តុលាការបានបង្ហាញវីដេអូចំនួន៤ភាគ ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី ដើម្បីដាក់បន្ទុកលើបុរស អឿត អាង ហៅ ជួប សំលាប់ ដែលសមត្ថកិច្ចចោទថា ជាអ្នកបាញ់សម្លាប់អ្នកវិភាគរូបនោះ កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។
សវនាការនៅព្រឹកថ្ងៃពុធនេះ គឺមានតែមេធាវីការពារក្ដីឲ្យជនជាប់ចោទ រួមទំាងសាក្សីមួយចំនួននៅក្នុងហេតុការណ៍នោះ តែតំណាងជនរងគ្រោះអវត្តមាន។
ក្នុងសវនាការ ប្រធានក្រុមប្រឹក្សាជម្រះ លោក លាង សំណាត់ បានបញ្ជាឲ្យក្រុមបច្ចេកទេសចាក់វីដេអូ ដែលថា ជួប សំលាប់ ធ្វើសកម្មភាពដើរចូលក្នុងស្តាម៉ាត ស្តុបបូកគោ និងកម្មភាពដើរតម្រង់ទៅខាងជើងស្តាម៉ាតដែលវីដេអូនេះថតពីបង្គោលភ្លើងស្តុបបូកគោ។ រីឯវីដេអូមួយទៀតបង្ហាញពីសកម្មភាព ដើរតាមផ្លូវម៉ៅ សេទុង ឆ្ពោះទៅស្តុបចំការមន និងវីដេអូដែលគេថតបានពីសកម្មភាព ជួប សំលាប់ ឡើងជិះម៉ូតូប៉ូលីស ខណៈ ពលរដ្ឋដេញតាមវាយឲ្យរងរបួសនៅម្តុំវត្តស្វាយពពែ។
អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការលីកាដូ លោក អំ សំអាត ដែលតាមដានការកាត់ក្តីនៅថ្ងៃនេះ យល់ថាតុលាការបង្ហាញវីដេអូមួយចំនួននោះ មិនទាន់គ្រប់គ្រាន់និងចំគោលដៅដែលសាធារណៈជនចង់ឃើញនៅឡើយ ដោយលោកថានៅមានវីដេអូច្រើនទៀតត្រូវបង្ហាញ ជាពិសេសសកម្មភាពបាញ់សម្លាប់លោក កែម ឡី ជាដើម។ លោកមានប្រសាសន៍ថា «ខ្ញុំគិតថាកំាមេរ៉ាស្តាម៉ាតវាមានច្រើនជ្រុង អង្គចងចំា[ឯកសារថតរូបភាពទុក]ក៏មានច្រើនដែរ ខ្ញុំគិតថាវានឹងមានអង្គចងចំាណាមួយនឹងបង្ហាញពីរូបភាពនៃសកម្មភាពនៃការបាញ់ ក៏ប៉ុន្តែការបង្ហាញនេះ យើងអត់ឃើញមានបង្ហាញ អង្គចងចំានៅកន្លែងទង្វើនៃការប្រព្រឹត្ត ការបាញ់នោះ ទេ វានៅមានថាមិនអស់ចិត្ត អ្វីដែលសំខាន់គឺវានៅកន្លែងហ្នឹង ដែលយើងគិតថា បើបានបង្ហាញនៃការអង្គចងចំា នៃទង្វើនៃការបាញ់ វាជាការមួយដែលធ្វើឲ្យម្នាក់ៗកាន់តែអស់ចិត្ត»។
លោក អំ សំអាត បន្ថែមថា សវនាការដោយពុំមានដើមបណ្តឹងរដ្ឋប្បវេណី អាចធ្វើឲ្យបាត់ភាពអយុត្តិធម៌មួយផ្នែក ដោយលោកថា បើដើមបណ្តឹងចូលក្នុងសវនាការ គឺអាចស្នើសុំឲ្យតុលាការបង្ហាញនូវភស្តុតាងមួយចំនួនបន្ថែមទៀតបាន។
ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក លី សុផាណា បានឆ្លើយប្រាប់អ្នកសារព័ត៌មានតាមរយៈតេឡេក្រាមថា ភស្តុតាងដែលតុលាការបង្ហាញក្នុងអង្គសវនាការនោះ ធ្វើតាមបែបបច្ចេកទេសវិទ្យាសាស្ត្រពិត ក្នុងន័យនេះទំនងជាលោកថាមិនចំាបាច់បង្ហាញពីសកម្មភាពឃាតករបាញ់លោក កែម ឡី ផ្ទាល់នោះទេ។ លោកនិយាយថា «សវនការបានបង្ហាញឲ្យឃើញរួចហើយនូវសកម្មភាពរបស់ជនជាប់ចោទដែលត្រូវបានថតដោយកាម៉េរ៉ាសុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះបានចាប់យកពីកន្លែងកើតហេតុផ្ទាល់ និងមានលក្ខណៈវិទ្យាសាស្រ្តពិត»។
អ្វីដែលគួរឲ្យកត់សំគាល់នៅក្នុងសវនាការ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវីការពារក្តីលោក ជួប សំលាប់ បានសួរដេញដោលជនជាប់ចោទនោះពេញមួយព្រឹក ពីប្រវត្តិរស់នៅ គ្រួសារ ឈ្មោះរបស់ជួប សំលាប់ និងការរៀបគម្រោងសម្លាប់លោក កែម ឡី ជាដើម។
ទោះជាបែបនេះក្តី ជួប សំលាប់ បានអះអាងថា ឈ្មោះរបស់ពិត គឺជួប សំលាប់ មិនមែនអឿត អាង និងថាគ្មានប្រពន្ធ និងម្តាយ នោះទេ។ ជនជាប់ចោទរូបនេះ និយាយថា ការបាញ់សម្លាប់លោក កែម ឡី ដោយសារជំពាក់លុយគាត់៣០០០ដុល្លារមិនព្រមសង។
ទោះជាជនជាប់ចោទ ឆ្លើយដោះសារបែបនេះក្តី ក៏តុលាការបានអានកំណត់ហេតុដែលធ្វើកោសល្យវិច្ច័យពីក្រសួងមហាផ្ទៃតាមរយៈសំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថា លោក ជួប សំលាប់ ឈ្មោះរបស់លោក ពិត គឺ អឿត អាង និងមានប្រពន្ធ និងម្តាយកំពុងរស់នៅខេត្តសៀមរាបផងដែរ។
ករណីនេះ តុលាការបានចោទប្រកាន់បុរស អឿត អាង ហៅ ជួប សំលាប់ ពីបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រឈមជាប់ទោសដាក់ពន្ធនាគារអស់មួយជីវិត ខណៈសាលាក្រមនឹងប្រកាសនៅថ្ងៃទី២៣ មីនា ឆ្នាំ២០១៧ ខាងមុខនេះ៕