តុលាការព្យួរទោសសកម្មជនបរិស្ថានខេត្តកោះកុង ដោយ​ឲ្យ​ពួកគេមានសេរីភាពនៅថ្ងៃ​នេះ

(រាប់ពីលើចុះក្រោម)លោក ស៊ីម សំណាង លោក ទ្រី សុវិគានិង លោក សាន់ ម៉ាឡា(រូបថតដោយ​Mot Kimy)

តុលាការដំបូងខេត្តកោះកុងបានសម្រេចព្យួរទោសសកម្មជនបរិស្ថានអារ៉ែង៣នាក់និងបង្គាប់ឲ្យដោះលែងពួកគេនៅថ្ងៃសុក្រនេះ។

សកម្មជនបរិស្ថានដែលជាសមាជិកចលនាមាតាធម្មជាតិទាំងនោះរួមមានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគានិងលោក ស៊ីម សំណាង។ ពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ និងត្រូវបានចោទប្រកាន់ពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នឹងបញ្ជាអ្វីមួយ។ ពួកគេត្រូវបានចោទប្រកាន់ឡើងលើសាឡង់បូមខ្សាច់របស់ក្រុមហ៊ុនDirect Accessហើយប្រាប់កម្មករបូមខ្សាច់ថាខ្លួននឹងដុតបំផ្លាញសាឡង់នោះចោល ប្រសិនបើមិនព្រមបញ្ឈប់សកម្មភាពបូមខ្សាច់។

មេធាវីការពារក្តីរបស់សកម្មជនទាំងបីនាក់នោះ លោក សំ ចំរើន ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាកូនក្តីរបស់លោកត្រូវបានប្រធានសាលាដំបូងលោក មីន មករា សម្រេចកាត់ទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ៦ខែ តែត្រូវកាត់តម្រឹមមក១០ខែនិង១៥ថ្ងៃ ដែលជារយៈពេលពួកគេជាប់ឃុំខ្លួនរហូតមកដល់ពេលនេះ។ លោកបន្តថាតុលាការក៏បានកំណត់ឲ្យកូនក្តីលោករួមគ្នាសងសំណងរដ្ឋប្បវេណីដល់ដើមបណ្តឹងចំនួន១០០លានរៀលនិងបង់២លានរៀលចូលរដ្ឋ។ ដើមបណ្តឹងក្នុងសំណុំរឿងនេះមានក្រុមហ៊ុនDirect Accessនិងអភិបាលស្រុកបទុមសាគរ លោក អន ភារៈ។

លោកមេធាវីបញ្ជាក់ថាលោកមិនអាចទទួលយកបានទេចំពោះការកាត់សេចក្តីនេះ ហើយលោកនឹងពិភាក្សាជាមួយកូនក្តីរបស់លោកសិន។ លោកមានប្រសាសន៍ថា៖ “យើងអត់គាត់គិតយ៉ាងម៉េចទេ យើងនឹងពិភាក្សាជាមួយកូនក្តីតទៅទៀត ប៉ុន្តែសម្រាប់ខ្ញុំៗអត់ទាន់ទទួលយកបានទេ”។

អ្នកនាំពាក្យសាលាជម្រះក្តីនៃសាលាដំបូងខេត្តកោះកុងលោក ឈិន ឡុង បានឲ្យវីអូឌីដឹងថាតុលាការនៅថ្ងៃសុក្រនេះបានប្រកាសសាលក្រម  ដោយសម្រេចឲ្យសកម្មជនបរិស្ថានទាំង៣រូបអាចមានសេរីភាពនៅថ្ងៃនេះ។ លោកបន្ថែមថានៅរសៀលនេះតុលាការកំពុងរៀបចំឯកសារដើម្បីអនុញ្ញាតឲ្យពួកគេនៅក្រៅឃុំ។

សកម្មជនទាំងបីត្រូវបានឃុំខ្លួនលើថិរវេលាកំណត់ក្នុងបទល្មើសមជ្ឈិម ដោយតុលាការទើបតែបើកសវនាការជំនុំជម្រះកាលពីថ្ងៃទី២៧ ខែមិថុនា។ មាត្រា២០៩នៃក្រមព្រហ្មទណ្ឌចែងថាថិរវេលានៃការឃុំខ្លួនបណ្តោះអាសន្នក្នុងបទមជ្ឈិម(ជាបទល្មើសដែលអតិបរមានៃទោសដាក់ពន្ធនាគារលើសពី៦ថ្ងៃនិងក្រោមឬស្មើ៥ឆ្នាំ)ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្តោះអាសន្នមិនអាចលើសពី៤ខែបានទេ។ ប៉ុន្តែនៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្តោះអាសន្នបានតែម្តងគត់មិនលើសពីពីរខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវនិងច្បាស់លាស់។

សំណុំរឿងរបស់សកម្មជនទាំងបីនាក់នេះ ក៏ពាក់ព័ន្ធនឹងសកម្មជនអារ៉ែងជនជាតិអេស្ប៉ាញលោក អាឡិច ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន(Alejandro Gonzalez Davidson)ដែលត្រូវបានអាជ្ញាធរកម្ពុជាដាក់ក្នុងបញ្ជីខ្មៅនិងត្រូវបានបណ្តេញចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។

នៅក្នុងដីកាសម្រេចបំបែកសំណុំរឿងចុះថ្ងៃទី១៣ ខែឧសភា ប្រធានតុលាការខេត្តកោះកុងបានសម្រេចបំបែកសំណុំរឿងនេះចេញពីលោក អាឡិច ដោយថាដើម្បីការពារផលប្រយោជន៍ជូនជនជាប់ចោទ។ តុលាការបញ្ជាក់ថាករណីលោក អាឡិច រង់ចាំការសម្រេចរបស់តុលាការកំពូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ