បក្សប្រឆាំងថា ការដោះលែងមន្ត្រីសិទ្ធិមនុស្សនិងមន្ត្រីគ.ជ.ប. ជាសញ្ញាវិជ្ជមាន

គណបក្ស​ប្រឆាំង​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ ដោយ​សង្ឃឹម​ថា ស្ថានភាព​នយោបាយ​កម្ពុជា​នឹង​កាន់​តែ​ល្អ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​ក្រោយ បន្ទាប់​ពីមាន​ការ​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស និង​មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត។

មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​អគ្គ​លេខាធិការ​រង គ.ជ.ប. លោក នី ចរិយា ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​ថ្មីៗ​នេះ បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ ក្រោម​ការ​ចោទ​ថា បាន​សូក​ប៉ាន់​សាក្សី និង​សម​គំនិត​ក្នុង​រឿង​សូក​ប៉ាន់​សាក្សី ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ត្រូវ​បាន​គេ​ទម្លាយ​ថា មាន​ទំនាក់​ទំនង​ស្នេហា​ចម្រូង​ចម្រាស់​ជាមួយ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា។

ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង ៤​រូប និង​មន្ត្រី​រៀប​ចំ​ការ​បោះ​ឆ្នោត។

គណបក្ស​នេះ​ក៏​បាន​ចូល​រួម​ត្រេកអរ​ជាមួយ​នឹង​ក្រុម​គ្រួសាររបស់​ពួកគេ​ផង​ដែរ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ។

បក្ស​ប្រឆាំង​បន្ថែម​ថា ខ្លួន​សង្ឃឹម​ថា នេះ​ជា​ជំហាន​មួយ​ដើម្បី​ឈាន​ទៅ​រក​ស្ថានភាព​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ