ស្វែង សុជាតា ​​ត្រៀមខ្លួនថត​រឿង​ហូលីវូដ​ថ្មី

អ្នកនាង​ ស្វែង សុជាតា (វង្ស សុម៉ាលីន)

ក្រោយពី​​បានតំណែង​ជា​តារា​ហូលីវូដ​ក្នុង​រឿង ​​«​មុន​​​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​​​​​​​ប៉ាខ្ញុំ» ​អ្នកនាង​ ស្វែង​​ សុជាតា ​បានអះអាង​ថា​ អ្នកនាង​នឹង​ទទួល​បាន​ឱកាស​ចេញ​ថត​​មួយរឿង​ទៀត​របស់​ហូលីវូដ ​ដោយការសម្ដែង​លើកក្រោយ​នេះ ​គឺសម្ដែងជាមួយ​តារា​បរទេសតែម្ដង។ អ៊ីចឹង​ហើយទើបអ្នកនាង​បញ្ជាក់ថា ​​ទោះ​ត្រូវស្វាមី​​វាយ​ដំ និងធ្វើ​បាបរហូត​​ចង់បាក់ស្បាត​​​ ក៏អ្នកនាង​មិន​​​​​ទន់ជ្រាយនោះ​ដែរ គឺ​ត្រូវតែខំ​ប្រឹង​ក្រោកឈរ ​ដោយគ្រោង​​​​ទៅ​ហ្វឹកហាត់​​ក្បាច់គុន ​និង​បាញ់​កាំភ្លើង​ជា​ដើម ​ដើម្បី​​​​​ឲ្យត្រូវ​​​​នឹង​ការ​ចង់​បាន​របស់​ផលិតករ​​​ហូលីវូដ​ដែល​​ជ្រើស​​​រើស​នាង​ជា​តួសម្ដែង។

អ្នកនាង​និយាយថា​មកទល់​ពេល​នេះ អ្នកនាង​​​​មិន​​ទាន់​បានដំណឹង​​​ពី​រឿង​​​​​​​​​ចាប់​បាន​ស្វាមី​​ជា​គ្រូ​​ឱសថ​បុរាណដែល​នាង​ដាក់​បណ្ដឹង​ពី​បទ​​ហិង្សា និងគំរាម​សម្លាប់​​​នៅ​ឡើយទេ ដោយសារតែ​​​ខាងមន្ត្រី​សមត្ថកិច្ច​​បាន​​​ឆ្លើយ​ប្រាប់​អ្នកនាង​ថា​​ ដរាប​ណា​មិនមានដីកាពីតុលាការ គឺ​​​​​​​​ប៉ូលិស មិនអាច​ប្រើសិទ្ធិ​តាម​ចាប់​​​​​បុគ្គលឈ្មោះ ថោង សុខុម ដែល​អ្នក​នាង​បានដាក់បណ្ដឹង​​បាន។

អ្នកនាងថា ​អតីត​ស្វាមី​ក្មេង​របស់ខ្លួន​បានរត់គេច​ទៅ​ខេត្ត​សៀម​រាប ​​​ហើយអ្នកនាង​ក៏មិនដឹងថា​​​​នឹង​​អាច​ចាប់​យក​បុរស​ម្នាក់​នោះ​មកដាក់​គុក​តាមការ​ចង់​បាន​​​អោយសម​នឹង​កំហឹង​របស់ខ្លួន ឬ​យ៉ាងណានោះទេ ​​ក្នុង​ពេលដែល​អ្នកនាង​ក៏លែងចង់ខ្វល់​​ដើម្បី​​​​យក​​ពេល​ទៅ​​​គិត​រឿង​​ការងារ​ថ្មី​​​​ដែល​ត្រូវ​សម្ដែង​ជាមួយ​ផលិតករ​​​ហូលីវូដ​។

អ្នកនាង​និយាយថា​​«​​ខ្ញុំ​នៅតែ​ចង់​អោយវា​​​ (​ប្ដីក្មេង​) ជាប់គុក ព្រោះ​វា​គំរាម​សម្លាប់ខ្ញុំ និង​ប្រើ​​ហិង្សា​លើ​ខ្ញុំច្រើន​ណាស់​​​មុន​ពេល​រត់​គេច ប៉ុន្តែ​​​ខ្ញុំក៏ត្រូវ​ខ្វល់​ពីការ​ងារ​សិនដែរ តែ​ចឹង​​ងាប់​​អត់​លុយ​​ចិញ្ចឹម​កូនទេ​!»

អ្នកនា​ងថា ​ក្រោយ​ពី​បានថត​ចប់​​​​ភាព​​យន្តជាមួយ​លោកស្រី​ជូលី ​គឺ​អ្នកនាង​ក៏មាន​​​​​​​​​​អ្នករកទីផ្សារ​មួយរូបនៅ​ខាង​ក្រុម​ហ៊ុន​​​​ហូលីវូដ ដើម្បីឲ្យអ្នកនាង​បានថត​រឿង​ថ្មី។ អ្នកនាង​បដិសេធ​មិន​ប្រាប់​​លម្អិត​ពី​ភាពយន្ត​នោះទេ ដោយ​​អ្នកនាង​បញ្ជាក់ថា​រង់ចាំឲ្យ​ការ​​​ចចារ​មានភាព​ច្បាស់លាស់​សិនទើប​អ្នកនាង​​បញ្ចេញ​​​​​​ប្រាប់​។ ​អ្នកនាងថា ​​ក្នុងភាព​យន្ត​ថ្មី ​នឹង​តម្រូវឲ្យអ្នកនាង​ចេះ​​​ក្បាច់គុន​តៃ​ក្វាន់ដូ ​ល្បុកតោ ​​​​និង​បាញ់​កាំភ្លើង ​ទើបអ្នកនាង​​​ប្រកាសពីការ​​​ចេញទៅ​ហ្វឹកហាត់​​ក្បាច់គុន​ទាំង​នោះ​​​​ក្នុង​ប៉ុន្មានថ្ងៃ​ទៀត ​ដើម្បី​ឲ្យពេល​ផលិតករ​​​​ហូលីវូដ​​​ចុះ​​​មក​ធ្វើ​តេស្ត​ជាមួយ​អ្នកនាង​ដោយ​ផ្ទាល់ ​​គឺ​អ្នកនាង​នឹង​មាន​ទុន​ក្នុងដៃ។

អ្នកនាងថា​​​​​នឹង​ចាប់​តំណែង​ថ្មីមិនឲ្យរបូតទេ ដោយសារតែ​​​​​ការ​ចេញថត​រឿង​នោះ តម្លៃ​ខ្លួន​របស់​អ្នកនាង​ក៏ខ្ពស់មិនធម្មតា​។ អ្នកនាង​ថា​​​​អ្នក​រកទីផ្សារ​​​​​​អោយ​អ្នកនាង​​ដើម្បី​​បានថត​ក្នុង​រឿង​​​ហូលីវូដ​ថ្មី​នោះ  បាន​ប្រាប់​អ្នកនាង​ថា​​​​​​​​​​តម្លៃ​ខ្លួន​​អ្នកនាង​នឹងអាច​ល្អជាង​​​​​​​​រឿង​មុន ​ដោយ​ការ​ថត​​​​ក្រោយពីម៉ោង​​​៥​ល្ងាច​​នឹង​ត្រូវគិត​​​លុយ​ជា​នាទី​តែ​ម្ដង។ ​

ឆ្លើយ​តប​នឹង​ព័ត៌មាន​ថា ​អ្នកនាង​ទទួល​បានតម្លៃ​ខ្លួន​ពីអ្នកនាង​អែនជីលីណាជូលី​​​​​​​​​មិនតិច​ជាង​១២​ម៉ឺន​ដុល្លារ​សម្រាប់​ការ​ថត​រឿង​​ហូលីវូដ​លើកទី​​១ អ្នកនាង​ប្រាប់​​ថា​​​​​សុំ​លាក់។ យ៉ាងណាមិញ​អ្នកនាង​​​ថាក្រោយ​ពី​ថត​ចប់មួយរឿង​នោះជាមួយលោកស្រី​អែនជីលីណាជូលី គឺអ្នកនាង​មាន​ប្រាក់​​ទិញ​ផ្ទះ​មួយ​ល្វែង​​បង់រំលោះ​​នៅ​បុរី​​​ប៉េង​ហួត​​​ផ្លូវជា​សុផារ៉ា ​បើទោះជា​​បានអះអាងថា​​ស្វាមី​ក្មេង​​​​​​​​យក​លុយទៅ​បំផ្លាញ​​​អស់​​ប្រមាណ​​ជាង​​២​ម៉ឺន​ដុល្លារ​អោយ​ស្រី​ក្រោយ និង​​​យក​អស់​ច្រើន​​ពាន់​ដុល្លារ​ទិញ​ម៉ូតូថ្មី និង​ជួយ​​​ដល់​គ្រួសាររបស់​លោក​​នៅ​ខេត្ត​ស្វាយរៀង។ អ្នកនាង​​រំពឹង​ថា​ទទួល​បាន​តម្លៃ​ខ្លួនខ្ពស់សម្រាប់​ការសម្ដែង​ក្នុង​​​​ភាព​យន្ត​ហូលីវូដ​ថ្មី ​​​​ប៉ុន្តែ​អ្នកនាង​ក៏មិនដឹង​ច្បាស់ថា​​​បាន​សម្ដែង​ជា​តួ​ច្រើន​ប្លង់​​ក្នុង​ភាព​យន្ត ឬ​ជា​តួ​កម្រិត​ណា​នៅឡើយទេ ក្នុង​ពេល​​ដែល​ភាពយន្ត​​ថ្មី​នោះ​ អ្នកនាង​ក៏​មិន​ទាន់​ដឹង​ថា​ជា​ភាពយន្ត​ដែល​និយាយ​ពីកម្ពុជា​ដូច​មុន ឬ​និយាយ​ពី​​ប្រទេ​ស​ណា​មួយ​នៅឡើយ។

អ្នកនាង​និយាយថា​​​ខាង​អ្នកជួយ​​ស្វែង​រកទីផ្សារ​នៅ​ហូលីវូដ​អោយខ្លួន​​ បាន​ប្រាប់​អ្នកនាង​ថា​​​អ្នកនាង​បាន​ជាប់​​ជា​​​តួ​មួយរូបក្នុងចំណោម​​តួ​អង្គសំខាន់​នៅ​ក្នុង​រឿង​នោះ ​ទើបតម្រូវអោយ​​អោយ​​​អ្នកនាង​ទៅ​ហ្វឹកហាត់​បន្ថែម​នូវ​ក្បាច់គុន​​តៃ​ក្វាន់ដូ  ​បាញ់កាំភ្លើង និង​​ល្បុកតោ ​​​​​​​​​​​​ដោយសារតែ​​​​​​​ការសម្ដែង​នោះ​គឺ​​​មាន​​ប្លង់​​វាយ​តប់ និង​បាញ់​បោះ​​​​​​​​​​​​​​ផង​។ ​​

​អ្នកនាង​ ស្វែង សុជាតា និយាយថា​សប្បាយចិត្ត​ដែល​បានទទួល​ឱកាស​ថត​រឿង​​ហូលីវូដទី២ តែ​អ្នកនាង​ក៏​នៅតែ​ភ័យ​បារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ ដរាបណាស្វាមី​ក្មេង​​​​ស្ថិត​នៅ​​​ក្រៅ​ឃុំ​​​​​​​​​ក្រោយពី​អ្នកនាង​ដាក់​បណ្ដឹង​។ អ្នកនាង​ថា​ខ្លួន​មិនមា​នអេតាស៊ីវិលជាមួយ​លោក​ថោង សុខុម​នោះទេ ប៉ុន្តែ​អ្នកនាង​នឹង​ដាក់​​បណ្ដឹង​ទៅកាន់​តុលាការ ដើម្បីការ​ពារ​សុវត្ថិភាពរបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ពេល​​​​លោកថោង សុខុម ចង់​​​មាន​បំណង​អាក្រក់​​​​​​​​ណា​មួយ។ អ្នកនាង​ថា​​​​ខ្លួននៅតែ​ខ្លាច​​រឿង​​ប្ដឹង​ក្មេង​ធ្វើ​បាប ដោយសារតែ​លោក​ក្រៅ​ពី​​​​​​​បាន​បោះ​ពាក្យថា​មិនអោយ​អ្នកនាង​បាន​សុខ​​មុនពេល​ចេញទៅ  ​លោកក៏​ចេះ​ធ្វើ​​មន្ត​អាគមខ្មៅ​​តាមរយៈ​អំពើ​​​​ផ្សេង​ៗ​​ផងដែរ។

​យ៉ាងណាមិញ ​​​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ​​គេនៅតែមិន​ទាន់​បានទទួល​ចម្លើយ​តបណា​មួយពីលោក​ថោង សុខុម ​​​​អតីត​​ប្ដី​ក្រោយរបស់អ្នកនាង​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ