សមត្ថកិច្ចខេត្ដព្រះវិហារឃាត់ព្រះសង្ឃ៤អង្គ ខណៈគ្រោងអប់រំឲ្យការពារធនធានធម្មជាតិ

(រូបភាពពីអង្គការពន្លកខ្មែរ)

សមត្ថកិច្ចខេត្ដព្រះវិហារនៅព្រឹកថ្ងៃសុក្រនេះបានឃាត់ក្រុមព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនា ដើម្បីសន្ដិភាពដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ ខណៈគ្រោងនិមន្ដអប់រំឲ្យពលរដ្ឋចូលរួមការពារធនធានធម្មជាតិនៅខេត្ដនោះ។

អ្នកសម្របសម្រួលគម្រោងជនជាតិដើមភាគតិចគួយនៃអង្គការពន្លកខ្មែរខេត្ដព្រះវិហារលោក កែវ ស៊ីផុន ប្រាប់VODថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ និងព្រះសង្ឃ៣អង្គទៀតនៃក្រុមអង្គការព្រះពុទ្ធសាសនាដើម្បីសន្ដិភាពត្រូវបានសមត្ថកិច្ចបានឃាត់ព្រះកាយ ខណៈកំពុងនៅក្នុងបន្ទប់ ដើម្បីរងចាំជួបជាមួយបណ្ដាញការពារព្រៃឈើនៅក្នុងផ្ទះសំណាក់មួយនៅខេត្ដព្រះវិហារ ដោយសមត្ថកិច្ចលើកហេតុផលថាមិនបានជូនដំណឹងដល់អាជ្ញាធរជាមុន។

លោកបន្ដថា សមត្ថកិច្ចប្រមាណ២០នាក់បានបិទទ្វារបងផ្ទះសំណាក់មិនឲ្យព្រះសង្ឃទាំងអស់និមន្ដចេញដំណើរបន្ដទៅតំបន់ផ្សេងៗទៀត ដើម្បីអប់រំពលរដ្ឋឲ្យចេះការពារព្រៃឈើនិងចែកអាវយឺតដែលសរសេរថា «ការពារព្រៃឈើឡង់» ដល់ពលរដ្ឋនោះទេ។

ស្នងការរងនគរបាលខេត្ដព្រះវិហារលោក កែវ ចំរើន ប្រាប់ថាលោកជាប់រវល់មិនអាចបកស្រាយករណីនេះបានទេ។

អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្ដព្រះវិហារលោក ឡោ ចាន់ មានប្រសាសន៍ថា ក្រុមព្រះសង្ឃបានធ្វើសកម្មភាពខុសទីតាំងនិងធ្វើមុនថ្ងៃដែលព្រះសង្ឃបានជូនដំណឹងដែលលោកថាព្រះអង្គ ប៊ុត ប៊ុនតិញ បានសុំទីតាំងផ្សព្វផ្សាយពីវិធានការការពារព្រៃឈើដល់ពលរដ្ឋ គ្រោងធ្វើឡើងនៅឃុំប្រមេរ ស្រុកត្បែងមានជ័យ នៅថ្ងៃទី៩ខែកក្កដាខាងមុខនេះ ប៉ុន្ដែព្រះអង្គផ្សព្វផ្សាយមុនថ្ងៃកំណត់ទើបសមត្ថកិច្ចចូលទៅសាកសួរនៅផ្ទះសំណាក់នោះ។ លោកបន្ដថា ការផ្សព្វផ្សាយអប់រំពីច្បាប់ដល់ពលរដ្ឋ សមត្ថកិច្ចមានសិទ្ធិសាកសួរ ប៉ុន្ដែគ្មានសិទ្ធិចាប់ខ្លួនជនណាមួយឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ