នាយករដ្ឋមន្រ្តី៖ បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានថា បើអត់ពីលោកទៅគណបក្សប្រឆាំងក៏មិនអាច​គ្រប់គ្រង​កងកម្លាំងប្រដាប់អាវុធបានឡើយ។

ការព្រមាននេះធ្វើឡើង បន្ទាប់ពីមានព័ត៌មានមួយចំនួននៅតាមហ្វេសប៊ុក ដែលលោក ហ៊ុន សែន ថាបានបំផុសបំផុលថាលោក«ស្លាប់»។

ឆ្លើយតបករណីនេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត ដែលធ្វើនៅភ្នំពេញ នៅថ្ងៃទី១ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា «យកល្អទុកឲ្យ ហ៊ុន សែន រស់ បើបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកក៏ងាយស្លាប់ដែរ»។

លោក ហ៊ុន សែន បន្តថា ការអំពាវនាវទៅកាន់សមាជិក សមាជិការគណបក្សប្រឆាំងគឺមិនគ្រប់គ្រាន់ទេ ដោយលោកបានអំពាវនាវឲ្យមេបក្សប្រឆាំងមើលសមាជិក របស់ខ្លួនដោយលោកថា «បើសិនជាបន់ឲ្យ ហ៊ុន សែន ស្លាប់ អ្នកឯងហ្នឹងគ្រោះថ្នាក់មុនគេទេ។ វាជាទីកន្លែងកប់ខ្មោចរបស់អស់លោក»។

លោកនាយករដ្ឋមន្រ្តីបន្តថា«នៅពេលវេលានេះ ហ៊ុន សែន រក្សាបាននូវការគ្រប់គ្រង់លើកម្លាំងទាំងអស់។ ប៉ុន្តែអត់ពី ហ៊ុន សែន ​មិនប្រាកដទេ នៅពេលនោះគឺរដ្ឋាភិបាលអត់មានក្បាល តំណែងរបស់រដ្ឋមន្ត្រីទាំងអស់នឹងត្រូវរលាយជាស្វ័យប្រវត្តិ ប៉ុន្តែអ្នកដែលគ្រប់គ្រងអង្គភាពកងទ័ពដែលសិ្ថតមុខងារសាធារណគឺមិនត្រូវបានបាត់បង់ទេ។ អាហ្នឹងហើយ ជាចំណុចគ្រោះថ្នាក់សម្រាប់អស់លោក ព្រោះគេនៅតែបញ្ជាកម្លាំងប្រដាប់អាវុធ អង្គភាពរបស់គេបាន»។​

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនចាប់អារម្មណ៍​នឹងការ​លើក​ឡើង​របស់លោក ហ៊ុន សែន នោះទេ ដោយលោកថា ប្រទេសប្រជាធិបេតេយ្យ បើអត់ពីលោក ហ៊ុន សែន ក៏មិនខ្វះអ្នកដឹកនាំល្អដែរ។

លោកមានប្រសាសន៍ថា «ប្រទេសដែលជឿនលឿន ប្រទេសដែលដឹកនាំល្អ មានប្រជាធិបតេយ្យ​ មានការ​គោរពសិទ្ធិមនុស្ស គឺគេមិនរំពឹងតែមនុស្សតែម្នាក់ ឬពីរនាក់នោះទេ គេងតែងតែមានធនធានមនុស្ស​សម្រាប់ជួយប្រទេសជាតិ ពីព្រោះយើងបណ្តុះបណ្តាលធនធានមនុស្សរាប់ម៉ឺន រាប់សែននាក់ ហើយ​សុទ្ធតែធនធានមនុស្សរបស់ប្រទេសជាតិ ការដោះស្រាយបញ្ហានយោបាយ ការគ្រប់គ្រងប្រទេស​ ការគ្រប់គ្រងទំាងអស់ដែលពាក់ព័ន្ធនឹងអាយុជីវិត​ប្រទេសជាតិ យើងគួរតែមានសុដ្ឋិនិយមជាងនេះ​»

សាស្ត្រាចារ្យនយោបាយលោក សូ ចន្ថា យល់ថា ការលើកឡើងរបស់​លោក ហ៊ុន សែន មិនចំណេញផ្នែក​នយោ​បាយទេ ដោយថាកាន់តែធ្វើឲ្យបក្សកាន់អំណាច​បាត់បង់ការគំាទ្រពីពលរដ្ឋម្ចាស់ឆ្នោតទៅវិញ​។ លោក​​​​​ថា ដំណាក់កាលនេះ លោក ហ៊ុន សែន គួរតែរកវិធីដោះស្រាយបញ្ហាជាតិ កុំឲ្យបរទេស​ឈ្លាន​ពាន​និង​កេងចំណេញពី​​​កម្ពុជា។

លោកនិយាយថា «គ្មានអ្វីដែលទៀងនិងសេចក្តីស្លាប់នោះទេ គ្រាន់តែពេលវេលាណាមួយ មុននឹងអស់ជីវិត​ទៅ គួរតែបន្សល់ទុកនូវកេរ្តិ៍ឈ្មោះ កេរ្តិ៍តំណែងសម្រាប់យុវជនជំនាន់ក្រោយបានដឹង បានឮ អំពីស្នាដៃ អំពីកិត្តិសព្ទ ដែលមេដឹកនាំបានធ្វើ ទីពីរគួរតែបង្កើតនូវវប្បធម៌ថ្មី វប្បធម៌នៃការឯកភាពជាតិ វប្ប​ធម៌​ដោយ​យល់ វប្បធម៌នៃការបង្រួបបង្រួមជាតិ ដើម្បីឲ្យជាតិមានភាពខ្លំាងក្លា ហើយចំណុច​ទីបី គួរតែ​បង្ហាញ​នូវ​ភាព​ចាស់ទុំបែបនយោបាយ ហើយរៀប​ចំអ្នកបន្តវេនដែលធ្វើឲ្យជាតិមាន​ឯកភាព​ហើយនោះ​ វាជា​ចំណុច​ខ្លំា​ងរបស់ជាតិ ហើយបរទេសមិនអាចកេញចំណេញ ឬក៏ឈ្លានពានបាននោះទេ»

កាលពីអំឡុងខែកក្កដា ទីស្តីការគណៈរដ្ឋមន្រ្តីបានលើកពេល​ប្រជុំ​ប្រចាំ​សប្តាហ៍ចំនួនពីរ​ដង​ជាប់ៗគ្នា ហើយទន្ទឹមនឹងនោះក៏មានព័ត៌មាននៅតាមហ្វេសប៊ុកមួយចំនួនផ្សាយថា លោកនាយករដ្ឋមន្រ្តីកំពុងមានជំងឺទៅព្យាបាលនៅសិង្ហបុរី។ ប៉ុន្តែក្រោយមកប្រហែលពីរសប្តាហ៍លោក ហ៊ុន សែន បង្ហាញមុខជាមួយនឹងការបើករថយន្តដោយ​ខ្លួនឯងដែលលោកថាបើករថយន្តពលរដ្ឋនៅម្តុំផ្លូវ៦០ម៉ែត្រ៕

រាយការណ៍ដោយលោក ណាត សុភាព

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ