នាយករដ្ឋមន្ត្រីរំឭកឲ្យបង្កើនកិច្ចសហការណ៍នឹងសង្គមស៊ីវិលជំរុញប្រសិទ្ធភាពការពារធនធានធម្មជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកក្រសួងពាក់ព័ន្ធជាថ្មីទៀតឲ្យបង្កើនកិច្ចសហការណ៍ល្អជាមួយអង្គការសង្គមស៊ីវិល ប្រជាសហគមន៍ និងដៃគូអភិវឌ្ឍ ដែលលោកគិតថាទើបអាចទប់ស្កាប់បទល្មើសនានាហើយការពារបានធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។

ក្នុងទិវាមច្ឆាជាតិដែលធ្វើឡើងនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី១ ខែកក្កដានេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋកុំប្រើឧបឆក់ត្រីនិងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀតសម្រាប់នេសាទត្រី ហើយក៏រំឭកឲ្យអាជ្ញាធរទប់ស្កាត់ការបូមខ្សាច់ខុសច្បាប់និងការកាប់បំផ្លាញព្រៃឈើជាដើម។

លោកនាយករដ្ឋមន្ត្រីថ្លែងទៀតថាកន្លងទៅក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍មានគោលបំណងទប់ស្កាត់បទល្មើសទាំងនេះដូចគ្នា ប៉ុន្តែលោកថាពួកគេហាក់ធ្វើការមិនចុះសម្រុងគ្នា។ លោក ហ៊ុន សែន រំឭកឲ្យមន្ត្រីរដ្ឋាភិបាល បង្កើតកិច្ចសហការណ៍ជាមួយដៃគូទាំងនោះ ដើម្បីទប់ស្កាត់បទល្មើសឲ្យមានប្រសិទ្ធភាព។

លោកថា៖ «សូមយកឱកាសនេះអំពាវនាវទាំងផ្នែករដ្ឋទាំងអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋក៏ដូចជាដៃគូអភិវឌ្ឍន៍ ចូលក្នុងការធ្វើការអភិរក្សធនធានធម្មជាតិរបស់យើង មុននេះវាហាក់បីដូចជានៅម្ខាងម្នាក់រវាងសង្គមស៊ីវិលឬក៏សកម្មជនការពារព្រៃឈើ និងម្ខាងទៀតខាងផ្នែករដ្ឋដែលមើលមុខគ្នាមិនត្រង់ទៅវិញ។ គោលដៅដូចគ្នា ប៉ុន្តែបែរជានៅម្ខាងម្នាក់ នេះជាកំហុសមួយដែលយើងត្រូវកែប្រែ ហើយអ្នកដែលត្រូវកែប្រែឥរិយាបទគឺផ្តើមចេញពីរដ្ឋាភិបាលហ្នឹងតែម្តង»។

VOD Hot News App

លោកនាយករដ្ឋមន្ត្រីបានថ្លែងទៀតថាកន្លងទៅតារាហ្វេសប៊ុកកញ្ញា ធី សុវណ្ណថា ដែលធ្លាប់ទៅតំបន់អារ៉ែង តារាចម្រៀងដ៏ល្បីកញ្ញា មាស សុខសោភា ធ្លាប់ដាំនិងបំបួសដើមឈើ សកម្មជនការពារព្រៃឡង់ និងប្រជាពលរដ្ឋផ្សេងទៀត ដែលមានបំណងការពារបរិស្ថាននិងព្រៃឈើដូចគ្នា លោកថាគួរតែលើកទឹកចិត្តឲ្យពួកគេបន្តសកម្មភាពនេះដែលលោកថា ជាផលប្រយោជន៍ជាតិទាំងអស់គ្នា។

លោកថា៖ «បំផ្លាញធនធានធម្មជាតិនេះគឺជាការឈឺក្បាលបំផុតៗ ដែលខ្ញុំព្រះករុណាខ្ញុំអំពាវនាវឲ្យក្លាយទៅជាចលនាជាតិចូលរួមជាមួយគ្នា ហើយមើលគ្នាជាជនជាតិខ្មែរដែលរួមគ្នាការពារទឹកដីការពារធនធានធម្មជាតិ ហើយរហូតដល់មានជម្រោះ ជាមួយគ្នានោះទេ។ ឥឡូវឧទាហរណ៍ ព្រៃ១០ម៉ឺនហិកតា អនុរក្សមានតែ៥០នាក់ វាម៉េចហ្នឹងគ្រប់គ្រាន់ បើមានសង្គមស៊ីវិលឬក៏ពលរដ្ឋចូលរួមគឺមនុស្សកាន់តែច្រើនចូលរួមជួយការពារ អញ្ចឹងយើងត្រូវធ្វើកិច្ចការនេះ ។ ពីពេលនេះតទៅយើងនឹងមានកម្លាំងជាតិមួយដើម្បីរួមគ្នាការពារ។ ឥឡូវបងប្អូនណាចង់ទៅបួសដើមឈើក៏ទៅៗ ពីព្រោះបងប្អូនខ្លះគាត់ថាធ្វើបុណ្យដើមឈើបាន [បុណ្យ] នេ លោកយាយលោកតា ក្រែងយើងមាន ភូមិទេវតា អាកាសទេវតា រុក្ខទេវា មិនអញ្ចឹង! អញ្ចឹងបានន័យថា អ្នកដែលកាប់ឈើហ្នឹងគឺកាប់ទេវតាហ្មង»។

កន្លងទៅសកម្មជនការពារព្រៃឈើត្រូវបានគំរាមកំហែងនិងខ្លះទៀតត្រូវបានសម្លាប់ដូចជា លោក ឈុត វុទ្ធី ត្រូវគេបាញ់សម្លាប់នៅស្រុកមណ្ឌលសីមាក្នុងខេត្តកោះកុងកាលពីថ្ងៃទី២៦ខែមេសាឆ្នាំ២០១២ នៅពេលដែលលោកនាំអ្នកសារព័ត៌មានទៅថតរូបភាពកាប់បំផ្លាញព្រៃឈើដ៏ធំមួយនៅតំបន់នោះ។ ការចាប់ឃុំខ្លួនសកម្មជនការពារបរិស្ថាន៣នាក់នៅខេត្តកោះកុងជាសមាជិកអង្គការមាតាធម្មជាតិជាដើម។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOforum) ដែលធ្វើការផ្តោតលើបរិស្ថាននិងដីធ្លី លោក តឹក វណ្ណារ៉ា បានស្វាគមន៍ទៅនឹងការលើកឡើងរបស់នាយករដ្ឋមន្ត្រីនេះ ប៉ុន្តែលោកថាដរាបណាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះមិនត្រូវបានចែងនៅក្នុងច្បាប់ទេ លោកថាបទល្មើសអាចនឹងនៅតែបន្តកើតឡើង ពលរដ្ឋក្រីក្រនៅតែបន្តរងគ្រោះពីការបាត់បង់ធនធានធម្មជាតិនេះ។

លោកថា៖ «យើងចង់ឃើញឲ្យមានយន្តការច្បាស់លាស់ជាលក្ខខណ្ឌផ្លូវច្បាប់ មានជំនួបផ្លូវការ ហើយក្នុងរបៀបវារៈផ្លូវការរវាងរាជរដ្ឋាភិបាលនិងសង្គមស៊ីវិលម្តងៗហ្នឹង គឺយើងមានកំណត់ហេតុជាផ្លូវការណ៍ ហើយយើងអាចធ្វើការពិនិត្យរួមគ្នាទៅលើរូបភាពរីកចម្រើន តើរបៀបវីរៈសំខាន់ៗដែលលើកឡើងដោយសហគមន៍រងគ្រោះហ្នឹង យើងអាចដោះស្រាយបានប៉ុន្មាន ហើយសល់ប៉ុន្មានទៀដែលយើងត្រូវធ្វើកិច្ចការបន្ត»

បើទោះបីកន្លងទៅវិធានការទប់ស្កាត់បទល្មើសព្រៃឈើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនសូវមានប្រសិទ្ធភាពក៏ដោយ ប៉ុន្តែចុងឆ្នាំ២០១៥នេះ លោកបានបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយនាយឧត្តមសេនីយ៍ លោក សៅ សុខា ចុះទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងកើតមាននៅភូមិភាគឦសាន។ ជាលទ្ធផលរដ្ឋាភិបាលអះអាងថា រឹបអូសបានឈើល្មើសច្បាប់ជាង៧០ម៉ឺនម៉ែត្រគូប ប៉ុន្តែអ្នកពាក់ព័ន្ធមិនត្រូវបានយកមកផ្តន្ទាទោសទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ