តុលាការ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អតីត​អភិបាល​ខេត្ត​តាកែវ​​ជុំ​វិញឃាតកម្ម​លើ​ស្រី​កំណាន់

លោក ឡាយ វណ្ណៈ និង អ្នក​ស្រី ចេវ សុវឌ្ឍនា កាលពីពេលកន្លងទៅ (រូបភាព៖ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ)

ទីបំផុត​ទៅ តុលាការ​បាន​សម្រេច​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​អតីត​អភិបាល​ខេត្ត​តាកែវ លោក ឡាយ វណ្ណៈ ហើយ​នៅ​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​ស្ត្រី​ម្នាក់។

ក្នុង​ដីកា​បញ្ជា​ចេញ​នៅ​ថ្ងៃ​នេះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សៀង សុខ បាន​បញ្ជា​ទៅ​សមត្ថកិច្ច​ឲ្យ​នាំ​ខ្លួន​លោក ឡាយ វណ្ណៈ ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​ នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

លោក ឡាយ វណ្ណៈ ដែល​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដក​ពី​តំណែង​ជា​អភិបាល​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា​នោះ ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​សអ្នក​ស្រី ចេវ សុវឌ្ឍនា ដែល​ត្រូវបាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ឯ​ក្រុង​ដូនកែវ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា​កន្លង​មក។

សារព័ត៌មាន Fresh News បាន​ចុះ​ផ្សាយ​ថា អតីត​អភិបាល​ខេត្ត​តាកែវ​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ​នៅ​ម៉ោង ៣​កន្លះ រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ពិធី​ផ្ទេរ​មុខ​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​តាកែវ ទៅ​ឲ្យ​អភិបាល​ខេត្ត​តាកែវ​ថ្មី។

លោក ឡាយ វណ្ណៈ ត្រូវ​បាន​សង្ស័យ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លើ​ស្ត្រី​ខាង​លើ បន្ទាប់​ពី​បង​ប្រុស​របស់​លោក គឺ ​លោក ឡាយ ណារិទ្ធ ដែល​ជា​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ​ផង​នោះ និង​មនុស្ស ៣​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ស៊ើប​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អតីត​អភិបាល​ខេត្ត​តាកែវ​រូប​នេះ បាន​បដិសេធ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​ និង​បង​ប្រុស​របស់​លោក មិន​បាន​សម្លាប់​អ្នកស្រី ចេវ សុវឌ្ឍនា ឡើយ ប៉ុន្តែ បានសារភាព​ថា លោក​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ស្ត្រី​រូប​នេះ​អស់​រយៈ​ពេល ១​ឆ្នាំ​មក​ហើយ។

អ្នកស្រី ចេវ សុវឌ្ឍនា អាយុ ៣៦​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ឯ​ក្រុង​ដូនកែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ហើយ​របាយការណ៍​នគរបាល​ខេត្ត​តាកែវ សន្និដ្ឋាន​​កាល​ពី​ដំបូង​ថា ស្ត្រី​រូបនេះ​បាន​ចង​ក​សម្លាប់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ