អាមេរិក​ដាក់​ភូមា​ចូល​បញ្ជី​ខ្មៅ​នៃ​ការ​​ជួញ​ដូរ​មនុស្ស

(រូបភាពពី AFP)

អាមេរិកបានដាក់ប្រទេស៨ទៀតចូលទៅក្នុងបញ្ជីខ្មៅដោយសារតែបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងនោះមានទាំងប្រទេសប្រជាធិបតេយ្យថ្មីថ្មោងភូមាផងដែរ ប៉ុន្តែអាមេរិកត្រូវរងការរិះគន់ចំពោះការប្រកាន់ជំហរទន់ភ្លន់ចំពោះប្រទេសថៃទៅវិញ។

ដោយបានប្រកាសអំពីការចេញរបាយការណ៍ការជួញដូរមនុស្សរបស់ក្រសួងការបរទេស លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិកបានបញ្ជាក់ថាចំណាត់ថ្នាក់នេះគឺផ្អែកទៅលើលក្ខណៈវិនិច្ឆ័យនៃការស្រាវជ្រាវ ហើយមិនមែនអាស្រ័យទៅតាមនយោបាយនោះឡើយ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាក្រុមសកម្មជនបានរិះគន់ថាស្ថានភាពនៃការជួញដូរមនុស្សនៅប្រទេសជាសម្ព័ន្ធអាមេរិកដូចជាថៃនិងម៉ាឡេស៊ីបែរជាត្រូវបានវាយតម្លៃថាមានកម្រិតស្រាលទៅវិញ ខណៈដែលភូមានិងអ៊ូបេគីស្ថានមានចំណាត់ថ្នាក់អាក្រក់បំផុត។

ប្រទេសឌីជីប៊ូទី ហៃទី ប៉ាពួញូវហ្គីណេ ស៊ូដង់ ស៊ូរីណាម និងទួមេនីស្ថានក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅដែលក្រសួងការបរទេសអាមេរិកជឿថាពួកគេមិនបានប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឬលុបបំបាត់របបទាសភាព។

ចំណាត់ថ្នាក់ប្រទេសគុយវ៉ែតនិងថៃបានឡើងដល់កម្រិតទី២ដែលមានន័យថាប្រទេសទាំងពីរនេះបានខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ប៉ុន្តែប្រទេសទាំងពីរនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យនៅឡើយ។

ប្រទេសលីប៊ី សូម៉ាលី និងយេមែន ត្រូវបានចាត់ចូលក្នុងករណីពិសេសដែលមានន័យថារដ្ឋាភិបាលប្រទេសទាំងនេះកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង។

កាលពីឆ្នាំមុន ក្រសួងការបរទេសអាមេរិកបានរងការរិះគន់ថាមិនបានបញ្ចូលប្រទេសភូមាទៅក្នុងកម្រិតទី៣នៃបញ្ជីខ្មៅនោះ ចំពេលដែលមានការចោទប្រកាន់ថាក្រុងវ៉ាស៊ីងតោនបានបិទភ្នែកធ្វើមិនដឹងមិនលឺចំពោះបញ្ហាទាសភាពនៅក្នុងប្រទេសនេះ ខណៈដែលមានការជំរុញដល់ការផ្លាស់ប្ដូរទៅរកលទ្ធិប្រជាធិបតេយ្យ។

ភូមាបានរៀបចំការបោះឆ្នោតកាលពីឆ្នាំមុនដែលនាំទៅរកជ័យជម្នះសម្រាប់ជយលាភីពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ដែលសព្វថ្ងៃនេះកំពុងកាច់ចង្កូតរដ្ឋាភិបាលស៊ីវិលលើកដំបូងរបស់ប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ