វិភាគ៖ អ្វីជាឫសគល់នៃអំពើពុករលួយនៅកម្ពុជា?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

ច្រើនឆ្នាំមកនេះ របាយការណ៍របស់អង្គការអន្តរជាតិមួយ បានបង្ហាញជាបន្តបន្ទាប់ថា អំពើពុករលួ​យ​នៅ​កម្ពុ​ជា នៅតែជាប់លំដាប់ថ្នាក់អាក្រក់ បើប្រៀបធៀបនឹងប្រទេសជាង១០០ផ្សេងទៀតលើពិភពលោក បើទោះ​បីកម្ពុជា បង្កើតឲ្យមានស្ថាប័នពិសេសមួយប្រ​យុទ្ធ​ប្រ​ឆំាងនឹងអំពើ​ពុក​រ​លួយ​ក៏ដោយ។

អង្គការតម្លាភាពអន្តរជាតិបានចេញរបាយការណ៍ថ្មីទៀតបង្ហាញថា ជាង៤ឆ្នាំមកនេះ រដ្ឋាភិ​បាលកម្ពុជាមិនបានធ្វើឲ្យ​ប្រសើពី​ការ​ទប់​ស្កាត់អំពើពុ​ករលួយឲ្យមានប្រសិទ្ធភាពទេ ដោយ​អង្គ​កា​​រនោះ​វាយតម្លៃ​ថា​ «កម្ពុជា​នៅ​តែ​ជា​ប្រទេស ​មាន​​អំ​ពើ​​ពុក​រលួយ​ខ្ពស់​ដ​ដែ​ល» បើប្រៀ​បធៀប​នឹង​ប្រទេស១៧៦ ដែលគេថាបានសិក្សាស្រាវជ្រាវ។

របាយការណ៍នោះបញ្ជាក់ថា ឆ្នាំ២០១២ កម្ពុជា​ទទួលបានពន្ធុ​២២ ក្នុងចំ​ណោមពន្ទុល្អ​ឬខ្ពស់បំផុ​ត​១០​០​។​

ឆ្នាំ២០១​៣កម្ពុជាទទួលបាន២០ពន្ធុនិងឆ្នាំ២០១​៦អង្គការនោះ​ បានដាក់ពន្ទុកម្ពុជាត្រឹម២១។​ របាយ​ការ​ណ៍​បានលើកឡើងថា ការ​ដាក់​ពិន្ទុ​ទៅលើចំណាត់​ថ្នាក់​នេះ បានសិក្សា​ផ្អែក​លើ​កម្រិត​នៃ​អំពើ​ពុ​ក​រ​លួយ​ក្នុង​​វិ​​ស័យ​សាធារណៈ​ថ្នាក់ក្រោមជាតិ ស្ទង់ម​តិពី​ព​ល​​រដ្ឋ និងសិក្សាពីអំពើពុករលួយនៅថ្នាក់ជាតិ។

បើទោះបីជារដ្ឋាភិបាល ធ្លាប់ប្រកាសច្រានចោល របាយការណ៍នោះ ច្រើនដងរួចមកហើយក៏ដោយ ប៉ុន្តែប្រធាន​បទដែ​ល​យើងលើកយកមកវិភាគនៅថ្ងៃនេះ យើងចង់ដឹងថា តើអ្នកតាមដាននិងអ្នកវិភាគយល់យ៉ា​ងណាពីការរីកដុះដាលនៃ​អំពើពុករលួយនៅកម្ពុជានេះ?

ហើយក៏ចង់ដឹងដែរថាតើអ្វីជាឫសគល់នៃបញ្ហា ដែលធ្វើឲ្យកម្ពុជា មិនទទួលបានពន្ទុល្អ ពីការកំចាត់​អំពើពុករលួ​យ​នេះ?

អ្នកវិភាគ និងអ្នកតាមដាន  បានបង្ហាញការយល់ឃើញ ប្រហាក់ប្រហែលគ្នាថា កម្ពុជាពិតជានូវ​មានអំពើពុ​ករលួ​​យចាក់ស្រះ និងថាបញ្ហាទាំងនោះ បង្កឡើងពីកត្តាធំៗពីរ រារាំងដល់ប្រសិទ្ធភាពនៃការទប់ស្កា​ត់អំ​ពើពុ​ក​រលួយនេះ គឺ​កត្តាបក្ខពួកនិយម ឃុបឃិតគ្នាជាប្រព័ន្ធ និងការជ្រៀតជ្រែកផ្នែកនយោបាយ ទៅ​លើ​ស្ថាប័នអនុវត្តច្បាប់។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបញ្ជាក់បន្ថែម លើរបាយការណ៍នោះថា តាមការសិក្សា និងចុះសម្ភាសពលរដ្ឋជាង១ពាន់នាក់ រកឃើញថា អំពើពុករលួយ ថ្នាក់ក្រោមជាតិ ទាក់ទិ​ន​នឹងការផ្តល់សេវាផ្សេងៗ បាន​ថយ​ចុះ៥០ភាគរយ។

ប៉ុន្តែលោក ព្រាប កុល លើកឡើងថា អំពើពុករលួយធំៗ នៅថ្នាក់ជាតិវិញ មិនថយចុះទេ ដែលលោ​កថា​ដូច​ជាស្ថា​ប័ន​តុលា​កា​រ ប៉ូលីស និងមន្ត្រីរដ្ឋាភិបាល ដែលលោកសំ​ដៅដល់មន្ត្រី​ជាន់ខ្ពស់រ​ដ្ឋាភិបាល ដែល​លោ​កវិភាគថា បញ្ហានេះ ជាចរន្តរាំងស្ទះដល់ប្រសិទ្ធភាពនៃការទប់ស្កាត់អំពើពុករលួយ។

លោកថា៖ «ការវិនិយោគធំៗ ការគ្រប់គ្រងធនធានធម្មជាតិ ហើយនឹងការគ្រប់គ្រងថវិការជាតិ ការដេញថ្លែ​ធ្វើល​ទ្ធ​កម្មសាធារណៈដែលមានទឹកលុយធំៗ ការប្រមូលពន្ធ ការកត់ត្រាពន្ធនាំចេញ នាំចូលអា​ធំៗ​ហ្នឹងគឺនៅមិនទាន់ល្អប្រសើគួឲ្យកត់សម្គាល់ទេ»។

លោក ព្រាប កុល វិភាគទៀតថា ដើមចមមួយទៀត រារាំងដល់ប្រសិទ្ធភាពនៃការទប់ស្កាត់អំពើពុករលួយ នោះលោកថា ជាអំពើពុករលួយបែបក្ខពួក និងគ្រួសារនិយម ដែលលោកអះអាងថា ពុក​រលួយប្រភេទនេះ មិនងាយបែកធ្លាយ ឯកសារពាក់ព័ន្ធ សម្រាប់មន្ត្រីជំនាញ ប្រមូលធ្វើជាសំអាងផ្លុវច្បាប់ ដើម្បីចាត់​វិធានកា​រផ្លូ​វ​ច្បា​ប់នោះទេ។

បើតាមលោក ព្រាប កុល ឫសគល់នៃកា​ររាំងដល់ប្រសិទ្ធិ​ភាព​នៃកា​​រ​ទប់ស្កាត់អំពើពុករ​លួយនោះ​គឺកា​រធ្វើ​ច្បា​ប់​បើកឱកាសឲ្យឥទ្ធិពល នយោបាយ ចូលជ្រៀត​ជ្រែ​ក លើស្ថាប័នអនុវត្តច្បាប់ ។

លោកថា៖ «នៅប្រទេសយើងច្បាប់មានអន្តរកម្មរវាងក្រសួងយុត្តិធម៌នឹងតុលាការ។ អញ្ចឹងបើយើងនិយាយពីឯករាជ្យរបស់តុលាការពិបាកនិយាយពីឯករាជ្យពិតប្រាកដ ពីព្រោះអីក្រសួងយុត្តិធ​ម៌គាត់មានអំណាចក្នុង​ការដា​ក់ពិន័​យចៅក្រម ដោះដូរចៅក្រម។​ អញ្ចឹងក្រសួងយុត្តិធម៌ស្ថិតនៅក្រោ​មទីស្តីការគណៈរដ្ឋ​មន្ត្រីជាផ្នែ​កមួយនៃរដ្ឋាភិបាល អញ្ចឹង​វានៅប្រ​ទា​ញ​ប្រទង់គ្នា យើងមើលឃើញទាំងអស់គ្នា​ពិតប្រាកដអញ្ចឹ​ង។ ប៉ុន្តែ​បើយើ​ងមានឆន្ទៈមុះមុត ធ្វើឲ្យតុលា​ការឯ​ករា​ជ្យ ខ្ញុំគិតថា ទាំងអ្នកនយោបាយ ទាំងរដ្ឋាភិបាល ទាំងរដ្ឋសភា ទាំងព្រឹទ្ធសភា អាច​នាំគ្នារៀបចំ​យន្តការធ្វើ​ម៉េ​ចធា​នានូវឯករាជ្យភាព របស់ប្រព័ន្ធយុត្តិធម៌ ធ្វើឲ្យស្ថាប័នធំៗហ្នឹង​មានស្វ័​យ​ភា​ពធ្វើ​​ឲ្យមា​នឯករា​ជ្យ​ភាព​រៀងៗខ្លួនទៅ ខ្ញុំគិតថាទៅរួចហើយ»។

ទោះជាយ៉ាងណា ក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងបន្ទាប់ពីមានការិះ​គន់យ៉ាងខ្លាំង​ពីសំណា​ក់អង្គ​ការ​សង្គមស៊ីវិល ប​ក្ស​ប្រឆាំង និងម្ចាស់ជំនួយ រដ្ឋាភិបាលកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅយល់ថា បានខិត​ខំយ៉ា​ងច្រើន​ ក្នុង​កា​រធ្វើ​កំ​ណែ​ទម្រង់ស្ថាប័នរដ្ឋមួយចំនួន ដូចជាក្រសួងអប់រំ ក្រសួងសេដ្ឋកិច្ច និងជុំវិ​ញកា​រផ្ដ​ល់​សេវា​សាធា​រណៈជា​ដើម។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ថ្មីត្បិតរដ្ឋាភិបាល​ខំប្រឹងប្រែ​ងធ្វើ​កំ​​ណែទម្រង់ខ្លះក៏ពិតមែន ប៉ុន្តែលោកវិភាគថា ការអនុវត្តជាក់ស្តែងទាំងស្ថា​ប័ន​​តុ​លាការ និង​​អង្គភាពប្រឆាំងអំពើពុករលួយ លោកថា ហាក់បានផ្តល់ជំនឿតិចតួចដល់​ប្រ​ជាពលរដ្ឋ។

លោក ឯម សុវណ្ណារ៉ា វិភាគទៀតថា ភាពទន់ជ្រាយនៃប្រព័ន្ធអនុវត្តច្បាប់ របស់ស្ថាប័នទាំងពីនេះ លោ​កថាជា ​ឫ​សគល់មួយទៀត ធ្វើឲ្យវិធានការទប់ស្កាត់អំពើពុករលួយបន្តធ្លាក់ចុះ និងអាចធ្វើឲ្យជនខិ​លខូចមួ​យ​ចំ​​នួន ប្រព្រឹ​ត​អំ​ពើពុ​ករលួយដោយមិនបារម្ភពីចំណាត់ការច្បាប់ និងធ្វើឲ្យចំណាត់ថ្នាក់របស់​កម្ពុជានៅ​តែ​ស្ថិ​​ត​នៅបាតតារាងដដែល។

លោកថា៖ «កម្ពុជាមានច្បាប់ប្រឆាំងអំពើពុករលួយ ក៏ប៉ុន្តែអង្គភាពប្រឆាំងអំពើពុករលួយនេះ ស្ថិតនៅ​ក្រោ​មនី​តិប្រតិបត្តិ [រដ្ឋាភិបាល] មិនមែនជាស្ថាប័នឯករាជ្យ អាចត្រួតពិនិត្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីណាដែ​ល​ពុ​ករលួ​យ ឬក៏ត្រួតពិនិត្យទៅលើស្ថាប័ននី​តិបញ្ញអីបានទេត្រូវមាន​ការអនុញ្ញាតិពីនាយករដ្ឋមន្ត្រី។ អញ្ចឹ​ង​ស្ថាប័​ន​នេះ​ អត់ទាន់មានឯករាជ្យភាពនៅឡើយទេ។ អញ្ចឹងវាមិនអាចធ្វើការឲ្យមានប្រសិទ្ធភា​ពដើម្បីប​ម្រើប្រយោជន៍ជាតិឲ្យបានពេលសក្តានុពលទេ វាបាន​តែ​ត្រឹមកម្រិតមួយនៅទាប បើយើងគិត​ទៅ​លើកា​រចំ​ណាយថវិការរដ្ឋ ហើយនឹងសក្តានុព​លនៃការប្រើ​ប្រា​ស់វានូ​វ​មា​នកម្រិត»។

យ៉ាងនេះក្តី ​អង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានចាប់មន្ត្រីរដ្ឋាភិបាលមួ​យចំនួ​ន ​ដា​ក់ពន្ធនាគារទា​ក់ទិ​ន​អំ​ពើពើ​ពុករលួយ។ធ្លាប់ចាប់ខ្លួន អតីតព្រះរាជអាជ្ញាខេត្តពោធិ៍សាត់ លោក តុច័​ន្ធ សេ​រីវុធ និង​អ​តីប្រ​​ធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី ខណៈការចាប់ខ្លួ​នមន្ត្រីការសិ​ទ្ធិម​នុ​ស្សអា​ដ​ហុ​ក​៤រូ​ប និងមន្ត្រី គជប លោក នី ចរិយា រងការរិះគន់ថាជារឿងនយោបាយច្រើនជាងអនុវត្តន៍ច្បាប់ប្រឆាំង​ពុក​រលួយ​។

ប៉ុន្តែ​​អ្នកវិភាគយល់ថា បើអង្គភាពប្រឆាំងអំពើពុករលួយ និងតុលាការ មិនឯករាជ្យទេ ពួកគេថា ចំ​ណា​​​​ត់កា​រ រ​ប​ស់​ស្ថាប័នសំខាន់ៗទាំងពីរនេះ នឹងមិនបម្រើដល់ប្រយោជន៍សាធារណទេ ពោលគឺវិធានការទាំងអស់នឹងធ្វើតាមបញ្ចា របស់អ្នកនយោបាយដែលមានឥទ្ធិពល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ