លោក ហ៊ុន សែន អំពាវនាវឲ្យយកចិត្ដទុកដាក់លើកុមារតូច

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅថ្ងៃពុធនេះជំរុញឲ្យមន្ដ្រីរបស់ខ្លួន អាជ្ញាធរមូលដ្ឋាន និងអ្នកធ្វើការលើ​​កុមារបង្កើនការយកចិត្ដទុកដាក់លើវិស័យកុមារតូច ដែលលោកថាដើម្បីឲ្យពួក​គេទទួល​បាន​ការរៀនគិតបែបថ្មីនិងក្លាយជាយុវជនមានចំណេះដឹង។

ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធីសន្និសីទអន្ដរជាតិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ស្ដីពីការអភិ​វឌ្ឍ​កុ​មារ​តូច នៅខេត្ដសៀមរាប ដែលមានប្រទេសចំនួន៣៦ប្រទេសចូលរួម។

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងតាមសុន្ទរៈកថាថា បច្ចុប្បន្ននេះមាតាបីតានិងកុមារតូចត្រូវបាកាត់ផ្ដាច់ ដោយអន្លើ ដោយសារការអភិវឌ្ឍនៃ​សង្គម សេដ្ឋកិច្ចកម្ពុជា បានធ្វើឲ្យស្ដ្រីកាន់តែច្រើនបានចូលរួមកម្លាំងពលកម្ម ដែលធ្វើឲ្យឪ​ពុក​​ម្ដាយខ្វះភាពជិតស្និទ និងជួយទំនុកបម្រុង ដែលធ្វើឲ្យប៉ះពាល់ដល់ប្រក្រតីភាពនៃសង្គមគ្រួ​សារ ក្នុងរយៈពេលវែងទៅមុខ។

លោក ហ៊ុន សែន អំពាវនាវដល់មន្ដ្រីអនុវត្ដការងារនិងស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្ដទុកដាក់ដល់វិស័យកុមារតូចឲ្យមានមនសិការដែរលោកថា ដើម្បីឲ្យពួកគេរៀនគិតបែបថ្មីនិ​ង​ក្លាយជាយុវជនមានចំណេះដឹង និងក្លាយជាទំពាំងស្នងឬស្សីនៃសង្គមជាតិ។ ជាមួយគ្នានោះដែរ លោកថាការជម្រុញនេះដើម្បីរួមចំណែកធ្វើឲ្យសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដែលធានាឲ្យកុមារទទួលបានការអប់រំ ការគាំពារ និងការអភិវឌ្ឍដោយគុណភាព។ លោ​ក​បន្ដថា «ត្រូវយកចិត្ដទុកដាក់ជាប្រចាំដល់កុមារតូចទាំងអស់ពិសេសកុមារកំព្រា កុមារតូច រងគ្រោះ កុមារតូចងាយរងគ្រោះ កុមារតូចជនជាតិតឹក និងកុមារតូចមានពិការកាយសម្បទា តាមរយៈការពង្រឹង និងពង្រីកយន្ដការដែលមានស្រាប់ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ការផ្ដល់អាហារ​រូបត្ថម្ភ ការផ្ដល់ការថែទាំសុខភាព និងការអប់រំសំដៅទប់ស្កាត់ទំរង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ខិតខំប្រឹងប្រែងធ្វើឲ្យកុមារបារស់ដោយសុវត្ថិភាព មិនមានការប្រឈមដោយអំពើជួញដូរ និងការរំលោភបំពាន»។

ប្រធានក្រុមប្រឹក្សាភិបាលនៃសន្និសីទអន្ដរជាតិថ្នាក់តំ​បន់​អាស៊ីប៉ាស៊ីហ្វិកស្ដី​ពីការអភិ​វឌ្ឍ​​កុមារតូច (ARNEC) លោក ហ្សែលឌុន ហ្សែហ្វហ្វី មានប្រសាសន៍ថា បច្ចុប្បន្ននេះ កុមារតូច​ពុំមានការយកចិត្ដទុកដាក់ឲ្យគ្រប់គ្រាន់លើបញ្ហាសមភាពនោះទេ ជាពិសេសកុមាររស់នៅ​តា​ម​ជនបទដាច់ស្រយ៉ាល កុមារក្រីក្រ ក្រុមជនជាតិភាគតិច យេនឌ័រ ពិការភាព ប្រាក់ចំណូលឬស្ថានភាពសេដ្ឋកិច្ចជាដើម។

នាយកអង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក លោកស្រី ខារីន ហ៊ុលហ្សុប មានប្រសាសន៍ថា រយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិត ពោលចាប់តាំងពីបង្កកំណើតរហូតដល់អាយុពីរឆ្នាំ មានសារៈសំខាន់បំផុតសម្រាប់សុខមាលភាពនិងការអភិវឌ្ឍលើកុមារ។ លោកស្រីបន្ដថា ការថែទាំក្នុងអំឡុងពេលពរពោះ ការបំបៅដោយទឹកដោះម្ដាយ និងការអប់រំនៅវ័យក្មេងជាការចិញ្ចឹមដោយត្រឹមត្រូវ​ ដែលលោកស្រីថា ពួកគេអាចឈានទៅសម្រេចបានូវសក្ដានុពលនៅពេលពេញវ័យ។ អនាគតកុមារនិងនិរន្ដរភាពនៃកំណើតសេដ្ឋកិច្ចប្រទេស គឺពឹងផ្អែកកាន់តែច្រើនទៅលើការវិន័យោគលើកុមារ។

បើតាមលោក ហ៊ុន សែន កន្លងមកនេះ កុមារតូចនៅកម្ពុជា ភាគច្រើនស្ថិតនៅក្នុងបន្ទុកគ្រួសារ ពោលឪពុកម្ដាយជាគ្រូ ផ្ទះជាសាលា ហើយធម្មជាតិជុំវិញជាកន្លែងលេង ដែលលោកថា ធ្វើឲ្យកុមារតូចជាកុមារល្អ យុវជនល្អ និងពលរដ្ឋល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ