សកម្មជនដី​ធ្លីមួយចំនួនផ្អាកបណ្តោះអាសន្នយុទ្ធនាការអាវខ្មៅ

សកម្មជនមួយចំនួនដែលសកម្មក្នុងការធ្វើយុទ្ធនាការអាវខ្មៅសុំដោះលែងអ្នកជាប់ឃុំនោះបានសម្រេចផ្អាកយុទ្ធនាការរបស់ខ្លួនរយៈសិន ដោយគិតចាប់ពីថ្ងៃចន្ទទី១ខែសីហានេះ។

តំណាងសហគមន៍ SOS អ្នកស្រី ច្រាយ នីម ប្រាប់វីអូឌីថាសហគមន៍របស់អ្នកស្រីសម្រេចផ្អាកយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅមួយរយៈ ដោយសារតែខ្វះធនធានសម្រាប់ធ្វើ។ ប៉ុន្តែអ្នកស្រីអះអាងថាសម្រាប់ពីរទៅបីខែទៀតសហគមន៍ SOS នឹងបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនេះបន្តទៀត។

កាលពីសប្តាហ៍មុនសហគមន៍ SOS និងសហគមន៍បឹងកក់បានផ្អាកយុទ្ធការថ្ងៃចន្ទពណ៌ខ្មៅរួចម្តងមកហើយដោយសាររវល់ចូលរួមហែសពលោកបណ្ឌិត កែម ឡី ទៅកាន់ខេត្តតាកែវ។

តែទោះយ៉ាងណានៅសប្តាហ៍នេះសហគមន៍បឹងកក់ថាពួកគេនៅបន្តធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅនៅល្ងាចថ្ងៃនេះ។

តំណាងសហគមន៍បឹងកក់អ្នកស្រី ទេព វន្នី បានប្រាប់វីអូឌីថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅសម្រាប់សប្តាហ៍នេះនឹងចាប់នៅម៉ោង៥ល្ងាចដោយមានអ្នកចូលរួមប្រមាណ១០០នាក់។

អ្នកស្រីបញ្ជាក់ថាយុទ្ធនាការនេះគឺមានពិធីអុជទៀនធូបគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដើម្បីសុំឲ្យមានយុត្តិធម៌សម្រាប់លោកបណ្ឌិតនិងសុំឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សកំពុងជាប់ឃុំផងដែរ។

គួរបញ្ចាក់ថាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅបានធ្វើចំនួន១១លើករួចហើយ ដើម្បីសុំដោះលែងមន្រ្តីសិទ្ធិមនុស្សអាដហុក លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី និងមន្រ្តី គ.ជ.ប លោក នី ចរិយា ដែលជាប់ចោទពីបទសូកប៉ាន់សាក្សីនិងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងលោក កឹម សុខា។ អង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លីបានហៅការឃុំខ្លួននេះជារឿងអយុត្តិធម៌ ហើយពួកគេប្រកាសធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅទាមទារឲ្យមានការដោះលែងអ្នកជាប់ឃុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ