ទឹម រដ្ឋា ទម្លាយ​រឿង​​​​​​​​​អ្នកជំនួញអាមេរិ​​​កសុំ​​ចែចូវ

ស្ងាត់ៗពីដំណឹងបាក់បែកស្នេហាជាមួយបុរសជនជាតិប៉ាគីស្ថានតែមួយរយៈប៉ុណ្ណោះ ក៏មានការទម្លាយថាកញ្ញា ទឹម រដ្ឋា បានជួបបុរសជាទីស្រឡាញ់ជាថ្មីទៀតហើយ បើទោះជានាងមិនទាន់សម្រេចចិត្តបើកចំហស្នេហាអោយគេបានដឹង។ បុរសដែលផ្ដើមចូលខ្លួនចែចូវនិងចង់បាននាងមកធ្វើជាគូគាប់នោះ គឺជាជនជាតិអាមេរិកតែម្ដង ហើយក៏ជាអ្នកជំនួញធំដុំមួយរូបផងដែរ។

ឆ្លើយតបនឹងការទម្លាយពីក្រុមតារាសិល្បៈដែលអះអាងថាកញ្ញា ទឹម រដ្ឋា មានបុរសជនជាតិអាគាំងក្រវែលសុំស្នេហ៍ ហើយក៏ត្រូវបាននាងឆ្លើយតបផងនោះ តារារូបនេះហាក់មានភាពស្ទាក់ស្ទើរក្នុងការលាតត្រដាង។

យ៉ាងណាមិញនាងបានទទួលស្គាល់ថាបុរសម្នាក់នោះពិតជាបានចូលខ្លួនមកសុំចែចូវតាមប្រពៃណីខ្មែរដូចអ្វីដែលមានការទម្លាយប្រាកដមែន។ ប៉ុន្តែនាងថាមិនទាន់ទទួលយកចំណងស្នេហ៍នោះពីបុរសជនជាតិអាមេរិកនៅឡើយទេ ទើបនាងមិនទាន់ចង់និយាយអ្វីច្រើន។ នាងអះអាងថាក្រោយបែកពីសង្សារជនជាតិប៉ាគីស្ថាន ហាក់ធ្វើអោយនារារែកទទួលយកស្នេហាពីបុរសណាម្នាក់ បើទោះជាបុរសជាជនជាតិអាមេរិកនោះមើលទៅចង់មានភាពច្បាស់លាស់ជាមួយនាង។ នាងថាចង់អោយច្បាស់បន្តិចទៀតសិន ទើបនាងនឹងប្រកាសជាសាធារណៈ។

កញ្ញា ទឹម រដ្ឋា នាពេលកន្លង
កញ្ញា ទឹម រដ្ឋា នាពេលកន្លង

នាងមានប្រសាសន៍ថា៖ «រឿងហ្នឹង វាចឹងមែនហើយ (បុរសអាមេរិកសុំចែចូវ) ប៉ុន្តែខ្ញុំអត់ទាន់ឆ្លើយអីពីគាត់ច្រើនទេ ព្រោះខ្ញុំចេះតែខ្លាចថាប្រកាសទៅ ហើយបែកគ្នាម្ដងទៀតដូចអ្នកមុន ទើបចង់លាក់សិន!»។

នាងថាបុរសដែលតាមស្រឡាញ់នាងមិនមែនគ្រាន់តែជនជាតិអាមេរិកម្នាក់នោះទេ គឺបុរសផ្សេងទាំងក្នុងស្រុក និងក្រៅស្រុកក៏មានច្រើនខ្លះដែរ ប៉ុន្តែនាងសារភាពថាបុរសជនជាតិអាមេរិកកំពុងមានឥទ្ធិពលជាងគេសម្រាប់ជម្រើសរបស់នាង។ នាងបានបង្ហើបថា បុរសនោះស្គាល់នាងក្នុងពេលដែលនាងបង្ហាញខ្លួនក្នុងកម្មវិធីរបស់ក្រុមហ៊ុនមួយ ហើយដោយបុរសម្នាក់នោះក្លាហានទំនាក់ទំនងមកនាងនិងបានសារភាពថាគេស្រឡាញ់នាងទើបទំនាក់ទំនងមានភាពរីកចំរើន។

ទឹម រដ្ឋា បញ្ជាក់ថាក្នុងចំណោមបុរសទាំងអស់ដែលចូលលែបខាយ បុរសអាមេរិកមានចំណុចត្រូវចិត្តនាងច្រើនជាងគេដោយសារតែលោកក្រៅពីមិនបានលែបខាយរបៀបមាក់ងាយ គឺថែមទាំងមានទឹកចិត្តនិងជាមនុស្សផ្ដល់កិត្តិយសដល់នាងដែលជាអ្នកសិល្បៈនោះផង។

នាងថាបុរសម្នាក់នោះគឺជាម្ចាស់ជំនួញធំមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលនាងត្រូវចិត្តមិនមែនដោយសារជំនួញនោះទេ គឺដោយសារតែលោកមិនមានជាប់ពាក់ព័ន្ធរឿងប្រពន្ធកូននិងជាបុរសដែលមិនមាក់ងាយដល់អាជីពរបស់នាងប៉ុណ្ណោះ។

នាងនិយាយថា៖ «រាល់ថ្ងៃមិនមែនមានតែគាត់ទេ ប៉ុន្តែខ្ញុំមើលទៅគាត់ល្អជាងគេ ដោយសារតាំងស្គាល់គាត់ គឺគាត់មិនដែលធ្វើអោយក្នុងន័យមើលស្រាលយើងទេ ហើយអ្វីដែលខ្ញុំសប្បាយចិត្តគឺគាត់ហ៊ានសុំយើងរៀបការ ដោយមិនមែនលែងសើចជាមួយយើងដូចអ្នកផ្សេងទេ ទើបខ្ញុំក៏មើលគាត់ដែរ»។ នាងបដិសេធបញ្ជាក់អោយដឹងពីអត្តសញ្ញាណបុរសម្នាក់នោះលម្អិត ដោយចង់ប្រើពេលសិក្សាអោយច្បាស់ជាងនេះ ទើបផ្ដល់ចម្លើយ។ កញ្ញាថាខ្លួនក៏មានអារម្មណ៍កំព្រាបេះដូងផងដែរ ក្រោយពេលឃើញតារាសិល្បៈកាន់តែច្រើនបន្តគ្នាចូលរោងការ។

ជាមួយនឹងការប្រកាសនេះគឺមានន័យថាកញ្ញា ទឹម រដ្ឋា ទំនងនឹងក្លាយជាតារាទី២ ដែលមានស្វាមីជាជនបរទេសដូចគ្នានឹងអ្នកនាង ទូច ស្រីលក្ខណ៍ ដែលមានស្វាមីជាបុរសជនជាតិហូឡង់។ នាងសារភាពថាបើមានភាពច្បាស់លាស់ ចំណងស្នេហ៍រវាងនាងនិងបុរសជាជនជាតិអាមេរិកនឹងក្លាយពីពិធីមង្គល។

នាងនិយាយថា៖ «ឥឡូវហ្នឹង! អត់ទាន់ដឹង ប៉ុន្តែអ្វីដូចការគ្រោងទុកអាចដែរ ដោយសារតែគាត់មើលទៅចង់ច្បាស់លាស់ជាមួយខ្ញុំ ប៉ុន្តែមកពីខ្ញុំចេះតែខ្លាចដូចកាលខ្ញុំនិងសង្សារចាស់ ទើបសុំពេលសិក្សាគាត់បន្តិចសិន»។

នាងប្រកាសថានាងនឹងអោយបុរសជនជាតិអាមេរិកចូលដណ្ដឹង បើក្រោយសិក្សានាងឃើញប្រាកដថាបុរសដែលនាងស្វែងយល់មិនមានការប្រែប្រួល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ