ADBផ្តល់ថវិកា១,៤លានដុល្លារដល់​សង្គមស៊ីវិលលើ​គម្រោង​ជួយ​កាត់បន្ថយហានិភ័យនៃគ្រោះធម្មជាតិ

ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)នឹងផ្តល់ថវិកាចំនួន១,៤លានដុល្លារអាមេរិកដល់អង្គការសង្គមស៊ីវិលចំនួន១៩ ក្នុងគម្រោងជួយដល់សហគមន៍កាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែកក្កដា ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថាអង្គការសង្គមស៊ីវិលទាំងនោះដើរតួនាទីក្នុងការបញ្រ្ជាបភាពធន់ទៅនឹងអាកាសធាតុក្នុងប្រតិបត្តិការរបស់ពួកគេ ដោយអនុវត្តគម្រោងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមសហគមន៍ក្នុងវិស័យដូចជាហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ការគ្រប់គ្រងធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ អប់រំនិងសុខភាព ក៏ដូចជាលើកកម្ពស់ការការពារបរិស្ថានក្នុងខេត្តទាំងនោះ។ សេចក្តីប្រកាសបន្តថាគម្រោងនេះត្រូវបានគេរំពឹងថានឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង១១២០០០នាក់មកពីជាង២១០០០គ្រួសារ រួមនឹងក្រុមងាយរងគ្រោះផ្សេងៗ ដូចជាកសិករ ប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុង ស្ត្រី កុមារ ក្រុមបាត់បង់ឱកាសនិងជនជាតិដើមភាគតិចក្នុង១៧ខេត្តទូទាំងប្រទេសកម្ពុជា។

លោក Ancha Srinivasan អ្នកឯកទេសខាងការប្រែប្រួលអាកាសធាតុនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB មានប្រសាសន៍ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ “គម្រោងគាំទ្រដល់សង្គមស៊ីវិលនេះនឹងជួយដល់អង្គការសង្គមស៊ីវិលទាំងនេះ ឲ្យបំពេញតួនាទីកាន់តែធំជាងមុន ដើម្បីលើកកម្ពស់សហគមន៍នានាក្នុងប្រទេសកម្ពុជា ឆ្លើយតបចំពោះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ”។

បើតាមធនាគារADB កម្ពុជាគឺជាប្រទេសនៅតំបន់មេគង្គតែមួយគត់ប៉ុណ្ណោះដែលត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីសាកល្បងសម្រាប់ភាពធន់ទៅនឹងអាកាសធាតុដែលមានថវិកា១,២ពាន់លានដុល្លារ ក្នុងគោលបំណងធ្វើការបញ្ជ្រាបភាពធន់ទៅនឹងអាកាសធាតុទៅក្នុងការរៀបចំផែនការអភិវឌ្ឍ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ