អ្នកសារព័ត៌មានម្នាក់ស្នើតុលាការពន្លឿនដោះស្រាយករណីសមត្ថកិច្ចរំលោភសិទ្ធិលំនៅឋាន

អ្នករាយការណ៍ព័ត៌មានមួយរូបនៃបណ្ដាញព័ត៌មានទូរទស្សន៍អប្សរា ANN ប្រចាំខេត្ដសៀមរាបស្នើឲ្យតុលាការពន្លឿនដោះស្រាយបណ្ដឹងដែលលោកប្ដឹងសមត្ថកិច្ចនគរបាល៦រូបនៅខេត្ដនេះ ដោយចោទពីបទរំលោភសិទ្ធិលំនៅឋានកាលពីដើមខែកុម្ភៈឆ្នាំ២០១៦នេះ។

កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ បុគ្គលិកបណ្ដាញព័ត៌មានទូរទស្សន៍អប្សរា ANN ប្រចាំខេត្ដសៀមរាបគឺលោក តាំង ហូ បានប្ដឹងឈ្មោះ ហុង ប៊ុនហាវ នាយករងការិយាល័យកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាបនិងមន្ដ្រីសមត្ថកិច្ច៥នាក់ផ្សេងទៀតទៅតុលាការ ដោយចោទពីបទរំលោភសិទ្ធិលំនៅឋាន រំលោភកាតព្វកិច្ចការងារ ដែលធ្វើឲ្យប៉ះពាល់ដល់កិតិ្ដយសគ្រួសារនិងស្ថាប័នកាងាររបស់លោក។

លោក តាំង ហូ អះអាងថាជាអ្នករាយការណ៍ព័ត៌មានឲ្យបណ្ដាញព័ត៌មានទូរទស្សន៍អប្សរា ANN ប្រចាំខេត្ដសៀមរាបប្រាប់VODថា បណ្ដឹងនោះមានរយៈពេល៤ខែមកហើយ ប៉ុន្ដែគ្មានដំណោះស្រាយតាមផ្លូវច្បាប់នៅឡើយ ដែលលោកថា ការយឺតយ៉ាងនេះធ្វើឲ្យលោកអស់ជំនឿលើប្រព័ន្ធយុត្ដិធម៌មួយនេះ។

លោកបន្ដថា សមត្ថកិច្ចចំនួន៦នាក់ប្រដាប់ដោយអាវុធដឹកនាំដោយលោក ហុង ប៊ុនហាវ បានសម្រុកចូលផ្ទះលោកដោយគ្មានដីកាពីតុលាការ ធ្វើឲ្យប៉ះពាល់ដលល់កិតិ្ដយសគ្រួសារ។ លោកបន្ដថា៖ “វាបណ្ដោយធាក់ទ្វាឡើងផ្អើលទាំងអស់ ហើយប្រពន្ធខ្ញុំក៏អត់ដឹង បានប្អូនថ្លៃខ្ញុំមកស្ទុះបើកទ្វា ស្ទុះបើកទ្វាមិនទាន់រុញផ្ងាប្រពន្ធទៀតមិនមានពាក់អាវក្នុងទៀតកៀសប្រពន្ធខ្ញុំចង់ផ្ងារជើង ខ្ញុំសួរថាមានរឿងអីចាប់ទាញខ្ញុំអូសពីលើគ្រែ

លោក តាំង ហូ ស្នើឲ្យតុលាការពន្លឿនដោះស្រាយបណ្ដឹងរបស់ខ្លួនពីបទរំលោភសិទ្ធិលំនៅឋាននោះឲ្យមានប្រសិទ្ធភាពនិងឆាប់រហ័ស ដើម្បីឲ្យទទួលបានយុត្ដិធម៌និងជាគំរូល្អដល់សង្គម បើទោះបីពួកគេជាមន្ដ្រីសមត្ថកិច្ចក៏ដោយ។

ឆ្លើយតបករណីនេះ នាយរងផ្នែកការិយាល័យកំរិតស្រាលនៃស្នងការនគរបាលខេត្ដសៀមរាបលោក ហុង ប៊ុនហាវ ឲ្យដឹងថាសមត្ថកិច្ចបានបានភ័ន្តច្រឡំឈ្មោះស្រដៀងគ្នា ដែលលោកថាតាមដីកាតុលាការឲ្យទៅចាប់ជនឆបោកឈ្មោះ អ៊ី តាំងហូរ ហៅតាំងហូ ចំណែកអ្នកសារព័ត៌មាន ឈ្មោះ តាំង ហូ ក៏នៅភូមិវត្ដបូព៌ជាមួយគ្នាទៀត។ លោកទទួលស្គាល់ថា លោកមិនបានបង្ហាញដីកាតុលាការ ដែលលោកថាខ្លាចជនសង្ស័យដឹងខ្លួនប្រទូសរ៉ាយជាមួយសមត្ថកិច្ច។ មន្ដ្រីសមត្ថកិច្ចរូបនោះបដិសេធពីការចោទប្រកាន់ថាគំរាមកំហែងនិងរំលោភលើសិទ្ធិលំនៅឋាន។

លោកបន្ដថា៖ “ដោយសារមើលឈ្មោះគាត់ តាំង ហូ ដូចគ្នានៅក្នុងដីកាឈ្មោះ អ៊ី តាំងហូរ ហៅតាំងហូ ដល់ពេលគាត់ឈ្មោះ តាំង ហូ ប៉ុន្ដែខ្ញុំមានចម្ងល់ដោយសារអីនៅក្នុងចំណុចពីរទីមួយស្រដៀងគ្នាគឺ អ៊ី តាំងហូរ និងតាំងហូ

អ្នកនាំពាក្យសាលាដំបូងខេត្ដសៀមរាបលោក យិន ស្រាង មានប្រសាសន៍ថាតុលាការកំពុងស៊ើបអង្កេតបឋម។

យោងតាមពាក្យបណ្ដឹងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ កម្លាំងសម្ថកិច្ច៦នាក់ប្រដាប់ដោយអាវុធដឹកនាំដោយលោក ហុង ប៊ុនហាវ នាយករងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្ដសៀមរាប បានសម្រុកចូលក្នុងបន្ទប់និងចាប់ទាញដៃអ្នកសារព័ត៌មានរូបនោះចេញមកក្រៅបន្ទប់ដោយមិនមានដីកាពីតុលាការនិងគំរាមមិនឲ្យនិយាយស្ដីទាំងអស់ ខណៈដែលអ្នកសារព័ត៌មានរូបនោះមានជំងឺនិងមានតែខោខ្លីនៅជាប់ខ្លួន។ ក្នុងពាក្យបណ្ដឹងបានទាមទារឲ្យតុលាការផ្ដន្ទាទោសលោក ហុង ប៊ុនហាវ និងមន្ដ្រីផ្សេងទៀតដែលចុះទៅនោះតាមផ្លូវច្បាប់និងផ្ដល់ជំងឺចិត្ដ១ម៉ឺនដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ