អតីតអភិបាលខេត្តតាកែវបដិសេធថា​មិនបានសម្លាប់​ស្រី​កំណាន់​របស់​ខ្លួន

រូបភាព៖ លោក ឡាយ វណ្ណៈ(ហ្វេសប៊ុក)

អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​បដិសេធ​ថា លោក​​មិន​បានសម្លាប់​ស្រី​កំណាន់​របស់​ខ្លួន​នោះ​ឡើយ បន្ទាប់​ពី​បង​ប្រុស​របស់​លោក ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន។

លោក ឡាយ ណារិទ្ធ ដែល​ជា​បង​ប្រុស​របស់​លោក ឡាយ វណ្ណៈ និង​ជា​ស្នងការ​រង​នគរបាល​ខេត្ត​នេះ​ផង​ដែរ​នោះ និង​​មនុស្ស ៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន និង​បញ្ជូន​​ខ្លួន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​ទៅ​លើ​ស្ត្រី​ម្នាក់​កាល​ពី​ខែ​មករា​កន្លង​មក។

នៅ​លើ​ទំព័រ​ហ្វេសប៊ុល​របស់​លោក​កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បាន​សារភាព​ថា លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​អ្នក​នាង ចែវ សុវឌ្ឍនា រយៈ​ពេល​មួយ​ឆ្នាំ​មក​ហើយ មុន​នឹង​លោក​សុំ​ផ្ដាច់​ទំនាក់​ទំនង​នេះ​ទៅ​វិញ ប៉ុន្តែ លោក​ថា នាង​មិន​ព្រម ហើយ​ក៏​ធ្វើ​អត្តឃាត​ខ្លួន​ឯង។

ទោះជាយ៉ាងណា លោក ឡាយ វណ្ណៈ បាន​រៀបរាប់​បន្ត​ថា លោក និង​បង​ប្រុស​របស់​លោក មិន​បាន​សម្លាប់​ស្ត្រី​រូប​នោះ​ឡើយ ដោយ​ថា លោក និង​បង​ប្រុស​របស់​លោក ពុំ​មាន​ចិត្តបាប​​នោះ​ឡើយ។

លោក ឡាយ វណ្ណៈ រៀបរាប់​ថា​៖ «ខ្ញុំ​សូម​បដិសេធ​ទាំង​ស្រុង​នូវ​រាល់​ការ​ចោទ​ប្រកាន់​ដែល​ថា រូប​ខ្ញុំ និង​បង​ប្រុស​ខ្ញុំ បាន​សម្លាប់​ប្អូន​ស្រី ចេវ សុវឌ្ឍនា។ ខ្ញុំ និង​បង​ប្រុស​ខ្ញុំ ពុំ​មាន​ចិត្ត​បាប​សហាវ​ព្រៃ​ផ្សៃ​សម្លាប់​គាត់​ទេ»។

លោក ឡាយ វណ្ណៈ ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន សម្រេច​ដក​ហូត​តំណែង​ពី​អភិបាល​ខេត្ត​តាកែវ និង​ផ្ទេរ​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្ដី​ការ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ។

អតីត​អភិបាល​ខេត្ត​រូប​នេះ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្លាស់​ប្ដូរ​ចេញតែ​ ២​​ខែ​ក្រោយ​ពី​អ្នកស្រី ចេវ សុវឌ្ឍនា ត្រូវ​បាន​ប្រទះ​ឃើញ​ចង​ក​ស្លាប់​នៅ​ក្នុង​ផ្ទះ​នៅ​ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ