លោក ហ៊ុន សែន ថា​បក្ស​ប្រឆាំង”​បោក​ព្រះមហាក្សត្រ”​រឿងកម្តៅ​នយោបាយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះបានថ្លែងថាបក្សប្រឆាំងកំពុងតែ”បោក”ព្រះមហាក្សត្រពីកម្តៅនយោបាយនៅកម្ពុជា ដោយលោកបានថ្លែងថានយោបាយនៅកម្ពុជាមិនជួបវិបត្តិដូចបក្សប្រឆាំងរាយការណ៍ទៅព្រះមហាក្សត្រនោះទេ។

កាលពីថ្ងៃទី២៨ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ៥៣រូបក្នុងចំណោម៥៥រូប បានដាក់លិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រនរោត្តម សីហមុនី ដោយបានទូលថ្វាយពីស្ថានការណ៍នយោបាយនៅកម្ពុជានិងស្នើសុំព្រះរាជអន្តរាគមន៍ឲ្យបន្ថយកម្តៅនយោបាយ។

ក្នុងពិធីសួរសុខទុក្ខនិងសំណេះសំណាលជាមួយកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរសាទរក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា លោក ហ៊ុន សែន បានថ្លែងថានយោបាយនៅកម្ពុជាមិនមានវិបត្តិដូចបក្សប្រឆាំងលើកឡើងនោះទេ។ លោកថ្លែងដោយមិនបញ្ចេញឈ្មោះ តែទំនងសំដៅលើលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិថាមេបក្សប្រឆាំងកំពុងតែដើរលេងនៅក្រៅប្រទេស មិនមែនជួបវិបត្តិនោះទេ។ លោកមានប្រសាសន៍ថា៖ “បោកប្រជាពលរដ្ឋមិនគ្រប់គ្រាន់ទេ ទៅបោកព្រះមហាក្សត្រទៀត”។ លោកបន្តថាព្រះមហាក្សត្រក៏បានដឹងពីស្ថានការជាក់ស្តែងនៅកម្ពុជាផងដែរ។

ក្នុងលិខិតដាក់ថ្វាយព្រះមហាក្សត្រ តំណាងរាស្រ្តបក្សប្រឆាំងបានលើកឡើងថានាពេលថ្មីៗនេះ មានការចាប់ខ្លួនអ្នកនយោបាយ សកម្មជនការពារបរិស្ថាន សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្តនិងមានការរឹតត្បិតអង្គការសង្គមស៊ីវិលនិងសហជីពតាមរយៈច្បាប់អង្គការ ការគំរាមកំហែងមន្រ្តីសង្គមស៊ីវិលនិងអ្នកវិភាគមួយចំនួន។ គណបក្សចាត់ទុកថាករណីទាំងនេះបណ្តាលឲ្យស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្នមាន”សភាពកាន់តែធ្ងន់ធ្ងរទៅៗដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋ ដែលធានាដោយរដ្ឋម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា”

តំណាងរាស្រ្តបក្សប្រឆាំងបញ្ជាក់ថា៖ “ស្ថានការណ៍ដុនដាបពេលនេះ បើគ្មានដំណោះស្រាយទាន់ពេលវេលានោះទេ នឹងធ្វើឲ្យប្រទេសកម្ពុជាដើរថយក្រោយវិលទៅរកអតីតកាលជាមិនខាន ដោយសារស្ថាប័នជាតិកំពូលៗដូចជាស្ថាប័នសភា ស្ថាប័នតុលាការនិងស្ថាប័នរដ្ឋមួយចំនួនមានដំណើរការមិនប្រក្រតីនិងបាត់បង់ឯករាជ្យភាពរបស់ខ្លួន…”

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីបក្សប្រឆាំងបានភ្លាមៗនៅឡើយទេ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ប្រាប់វីអូឌីថាគណបក្សប្រជាជនកម្ពុជានឹងមិនចរចាជាមួយគណបក្សសង្រ្គោះជាតិ រឿងការដោះលែងមនុស្សនោះទេ។ លោកចាត់ទុកថាការចាប់ខ្លួនសកម្មជនបក្សប្រឆាំងតំណាងរាស្រ្តជារឿងរបស់តុលាការ។ លោកបញ្ជាក់ថាកន្លងទៅ បក្សប្រឆាំងតែងប្រើវប្បធម៌សន្ទនា ដើម្បីសុំដោះលែងមនុស្សដែលជាប់ពន្ធនាគារ។

គួររំឭកថាកាលពីថ្ងៃទី២២ ខែមេសា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិប្រមាណ៤០រូប បានដាក់លិខិតមួយថ្វាយព្រះមហាក្សត្រ សុំឲ្យព្រះអង្គព្រះរាជអន្តរាគមន៍ ករណីចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរឿងប្រើប្រាស់ផែនទីក្លែងក្លាយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានអះអាងថាការចាប់ខ្លួនលោក អ៊ុំ សំអាន ត្រឹមត្រូវតាមនីតិវិធីច្បាប់ចំពោះករណីព្រហ្មទណ្ឌជាក់ស្តែង ដោយថាតំណាងរាស្រ្តរូបនោះបានញុះញង់បង្កឲ្យមានភាពស្មុគស្មាញនិងមានជម្លោះជាមួយប្រទេសជិតខាង។

លោក សម រង្ស៊ី កំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចពីការចាប់ខ្លួន។ ចំណែកលោក កឹម សុខា កំពុងប្រឈមនឹងពាក្យបណ្តឹងមួយចំនួន ទាក់ទងនឹងសំឡេងខ្សែអាត់ដែលគេចោទថាបានសន្ទនាជាមួយស្រីកំណាន់ ហើយលោកអាចប្រឈមនឹងការចាប់ខ្លួនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ