួមយុទ្ធនា​ការ​បោស​​សម្អាត​គ្រឿងញៀនរបស់រដ្ឋាភិបាល។ ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានទេថា បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៨ នឹងអាចការសមយុទ្ធនេះឡើងវិញនោះឡើយ។

លោកថា៖ «អត់មានអីទេ ព្រោះខាងមិត្តហ្នឹងគាត់យល់តាមហ្នឹងដែរព្រោះយើងជម្រាបគេតាមហ្នឹង ព្រោះ​អាហ្នឹងជាការងារថែរក្សាសន្តិសុខ ថែរក្សាសន្តិភាព និងស្ថេរភាពនៃការបោះឆ្នោតដែរ។ ធម្មតា​គេ​យល់​ពីយើង។ យើងបានឲ្យ នព្វយោធាយើងផ្ញើជូនដំណឹងទៅគេតាមរយៈ នាយក​ដ្ឋាន​កិច្ចការបរទេស របស់​ក្រសួងការពារជាតិហ្នឹងយើងបានដាក់ទៅឲ្យគេហើយ ជូនដំណឹងកាលពីចុងឆ្នាំ២០១៦»។

កាលពីដើមឆ្នាំ​២០១៧នេះ កម្ពុ​ជា​បាន​សម្រេច​ផ្អាក​សមយុទ្ធ​ «ឆ្មាំ​អង្គរ»ប្រចាំ​ឆ្នាំ​ដែលធ្លាប់​តែ​ធ្វើ​ឡើង​ចំនួន​៧​ឆ្នាំ​ជា​មួយ​សហរដ្ឋ​អាមេរិក​ដោយ​លើក​មូល​ហេតុ​ដូច​នេះ​ផង​ដែរ តែ​អ្វី​ដែល​គួ​រឲ្យ​ចាប់​អារ​ម្មណ៍​​នោះ​ការ​សម្រេច​ផ្អាក​នេះ​​គឺ​មួយ​ខែ​ក្រោយ​ពី​កម្ពុ​ជា​ធ្វើ​សមយុទ្ធ «នាគមាស» ​ជាមួយ​ចិន ហើយ​នៅ​ពេល​នេះ​កម្ពុជា​បាន​សម្រេច​ផ្អាក​សមយុទ្ធ​ជាមួយ​ប្រទេស​អូស្ត្រាលី​ថែម​ទៀត។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា យល់​ថាការ​ការ​ផ្អាក​សមយុទ្ធ​យោធានេះ​ វា​បាន​បង្ហាញ​ថា​កម្ពុជា​ខ្វះ​លទ្ធភាព​ក្នុង​ការ​សហប្រតិបតិ្ត​ការ និង​រៀប​ចំ​កម្លាំង​របស់​ខ្លួន ហើយ​ការ​ដក​សម​យុទ្ធ​យោធានេះ​វា​បាន​ធ្វើ​ឲ្យ​ការ​បង្កើន​សន្តិសុខ​ក្នុង​តំបន់​អាស៊ី​គឺ​ហាក់​បី​ដូច​ជា​ឃ្លាត​ឆ្ងាយពី​កម្ពុ​ជា ខណៈដែល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​ងាក​ទៅ​រក​ប្រទេស​ចិន។

លោកថា៖ «ពាក់​ព័ន្ធនឹង​កត្តា​សន្តិសុខ​តំបន់​ គេ​ហៅ​ថា​អាស៊ី​ប៉ាស៊ីហ្វិក ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ កម្ពុជា​ឈរ​លើ​ជំហរ​ចិន​ច្រើន​បញ្ហានេះ​ដែ​ល​ធ្វើ​ឲ្យសហ​រដ្ឋ​អាមេរិក​ បណ្តាប្រទេស​លោកខាង​លិច អូស្ត្រា​លី​ជា​ដើម្បី​ហ្នឹង​ចង់ បង្កើន​កិច្ចសហ​ប្រតិបត្តិ​ការ​ជា​មួយ​កម្ពុ​ជា​ដើម្បីទាញ​កម្លាំង​កម្ពុជា​ឲ្យ​នៅ​លក្ខខណៈមួយ​រាង​អព្យា​ក្រិត្យ។ … ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​សហ​ប្រត្តិ​បតិ​ការយោ​ធា​ជា​មួយ​ប្រទេស​ចិន​ ហើយ​មិន​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា​នេះ វា​ធ្វើ​ឲ្យ​ឃើញ​ថា​បើ​ទោះ​បី​ជា​កម្ពុជា​មិន​បញ្ចេញ​ ជំហរ ឬមួយ​ក៏​ចិន​មិន​បញ្ចេញ​ជំហរ ក៏ទិដ្ឋភាព​អន្តរជាតិ​គេ​មើល​ឃើញ​ថា​កម្ពុជា​ផ្អៀង​ទៅ​រក​ចិន​ដែរ​»។

បើ​តាម​លោក សុវណ្ណារ៉ា កម្ពុជា​គួរ​តែ​រក្សា​ជំហរ​ខ្លួន​ឯង​ឲ្យ​មាន​អព្យា​ក្រិត ក្នុងការ​រក្សា​ទំនាក់​ទំនង និងសន្តិសុខ​ក្នុង​តំបន់​ព្រោះ​មិន​អាច​ពឹង​តែ​ទៅ​លើ​ចិន​បាន​តែ​មួយ​នោះ​ទេ ខណៈដែល​ប្រទេស​ដែល​កំពុង​មា​ន​ឥទ្ធិ​ពល​នៅ​អាស៊ីនោះ​ក៏​មាន​​សហរដ្ឋ​អា​មេរិក និង​អូស្ត្រាលី​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ