លោក ហ៊ុន សែន ចោទអាមេរិកថាបានសម្លាប់កុមារកម្ពុជាជាច្រើននៅសម័យសង្គ្រាម

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

នាយករដ្ឋមន្ដ្រីកម្ពុជាបានដៀមដាមដាក់សហរដ្ឋអាមេរិកថា ជាប្រទេសពូកែខាងឈ្លានពានប្រទេសដទៃ និងថា បានទម្លាក់គ្រាប់បែកសម្លាប់កុមារកម្ពុជាយ៉ាងច្រើនកាលពីសម័យសង្គ្រាម។

ថ្លែងនៅក្នុងសន្និសិទអន្ដរជាតិស្ដីពីការអភិ​វឌ្ឍ​កុ​មារ​តូច នៅថ្ងៃទី១ ខែមីនានេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន លើកឡើងថា​ នៅកម្ពុជា គ្រាប់បែកអាមេរិក នៅតែបន្ដធ្វើឲ្យកុមារកម្ពុជាស្លាប់បាត់បង់ជីវិត។ លោកក៏បានចំអកថា អាមេរិកតែងលើកឡើងពីការគោរពសិទ្ធិរបស់កុមារ ប៉ុន្ដែលោកថា ផ្ទុយទៅវិញ អាមេរិកបានធ្វើបាបដល់កុមារជាច្រើន ដោយសារកើតចេញពីការឈ្លានពានរបស់ខ្លួន។

លោកថា៖ «នៅពេលដែលអាមេរិកឈ្លានពានកម្ពុជា តើមានកុមារប៉ុន្មានទៅ ដែលបានស្លាប់ របួសពិការ និងបង្កើននៅស្ថានភាពខ្វះអាហារូបត្ថម្ភ។ កុមារនៅឥណ្ឌូចិន ទាំងវៀតណាម ឡាវ ទាំងកម្ពុជានេះច្រើនណាស់ រហូតមកដល់ឥឡូវ មិនទាន់អស់នូវផលវិបាករបស់វា»

លោកនាយករដ្ឋមន្ដ្រីបន្ដថា បើសិនមានវេទិកាអន្តរជាតិកាន់តែច្រើន គឺគេមិនគួរខ្លាចចំពោះសហរដ្ឋអាមេរិក ដែលលោកថា បានធ្វើឲ្យកុមារស្លាប់ស្ទើររាល់ថ្ងៃ នៅបណ្តាប្រទេសនៅមជ្ឈិមបូព៌ា។ លោក ហ៊ុន សែន និយាយថា អាមេរិកបានសម្លាប់ពលរដ្ឋ និងកុមារកម្ពុជាជាច្រើន ហើយថា បែរជាមកប្រៀនប្រដៅឲ្យកម្ពុជាចេះគោរពសិទ្ធិមនុស្សទៅវិញ។ លោកក៏បានថ្កោលទោសអាមេរិកថា ក្រៅពីមិនទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនៅកម្ពុជាហើយ តែបែរជាមកទារបំណុលចាស់ដែលកម្ពុជាជំពាក់កាលពីសម័យសា​ធារណ​រដ្ឋ លន់ នល់ ទៅវិញ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោក Raman JR បានឲ្យ VOD ដឹងតាមរយៈសារអេឡិចត្រូនិចថា លោកមិនទាន់អាចឆ្លើយតបនឹងការចោទប្រកាន់នេះភា្លមៗបាននោះទេ។

អ្នកវិភាគនយោបាយនៅកម្ពុជា លោក ឡៅ ម៉ុងហៃ យល់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី គឺ បង្ហាញថា ជំហរកម្ពុជា ងាកចេញពីអាមេរិក ទៅគាំទ្រចិនប៉ុណ្ណោះ។ លោកបន្ដថា ពលរដ្ឋ និងកុមារកម្ពុជា ដែលបានស្លាប់នោះ មិនមែនសុទ្ធតែជាស្នាដៃរបស់អាមេរិកទាំងស្រុងនោះទេ ដោយលោកថា សូមឲ្យលោកនាយករដ្ឋមន្ដ្រីពន្យល់បន្ថែមអំពីការឈ្លានពានរបស់វៀតណាមមកលើកម្ពុជាផង។

អ្នកវិភាគនយោបាយរូបនេះថា លោកពុំកាន់ជើងខាងណាទេ ប៉ុន្ដែលោកថា ការខ្ចីបំណុលពីសហរដ្ឋអាមេរិក កាលសម័យ លន់ នល់ នោះ គឺមួយភាគធំ ដើម្បីផ្គត់ផ្គង់ស្បៀងអាហារដល់ប្រជាពលរដ្ឋខ្មែរ និងថា មិនមែនបម្រើតែទៅលើសព្វាវុធទាំងអស់នោះទេ។

លោកថា៖ «គាត់ហ្នឹងដូចជា មិនចូលចិត្តអាមេរិក ហើយគឺដើម្បីបំពេញចិត្តចិនផង ក៏ប៉ុន្ដែការរំលឹកនេះ ចុះម៉េចក៏មិនរំលឹកថាតើខាងវៀតណាមកុម្មុយនីស្ដបានជួយខ្មែរក្រហមឲ្យមកសម្លាប់ខ្មែរផង ម៉េចក៏មិនថាផង។ ហើយមួយទៀត គ្រាប់បែកអាមេរិកហ្នឹង វាសម្លាប់ខ្មែរច្រើនដែរ ប៉ុន្ដែតិចជាងការកណ្ដៀវ ហើយញញួរកុម្មុយនីស្ដនោះទេ។ ហើយលុយ (បំណុល) ជាចេញជាស្បៀង មិនមែនជាអាវុធហ្នឹងសុទ្ធសាធទេ»។

លោក ហ៊ុន សែន បានស្នើដដែលៗឲ្យអាមេរិកលុបបំណុលចាស់ដែលកម្ពុជាជំពាក់កាលសម័យ លន់ នល់ និងចោទអាមេរិកថា បានសម្លាប់ពលរដ្ឋខ្មែរជាងកន្លះលាននាក់អំឡុងឆ្នាំ១៩៦៣ដល់១៩៧៥។ ប៉ុន្ដែស្ថានទូតអាមេរិកបានឆ្លើយតបចំពោះសំណើនេះវិញថា អាមេរិកមិនទាន់មានការពិចារណាលុបបំណុលទាំងនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ