ក្រុមមេធាវីស្នើតុលាការបញ្ឈប់តាមចាប់ខ្លួនលោក កឹម សុខា

ក្រុមមេធាវីការពារក្តីឲ្យមេដឹកនាំបក្សប្រឆាំងមួយរូបទាមទារឲ្យតុលាការបញ្ឈប់ដំណើការនីតិវិធីលើសំណុំរឿងព្រហ្មទណ្ឌតាមចាប់ លោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភា ដោយអះអាងថានីតិវិធីនោះបានរំលោភបំពានធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញ។

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ថាមានបទល្មើសជាក់ស្តែងតាមមាត្រា៥៣៨នៃក្រុមព្រហ្មទណ្ឌនិងតាមមាត្រា៨៦នៃក្រុមនីតិវិធីព្រហ្មទណ្ឌ ខណៈលោកមិនបានចូលទៅបំភ្លឺនៅតុលាការចំនួនពីរលើកតាមដីកាកោះហៅអំឡុងខែឧសភាទាក់ទិននឹងសំណុំរឿងស្នេហា។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី៣០ខែឧសភាផ្ញើទៅកាន់ប្រធានសាលាដំបូងរាជធានីភ្នំពេញ មេធាវីទាំង៥រូបមានលោក សំ សុគង់ លោក ចាន់ ចេន និងលោក ហែម សុជាតិ ផងនោះបានសរសេរថា ការដែលតំណាងអយ្យការព្យាយាមបញ្ចូលករណីកូនក្តីពួកគេទៅក្នុងមាត្រា៥៣៨និងមាត្រា៨៦ ដើម្បីបើកផ្លូវអាជ្ញាធរអាចចាប់ខ្លួនលោក កឹម សុខា បាននោះ ក្រុមមេធាវីថាធ្វើឡើងខុសនីតិវិធីច្បាប់ រំលោករដ្ឋធម្មនុញ្ញ និងរំលោភអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រ។

ក្រុមមេធាវីដដែលបានព្យាយាមពន្យល់តាមផ្លូវច្បាប់ថាកាលពីថ្ងៃទី២៤ ខែឧសភា ក្រុមមេធាវីបានផ្ញើលិខិតទៅតំណាងអយ្យការពីមូលហេតុដែលលោក កឹម សុខា មិនព្រមចូលទៅបំភ្លឺនោះ ព្រោះតែលោកមានអភ័យឯកសិទ្ធិ។ ករណីនេះក្រុមមេធាវីថាព្រះរាជអាជ្ញាមិនអាចចោទកូនក្តីពួកគេតាមមាត្រា៥៣៨បានទេ។

ម្យាងវិញទៀតក្រុមមេធាវីបានលើកយកបទល្មើសជាក់ស្តែងដែលមានចែងក្នុងមាត្រា៨៦នៃក្រុមនីតិវិធីព្រហ្មទណ្ឌមកបញ្ជាក់ថាបទល្មើសដែលកំពុងប្រព្រឹត្តទើបប្រព្រឹត្តរួចភ្លាមៗ ជនដែលគេសង្ស័យត្រូវបានសាធារណៈជនស្រែកដេញប្រផាប់ចាប់ប្រភីង បុគ្គលដែលគេរកឃើញមានវត្ថុឬមានស្លាកស្នាមឬតម្រុយច្បាស់លាស់ហើយស៊ីសង្វាក់ផ្សេងទៀតដែលនាំឲ្យគេសន្និដ្ឋានថាបុគ្គលនោះបានប្រព្រឹត្តឬបានចូលរួមប្រព្រឹត្តបទល្មើស។

លិខិតនោះបញ្ជាក់ទៀតថា បទល្មើសជាក់ស្តែងមន្ត្រីនគរបាលយុត្តិធម៌ឬជនណាក៏ដោយ មានសិទ្ធិចាប់ជនល្មើសនៅនឹងកន្លែងប្រព្រឹត្តបទល្មើសឬក៏ដេញប្រផាប់ចាប់ប្រភីងនិងមានភស្តុតាង ភាពចាំបាច់រក្សាភស្តុតាងកុំឲ្យបាត់ការពារកន្លែងប្រព្រឹត្ត។

ក្រុមមេធាវីអះអាង ករណីលោក កឹម សុខា តំណាងអយ្យការមិនអាចធ្វើដីកាសន្និដ្ឋានបញ្ចូលរឿងទៅចៅក្រមស៊ើបសួរដោយចោទថាមានបទល្មើសជាក់ស្តែងបានទេ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក សួស វិទ្យារ៉ាន់ឌី សុំមិនធ្វើអត្ថាធិប្បាយដោយលោកអះអាងថា មិនទាន់ទទួលបានព័ត៌មានលម្អិត។

ប៉ុន្តែមេធាវីមួយរូបគឺលោក ហែម សុជាតិ ដែលការពារក្តីឲ្យលោក កឹម សុខា បានអះអាងថាពួកលោកកំពុងសិក្សាផ្លូវច្បាប់បន្ថែមទៀត ដែលលោកថាធ្វើយ៉ាងណាជំរុញឲ្យរដ្ឋសភានិងតុលាការប្រើយន្តការច្បាប់ជាធំ។

លោកថា៖ “សំខាន់ជំហានទី១ក្រុមមេធាវីកំពុងជួបជុំគ្នាដើម្បីពិភាក្សារកដំណោះស្រាយតាមផ្លូវច្បាប់

តាមលិខិតចុះថ្ងៃទី២៤ ខែឧសភា ក្រុមមេធាវិបានអះអាងថាតាមក្រមនីតិវិធីព្រហ្មទណ្ឌ ព្រះរាជអាជ្ញាមិនត្រូវបានផ្តល់សិទ្ធិអំណាចណាមួយបង្ខំឲ្យសាក្សីឲ្យចូលបំភ្លឺដោយខានមិនបាននោះទេ។

ពួកគេថាដំណាក់កាលស៊ើបអង្កេតបឋមដូចសំនុំរឿងដែលតុលាការកំពុងដំណើការនីតិវិធីនេះ តំណាងអយ្យការមិនមានសិទ្ធិអំណាចណាមួយដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌឲ្យប្រើប្រាស់កំលាំងសាធារណៈ ដើម្បីបង្ខំកូនក្តីពួកគេគឺលោក កឹម សុខា ឲ្យចូលបង្ហាញខ្លួនឬនាំខ្លួនបានទេ។

ចំណែកឯការមិនចូលទៅបង្ហាញខ្លួននៅតុលាការតាមដីកាកោះ មេធាវីថាកូនក្តីពួកគេជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា ចង់ជំរុញឲ្យការអនុវត្តច្បាប់គោរពតាមរដ្ឋធម្មនុញ្ញ។

លោកមេធាវី សុក សំអឿន ធ្លាប់លើកឡើងថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភាមិនត្រូវស្ថាប័នណាមួយរំលោភបានទេ បើតំណាងរាស្ត្រនោះមិនបានធ្វើខុសដូចមានចែងនៅក្នុងច្បាប់នោះ។

លោកមេធាវី សុក សំអឿន បានលើកយកឧទារណ៍ករណីសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមមកពន្យល់ថា នៅពេលមេធាវីការពារជនជាប់ចោទទាមទារឲ្យតុលាការកូនកាត់មួយនេះកោះហៅមេដឹកនាំសំខាន់មួយចំនួនរបស់គណបក្សប្រជាជនកម្ពុជាលោកធ្វើជាសាក្សី លោកថាពេលនោះមន្ត្រីសាលាក្តីខ្មែរក្រហមមិនបានចាត់វិធានការទៅលើមេដឹកនាំទាំងនោះ ដោយសាតែពួកគេមានអភ័យឯកសិទ្ធិសភា។

លោកថា៖ “យើងឃើញអនុវត្តកន្លងមកដូវ អ វ ត ក(សាលាក្តីខ្មែរក្រហម)ធ្លាប់អញ្ចឹងវីរៈជនធំៗនោះ ដូចជាកាលហ្នឹងសម្តេចជាស៊ីមនៅរស់ សម្តេច ហេង សំរិន អីនោះ ហើយវីរៈជនទំាងនោះមានបានចូលទៅធ្វើជាសាក្សីនៅ អវតក ឯណា។ ហើយ អវតក ក៏អត់មានវិធានការអី និយាយរួមទៅរដ្ឋាភិបាលការពារដោយគិតថា គាត់មានអភ័យឯកសិទ្ធិ

មេធាវីការពារក្តីឲ្យលោក កឹម សុខា ក៏បានលើកយកករណីសាលាក្តីខ្មែរក្រហមដែលសហព្រះរាជអាជ្ញានៃសាលាក្តីកូនកាន់មួយនេះធ្លាប់បានចេញដីកាកោះហៅឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាមួយចំនួនមានលោក ជា ស៊ីម លោក ហោ ណាំហុង លោក គាត ឈន់ លោក ស៊ីម កា និងលោក ហេង សំរិន ផងដែរ ឲ្យចូលធ្វើជាសាក្សីក្នុងសំណុំរឿង០០២ ទាក់ទិនបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋប្រល័យពូជសាសន៍ និងបទឧក្រិដ្ឋកម្មសង្គ្រាម។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដែលសហព្រះរាជអាជ្ញាកោះហៅពេលនោះមិនបានចូលទៅបង្ហាញខ្លួននៅសាលាក្តីខ្មែរក្រហមទេ។ បើតាមលិខិតដដែលបញ្ជាក់ថាអ្នកទាំងនោះត្រូវបានការពារដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអះអាងថាពួកគេមានអភ័យឯកសិទ្ធិសភា។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថា តំណាងរាស្ត្រមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្ររូបណាក៏ដោយមិនអាចត្រូវបានចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬឃុំខ្លួន ដោយហេតុពីបានសំដែងមតិយោបល់ឬបញ្ចេញមតិក្នុងការបំពេញមុខងាររបស់ខ្លួនសោះឡើយ។

ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួន ឬការឃុំខ្លួនសមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះណាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មមទណ្ឌជាក់ស្តែង។

ក្នុងករណីខាងក្រោមនេះ ក្រសួងមានសមត្ថកិច្ចត្រូវធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភាឬជូនគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាជាបន្ទាន់ដើម្បីសម្រេច។ មាត្រនោះចែងទៀតថា សេចក្តីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល។

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូបគឺលោក ស៊ឺន ស៊ូប៊ែរ្តិ៍ ធ្លាប់បង្ហាញពីការព្រួយបារម្ភទៅលើកការអនុវត្តច្បាប់នៅកម្ពុជាដោយលោកអះអាងថាតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាត្រូវបានគេចោទប្រកាន់និងចាប់ឃុំខ្លួនតាមការបកស្រាយមិនអនុឡោមតាមច្បាប់។

លោក ស៊ឺន ស៊ូប៊ែរ្តិ៍ យល់ថាការអនុវត្តច្បាប់បច្ចុប្បនេះបានរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធរ លោកជំរុញឲ្យដាក់ពាក្យប្តឹងករណីនេះទៅព្រះមហាក្សត្រ ទៅប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ជំរុញឲ្យក្រុមប្រឹក្សាធម្មនុញ្ញធ្វើការបកស្រាយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ