របាយការណ៍អាមេរិក៖ កម្ពុជាទទួលចំណាត់ថ្នាក់ប្រសើរជាងឆ្នាំមុនក្នុងការ​​ប្រឆាំង​ការជួញដូរមនុស្ស

របាយការណ៍ស្តីពីការជួញដូរមនុស្សរបស់សហរដ្ឋអាមេរិកដាក់ប្រទេសកម្ពុជានៅលំដាប់ទី២ក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើប ដោយថាផ្អែកតាមការ”ខិតខំគួរសម”របស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំកន្លងទៅ។

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមិថុនា បានវាយតម្លៃទៅលើរដ្ឋាភិបាលរបស់ប្រទេសនានាជុំវិញពិភពលោកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងទាសភាពសម័យទំនើប ដោយក្នុងនោះកម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាក់ល្អប្រសើរជាងឆ្នាំ២០១៥ ដែលរួចផុតពីការចាត់បញ្ចូលក្នុងបញ្ជីឃ្លាំមើល។ របាយការណ៍ដដែលបញ្ជាក់ថាចំណាត់ថ្នាក់លេខ២គឺសម្រាប់ប្រទេសដែលរដ្ឋាភិបាលមិនបានគោរពពេញលេញចំពោះបទដ្ឋានអប្បបរមាដូចមានចែងក្នុងច្បាប់របស់សហរដ្ឋអាមេរិកស្តីពីការការពារជនរងគ្រោះដោយការជួញដូរ(TVPA) តែកំពុងមាន”ការខិតខំច្រើនគួរសម” ដើម្បីគោរពតាមបទដ្ឋានទាំងនោះ។

របាយការណ៍នេះក៏បានបង្ហាញពីដំណើរជឿនលឿនរបស់រដ្ឋាភិបាលកម្ពុជាក្នុងការកាត់ទោសនិងដាក់ទោស ពិសេសលើបទល្មើសនៃការជួញដូរកម្លាំងពលកម្ម។ របាយការណ៍ឆ្នាំ២០១៦នេះបន្ថែមថា គោលការណ៍ណែនាំថ្នាក់ជាតិសម្រាប់កំណត់និងបញ្ជូនជនរងគ្រោះត្រូវបានអនុម័តហើយអាជ្ញាធរមូលដ្ឋាននៅកម្ពុជាបានរកឃើញជនរងគ្រោះចំនួន៥៨៩នាក់ដែលកើនពីចំនួន៣២៦នាក់កាលពីឆ្នាំ២០១៥។

របាយការណ៍ស្តីពីការណ៍ជួញដូរមនុស្សនេះក៏បានផ្តល់អនុសាសន៍ឲ្យកម្ពុជាបង្កើនភាពស្វាហាប់ក្នុងការស៊ើបអង្កេតនិងផ្តន្តាទោសទៅលើបទល្មើសជួញដូរមនុស្ស បង្កើនសេវាកម្មជួយជនរងគ្រោះបុរសជាពិសេសបុរសដែលត្រូវបានកេងប្រវ័ញ្ចក្នុងសកម្មភាពនេសាទ និងបង្កើនយុទ្ធនាការលើកកម្ពស់ការយល់ដឹងដែលផ្តោតលើការកាត់បន្ថយតម្រូវការនៃការជួញដូរផ្លូវភេទនិងទេសចរណ៍ផ្លូវភេទជាដើម។

រដ្ឋលេខាក្រសួងមហាផ្ទៃ លោកស្រី ជូ ប៊ុនអេង ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះថាការទទួលចំណាត់ថ្នាក់នេះជារឿងល្អដែលកម្ពុជាត្រូវបានដកចេញពីបញ្ជីឃ្លាំមើល។ លោកស្រីមានប្រសាសន៍ថា៖ “បើតាមធម្មតាយើងរីករាយដោយសារថាយើងត្រូវបានដកចេញពីបញ្ជីឃ្លាំមើលដែលឆ្នាំមុនយើងបាននៅក្នុងចំណាត់ថា្នក់លេខ២ក្នុងការឃ្លាំមើល តែឥឡូវនេះគឺយើងបានចំណាត់ថា្នក់លេខ២ពេញលេញ ហើយយើងក៏ត្រូវទទួលស្គាល់ខ្លួនយើងដែរថាមិនអាចឈានទៅលេខ១ភ្លាមទេ ពីព្រោះយើងនៅមានចំណុចជាច្រើនដែលយើងត្រូវធ្វើ”

លោកស្រី ជូ ប៊ុនអេង បន្តថាការផ្តន្តាទោស ការជួយជនរងគ្រោះឬការបង្ការទប់ស្កាត់ សុទ្ធតែជារឿងដែលស្ថិតនៅក្នុងផែនការសកម្មភាពរយៈពេលប្រាំឆ្នាំរបស់រដ្ឋាភិបាលដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៨។ លោកស្រីបន្ថែមថាក្រសួងក៏បានពង្រឹងកិច្ចសហការជាមួយបណ្តាអង្គភាព ស្ថាប័នផ្ទៃក្នុងរបស់រដ្ឋាភិបាលក៏ដូចជាអង្គការដៃគូរជាតិអន្តរជាតិនិងបើកឱកាសឲ្យផ្នែកឯកជនដើម្បីជួយបង្ការទប់ស្កាត់ភាពរងគ្រោះរបស់ប្រជាពលរដ្ឋដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ