រដ្ឋាភិបាលរំពឹងថានឹងបង្កើន​ថវិកាដល់ជាង​២លាន​ដុល្លា​​រក្នុងមួយស្រុក

រដ្ឋា​ភិបាល​ប្រមើល​ថា​នៅ​ពេល​ខាង​មុខថវិកា​របស់រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិក្នុង​មួយ​ក្រុង​ ឬមួយស្រុក អាច​នឹង​​កើន​ដល់​ជាង​២លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំ ខណៈដែលបច្ចុប្បន្នទទួលបានតែចន្លោះ​​ពី២០ទៅ៣០ម៉ឺនដុល្លារ។

អនុរដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ និង​ជា​អនុប្រធាន​លេខា​ធិការ​ដ្ឋាន គ.ជ.អ.ប លោក ង៉ាន់ ចំរើន បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​បន្ទាប់​ពី​កិច្ច​ប្រជុំមួយ កាលពីថ្ងៃព្រឹកម្សិលមិញថា គណកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍតាម​បែបប្រជា​ធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ប្រមើល​ថាតាម​រយៈការ​ផ្ទេរ​ភារកិច្ច​ជា​​បន្ត​បន្ទាប់​ពី​រដ្ឋ​បាល​ថ្នាក់​ជាតិ​ ទៅ​ថ្នាក់​ក្រោម​ជាតិ​នោះ នា​ប៉ុន្មានឆ្នាំ​ខាង​មុខ​ថវិកា​របស់​ថ្នាក់​ក្រោម​ជាតិ​អាច​នឹង​ចំណាយ​ច្រើន​ជាងពេលបច្ចុប្បន្ននេះ។ លោក​ថា៖ « លេខាធិការដ្ឋានអាចប្រមើលថាទៅថ្ងៃអនាគតថវិកា ក្រុងស្រុក អាចមានថវិកាអាចដល់ ទៅ៣លានដុល្លារក្នុងមួយក្រុងស្រុក។ ក្នុងករណីដែលមុខងារទាំងអស់ត្រូវបានផ្ទេរទៅជាការទទួលខុសត្រូវរបស់រដ្ឋបាលក្រុងស្រុក ដូច្នេះការផ្ទេរដែលមានភ្ជាប់លក្ខខណ្ឌ​​ផ្អែកទៅតាមការផ្ទេរលក្ខខណ្ឌការងារនោះ វាធំជាងចំណែកថវិកា តែថវិកានោះវាអត់ធ្វើឲ្យថវិកាជាតិប៉ោងទេ។ ថវិកានៅដដែល គ្រាន់តែកាត់ពីក្រសួងស្ថាប័នផ្ទេរទៅឲ្យក្រុងស្រុកដូច្នេះវាមិនប៉ះពាល់ដល់ថវិកាជាតិទេ​​ »

បើ​តាម​លោក​ ង៉ាន់ ចំរើន ថវិកា​ដែល​រដ្ឋបា​ល​ថ្នាក់​ក្រុង ស្រុក ខណ្ឌ ចំណាយ​នា​ពេល​បច្ចុប្បន្ន​នេះមាន​ប្រមាណ​ពី​២០ ទៅ​៣០ម៉ឺនដុល្លារ​ក្នុង​មួយ​ក្រុង​ ស្រុក ដែល​៧០%​នៃ​ថវិកាទាំងនោះ​ត្រូវ​ចំណាយទៅ​លើ​ប្រាក់​​ខែ និងកិច្ច​ការ​រដ្ឋបាល ហើយនៅ​សល់​មិន​ដល់​៣០%​ទេ​ដែល​អាច​ប្រើ​ប្រាស់​បា​ន​សម្រាប់​ការ​អភិវឌ្ឍ​។

អ្នកឯកទេសខាងផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្កិ៍ មាន​ប្រសាសន៍​ថា ការ​ទម្លាក់​លុយ​ជាង​២​លាន​ដុល្លា​រ​នេះ​គឺ​​អាច​ទៅ​រួច តែ​អាច​មាន​បញ្ហានៃ​ដំណើរ​ការនេះ បើ​​មិនមានការ​ស្រុះ​ស្រួល​គ្នា​ពី​ក្រសួង​ពាក់​ព័ន្ធ​ជា​មួយ​ ក្រសួងសេដ្ឋកិច្ច និង​ក្រសួង​មហាផ្ទៃ។ ទោះ​ជា​យ៉ាង​ណា​លោក​ជឿ​ថា​ ​លទ្ធ​ផល​​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០១៧នេះ វា​អាចនឹង​​ជម្រុញ​ដល់​រដ្ឋាភិបាលឲ្យ​ធ្វើ​កិច្ច​ការ​នេះ​បានលឿន​ទៅ​មុខដើម្បី​ប្រជា​ប្រិយ​ភាព​ខ្លូននៅ​ឆ្នាំ​២០១៨។

លោក​ថា៖ « គ្រាន់តែគិតពីទំហំទឹកលុយគឺអាចទៅរួចវាមិនធំដុំអីប៉ុន្មានបើគ្រាន់តែយើងគិតពីទំហំទឹកលុយនោះណា ប្រសិនជាយើគិតជាក្រសួងនីមួយនោះណា។ ក៏ប៉ុន្តែដូចខ្ញុំនិយាយម្តងហើយម្តងទៀតអញ្ចឹងនៅពេលដែល យើងទៅបេះបោចយកពីមាត់របស់គេនោះណា។ នៅពេលដែលអនុវត្តន៍នោះ តើគេអនុវត្តន៍ភ្លាមទៅតាកាល​​បរិច្ឆេទដែល សន្មត់គ្នាយ៉ាងម៉េចហើយចំនួនទឹកប្រាក់ប៉ុន្មានដង តើវាជ្រុះតាមផ្លូវអីមិចខ្លះអាហ្នឹងមិនស្រួលតាមដែលយើងគិតណា »

​បើ​តាម​លោក ឱក សេរីសោភក្កិ៍ ដើម្បី​ធ្វើ​ឲ្យ​ដំណើ​ការ​​នេះអា​ច​ប្រព្រឹត្ត​ទៅ​បាន​វា​ចាំ​បាច់​ត្រូវ​ការឲ្យ​ក្រសួង​មហា​ផ្ទៃដើរ​តួរ​ជា​អ្នក​សម្រប​សម្រួល ជា​មួយ​ក្រសួង​សេដ្ឋកិច្ច ធ្វើ​យ៉ាង​ណារក​ឲ្យ​ឃើញ​គោល​ដៅ​តែ​មួយ​ក្នុង​ការ​ផ្ទេរ​នោះដើម្បី​ឲ្យការ​ទម្លាក់​ថវិកានោះអាច​ប្រព្រឹត្តិ​ទៅ​បាន​រលូន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ