ក្រសួងការបរទេសប្រាប់មន្ត្រីរបស់ខ្លួនឲ្យស្ងប់ស្ងៀមបន្ទាប់ពីមានការចាប់ខ្លួនមន្ត្រីម្នាក់ដោយ ACU

ក្រសួង​ការ​បរទេស​កម្ពុជា​អំពា​វនាវឲ្យ​មន្ត្រីរបស់​ខ្លួន ​កុំ​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះការ​ចាប់​ខ្លួនមន្ត្រី​របស់​ក្រ​សួង​មួយ​នេះ​ ដោយ​អង្គភាពប្រ​ឆាំង​អំពើ​ពុករលួយ (ACU) កាលពីថ្ងៃទី៣១ខែមីនា។

ក្នុង​សេចក្តីប្រ​កាសព័ត៌មាននៅថ្ងៃដដែលនោះ ក្រ​សួង​ការបទេសសរសេរថា អង្គភាព​ប្រ​ឆាំងអំពើពុករលួយ បាន​ចាប់ខ្លួន​មន្ត្រីក្រ​សួង​នេះ​មួយ​រូប តែមិនប្រាប់ឈ្មោះ ដោយក្រ​សួងនេះ​ថាមន្រ្តីនោះបាន​ទទួល​លុយពី​ក្រុមហ៊ុនបរទទេសដើម្បី​ប្រ​ថាប់ត្រាលើក​ឯកសារ ដែល​មិនពាក់​ព័ន្ធនឹងក្រ​សួង​ការបរទេស។

ក្រសួង​សរសេរទៀតថា៖ “សូមឯកឧត្តម ​លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ រក្សា​ភាព​ស្ងប់ស្ងាត់ និងបន្តបន្តការងាររបស់​ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់”

ក្រសួង​ការ​បរទេស​កម្ពុជា អះអាងថា អង្គភាពប្រឆាំងអំពើពុករលួយ ​មាន​ភស្តុតាងច្បាស់លាស់មុន​នឹងមានការចាប់ខ្លួនមន្រ្តីរូបនោះ។

វីអូឌីមិន​ទាន់អាច​សុំការបញ្ជាក់បន្ថែម​ពី​ប្រ​ធាន​អង្គភាពប្រឆាំងអំពើពុក​រលួយ លោក ឱម យ៉ិន​ទៀង បាននៅ​ឡើយទេ ដោយ​ទូរស័ព្ទចូលតែគ្មាន​អ្នកទទួល។

នាយកប្រ​តិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សាទរចំពោះវិធានការរបស់​អង្គភាពប្រឆាំងអំពើពុកនេះ ហើយ​លោកថា អង្គភាពនេះ​នៅ​មាន​ការងារ​ច្រើនទៀត​ទាក់ទង​នឹង​សំណុំ​រឿងប្រហាក់ប្រ​ហែលគ្នានេះ​ ដោយ​លោកថា ករណីពុករលួយនេះនៅមានច្រើនទៀតនៅកម្ពុជា។

លោកបន្ថែមថា៖ “មន្ត្រី​គ្រប់​ឋានៈ គ្រប់ក្រសួង​ស្ថាប័នណា​ដែលប្រ​ព្រឹត្តិខុស ហើយមានភស្តុតាងគ្រប់គ្រាន់ត្រូវ​ទទួល​ទោស ហើយ​យើងរង់ចាំមើល​ករណីស៊ើបអង្កេតសំណុំរឿងនេះបន្តទៀត…ខ្ញុំ​ថា​ករណីស្រដៀងគ្នានេះមាន​ច្រើនណាស់នៅកម្ពុជា”

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ