សាលាឧទ្ធរណ៍តម្កល់សេចក្តីសម្រេច​របស់សាលាដំបូង ករណីប្តឹងលោក ហោ ណាំហុង

លោក ហោ ណាំហុង និង​លោក សួន សេរីរដ្ឋា

សាលាឧទ្ធរណ៍បានច្រានចោលបណ្តឹងរបស់ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ដែលបានប្តឹងលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា  ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង។

កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ លោក សួន សេរីរដ្ឋា បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ប្តឹងលោក ហោ ណាំហុង ដោយទាមទារសំណងជំងឺចិត្តចំនួន៥០០លានរៀល។ បណ្តឹងរបស់លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចមិនចាត់ការកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ហើយលោកក៏បានប្តឹងករណីនេះទៅសាលាឧទ្ធរណ៍។

លោក សួន សេរីរដ្ឋា ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាលោកបានទទួលលិខិតរបស់សាលាឧទ្ធរណ៍ដែលសម្រេចមិនចាត់ការបណ្តឹងទាស់កាលពីថ្ងៃម្សិលមិញ។ លោកមានប្រសាសន៍ថាសំណុំរឿងរបស់លោកដែលបានប្តឹងលោក ហោ ណាំហុង លោកមានភស្តុតាងគ្រប់គ្រាន់គឺសំឡេងរបស់លោក ហោ ណាំហុង។ លោកចាត់ការមិនចាត់ការនេះ ដោយសារតុលាការនៅក្រោមគំនាបគណបក្សកាន់អំណាច។ លោកមានប្រសាសន៍ថា៖ “តុលាការជាអាយ៉ងនយោបាយរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងច្បាស់ ដែលសម្រាបតែជួយទប់ការពារអំណាចឲ្យមន្ត្រី ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា”។

លោក សេរីរដ្ឋា លើកឡើងទៀតថាបើសិនមេដឹកនាំឬមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាជាអ្នកប្តឹងវិញ តុលាការនឹងចាត់ការរឿងនេះភ្លាមៗ។

លោក សួន សេរីរដ្ឋា បានសរសេរនៅក្នុងពាក្យបណ្តឹងរបស់លោកថាកាលពីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្តីការក្រសួងការបរទេស ក្នុងពេលឆ្លងឆ្លើយជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក ហោ ណាំហុង បាននិយាយថា៖ “ជាពិសេសគណបក្សនៃ…សេរីរដ្ឋា នៅអាមេរិក ដែលកន្លងមកដល់មានសមាជិករបស់គេធ្វើអំពើភេរវកម្មនៅកម្ពុជាផង”។ ពាក្យបណ្តឹងបញ្ជាក់ថា៖ “ពាក្យលើកឡើងរបស់លោក ហោ ណាំហុង ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរគណបក្សអំណាចខ្មែរ ជាពិសេសេការលើកឡើងថាសកម្មជនរបស់ខ្ញុំធ្វើអំពើភេរវកម្មកន្លងមក វាជាការនិយាយមិនពិត ពីព្រោះខ្ញុំនិងសមាជិករបស់ចលនាអំណាចពលរដ្ឋខ្មែរ ដែលជាចលនានយោបាយបង្កើតឡើងស្របតាមច្បាប់នៅសហរដ្អាមេរិក មិនមែនជាអង្គការភេរវកម្មនិងមិនដែលធ្វើភេរវកម្មដូចការលើកឡើងរបស់លោក ហោ ណាំហុងនោះទេ”

យ៉ាងណាក៏ដោយ កន្លងទៅ មេធាវីការពារក្ដីឲ្យលោក ហោ ណាំហុង គឺលោក ការ សាវុត្ថ បានចេញលិខិតមួយច្បាប់ដោយលើកឡើងថាលោក ហោ ណាំហុង មិនបានបរិហាកេរ្តិ៍លោក សួន សេរីរដ្ឋា នោះទេ។ លោកបន្តថាកូនក្តីរបស់លោកគ្រាន់តែនិយាយអ្វីដែលតុលាការបានសម្រេចកាលពីកន្លងមក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ