ស្ថាប័នមួយចំនួនអំពាវនាវតគ្នាឲ្យធ្វើបាតុកម្មប្រឆាំងនឹងការចាប់ខ្លួន លោក កឹម សុខា

ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ថ្លែង​ក្នុង​ពេលដឹកនាំ​ប្រជុំ​នៅទីស្តីការគណបក្ស​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ(រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខា​)

ស្ថាប័នមួយចំនួនដែលគេឃើញថាមានទំនោរគាំទ្រគណបក្សប្រឆាំង បានអំពាវនាវជាបន្តបន្ទាប់ឲ្យមហាជនចូលរួមធ្វើមហាបាតុកម្មអហិង្សា ប្រសិនបើមានការចាប់ខ្លួន លោក កឹម សុខា ពីសំណាក់រដ្ឋាភិបាល។

សេចក្តីអំពាវនាវនេះ បានធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចប្រដាប់ដោយអាវុធ បានស្ទាក់ឃាត់រថយន្តលោក កឹម សុខា កាលពីចុងសប្តាហ៍មុន ប៉ុន្តែមិនមានវត្តមានលោកនៅក្នុងរថយន្ត ហើយក្រុមកម្លាំងប្រដាប់អាវុធក៏បានទៅឡោមព័ទ្ធស្នាក់ការគណបក្សសង្រ្គោះជាតិប៉ុនប៉ងចូលចាប់លោក កឹម សុខា តែដោយសារពុំមានដីកាពីតុលាការ កម្លាំងប្រដាប់អាវុធក៏ដកថយវិញ។

នៅថ្ងៃទី១ខែមិថុនានេះ ចលនាខ្មែរឥស្លាម នៃគណបក្សសង្រ្គោះជាតិ បានចេញសេចក្តីអំពាវនាវមួយ ឲ្យសមាជិកចលនារបស់ខ្លួន ពលរដ្ឋ និងនិស្សិតខ្មែរឥស្លាម ដែលគេថាមានចិត្តស្នេហាសេរីភាព និងយុត្តិធម៌នោះ ត្រៀមលក្ខណៈប្រើប្រាស់សិទ្ធិស្របច្បាប់ធ្វើមហាបាតុកម្មអហិង្សា នៅពេលណា ដែលលោក កឹម សុខា ត្រូវបានចាប់ខ្លួន។

ប៉ុន្តែសេចក្តីអំពាវនេះក៏បានដាក់ការសង្ឃឹមថា ថ្នាក់ដឹកនាំគណបក្សទាំងពីរនឹងចាប់ដៃគ្នាជាមិត្តភាពឡើងវិញដើម្បីបន្តថាសន្ទនា ដែលគេថាជាអ្វីដែលពលរដ្ឋចង់បាន។

កាលពីថ្ងៃទី២៧ខែឧសភា សហជីពសេរីកម្មរបស់លោក ជា មុនី ក៏បានអំពាវនាវឲ្យកម្មករប្រើសិទ្ធិស្របច្បាប់របស់ខ្លួនធ្វើកូដកម្ម មិនធ្វើការងារក្នុងករណីមានការចាប់ខ្លួន លោក កឹម សុខាជាអ្នកតំណាងរាស្ត្រ។ សហជីពនេះ បាន អះអាងថា ការដែលខ្លួនប្រកាសឲ្យកម្មករធ្វើកូដកម្មនេះ ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់ ការពារអភ័យឯកសិទ្ធិតំណាងរាស្ត្រ។

 

កាលពីថ្ងៃទី៣១ខែឧសភាម្សិលមិញ សហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា ក៏បានអំពាវនាវឲ្យ សិស្ស និស្សិត និងយុវជន ប្រើប្រាស់សិទ្ធិចូលរួមធ្វើបាតុកម្មអហិង្សា ដោយថាដើម្បីការពារសិទ្ធិមនុស្ស និងគោរពរដ្ឋធម្មនុញ្ញ ក្នុងករណី មានការចាប់ខ្លួន លោក កឹម សុខា។

កាលពីថ្ងៃទី២៩ខែឧសភាកន្លងទៅនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានចេញសេចក្ដីថ្លែងការណ៍មួយដោយអំពាវនាវឲ្យលោកគ្រូអ្នកគ្រូទាំងអស់នៅទូទាំងប្រទេសចូលរួមធ្វើកូដកម្មឬបាតុកម្មដោយអហិង្សាស្របច្បាប់ ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា។

ប៉ុន្តែក្រសួងអប់រំបានថ្កោលចំពោះការអំពាវនាវរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដោយថាមិនបានបង្ហាញពីភាពឯករាជ្យរបស់ខ្លួននិងថាសកម្មភាពនេះគ្រាន់តែជាកូនជឹងមួយរបស់គណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំបានសរសេរបន្ថែមថា៖ “ដោយសារតែទង្វើបម្រើគណបក្សនយោបាយទាំងអស់នេះហើយ ទើបក្រសួងមិនទទួលស្គាល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យថាជាសហជីពឯករាជ្យដែលបម្រើផលប្រយោជន៍របស់បុគ្គលិកអប់រំឡើយ”

ដោយឡែកលោកមេធាវី សុខ សំអឿន សម្ដែងការគាំទ្រចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំដែលថាគ្រូបង្រៀនត្រូវតែអព្យាក្រឹត្យនិងឯករាជ្យ។ ក៏ប៉ុន្តែលោកថាប្រសិនបើក្រសួងធ្វើគឺត្រូវធ្វើឲ្យមានភាពស្មើគ្នាពោលគឺមិនត្រូវប្រកាន់ខាងណាឡើយ។លោកមានប្រសាសន៍បន្ថែមថា“[…]ទាល់តែហាមកុំឲ្យគ្រូទាំងអស់កុំឲ្យចូលជាសមាជិកគណបក្សនយោបាយណាមួយ ហើយហាមមិនឲ្យគ្រូទាំងអស់ចូលរួមសកម្មភាពឃោសនានយោបាយ។ បើធ្វើបានស្មើភាពគ្នាទៅគឺល្អ ហើយបើបានគ្រូបង្រៀនអព្យាក្រឹត្យគឺល្អតែម្ដង

គួរកត់សំគាល់ថា ស្ថាប័នមួយចំនួនដែលអំពាវនាវឲ្យធ្វើមហាបាតុកម្មប្រឆាំងនឹងការចាប់ខ្លួនលោក កឹម សុខា នេះគឺធ្វើឡើងស្របគ្នានឹងការប្រកាសរបស់គណបក្ស សង្រ្គោះជាតិ ដែលថា ខ្លួននឹងធ្វើមហាបាតុកម្ម ដូចក្រោយការបោះឆ្នោតឆ្នាំ២០១៣ បើមានការចាប់ខ្លួន លោក កឹម សុខា៕អ៊ឹង ប៊ុនថន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ