អ្នកជំនាញបញ្ជាក់ថាសត្វព្រៃចំនួន៦ក្បាលបានងាប់ដោយសារថ្នាំសម្លាប់សត្វល្អិតដែលពុលខ្លាំងហើយថាការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនេះក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប្រជាជនសហគមន៍ផងដែរ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ(WCS)ចុះថ្ងៃទី១សីហានេះ។
អង្គការសមាគមអភិរក្សសត្វព្រៃបានឲ្យដឹងថាសត្វព្រៃចំនួន៦ក្បាលរួមទាំងប្រភេទងាយរងគ្រោះ(សត្វសំពោធធំនិងសត្វកុកពាក់អំបោះ)និងប្រភេទជិតរងគ្រោះបំផុត(សត្វត្មាតត្នោត) ត្រូវបានក្រុមមន្រ្ដីល្បាតនិងក្រុមតាមដាននិងត្រួតពិនិត្យបានប្រទះឃើញស្លាប់នៅត្រពាំងផ្សេងគ្នាក្នុងស្រុកសៀមប៉ាងខេត្ដស្ទឹងត្រែងនិងខេត្ដព្រះ។
បណ្ឌិត Mathieu Pruvot អ្នកដឹកនាំកម្មវិធីគោលនយោបាយនិងសុខភាពសត្វព្រៃបាននិយាយថាការវិភាគនៅមន្ទីពិសោធន៍បានបង្ហាញថាសត្វព្រៃទាំងអស់នោះបានពុលស្លាប់ដោយសារថ្នាំសម្លាប់សត្វល្អិតដែលពុលខ្លាំង(Carbofuran)ដែលគេមានបំណងបាចចូលក្នុងទឹកត្រពាំងដើម្បីចាប់សត្វព្រៃ។ លោកបានបញ្ចាក់ថា៖ “ពួកយើងក៏បានរកឃើញផងដែរ សត្វចិញ្ចឹមតាមផ្ទះនិងប្រជាពលរដ្ឋសុទ្ធតែរងផលប៉ះពាល់ បន្ទាប់ពីគេបរិភោគទឹកដែលមានជាតិពុលនោះ។ យើងមានក្ដីព្រួយបារម្ភ ព្រោះប្រជាជនជាច្រើននាក់អាចឈឺ ដោយសារការហូបសាច់សត្វព្រៃដែលត្រូវបានបំពុលទាំងអស់នោះ“។
បណ្ឌិត Ross Sinclar នាយកអង្គការអភិរក្សសត្វព្រៃបានព្រមានថា៖ “ក្ដីបារម្ភបន្ដកើតមានឡើង ខណៈការបំពុលនេះក្នុងរយៈពេលខ្លីសោះបានក្លាយជាកំរាមកំហែងដ៏ធំចំពោះការអភិរក្សសត្វព្រៃនៅកម្ពុជា។ សកម្មភាពបន្ទាប់ពិតចាំបាច់ណាស់ក្នុងការដោះស្រាយបញ្ហានេះ“។
បើតាមសេចក្តីប្រកាសដដែលប្រភេទថ្នាំសម្លាប់សត្វល្អិត Carbamate មិនត្រឹមតែបំពុលសត្វនោះទេតែប៉ះពាល់ដល់សុខភាពមនុស្សដូចជាចុះទន់ខ្សោយ ចុកពោះ ក្អួត រាគរូស បែកញើស ហៀទឹកមាត់ ពិបាកដងដង្ហើម រោគសញ្ញាប្រព័ន្ធប្រសាទ និងឈានដល់ការបាត់បង់ជីវិត។ ថ្នាំ Carbofuran នេះត្រូវបានហាមប្រើប្រាស់នៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោក៕