បទយកការណ៍៖ ពលរដ្ឋថាសំរាមនៅផ្សារដើមគ កំពុងបំផ្លាញសុខភាពប្រជាពលរដ្ឋនិងបរិស្ថាន

សំរាមនៅផ្សារដើមគ

បើ​ធ្វើ​ដំណើរ​តាម​មហារិថី​ម៉ៅសេទុង មក​ដល់​សង្កាត់ផ្សារដើមគ ​យើងនឹងឃើញមនុស្សម្នាធ្វើដំណើរទៅ​មកយ៉ាងអ៊ូអរនិងឥតឈប់ឈរ ស្ទើរ២៤ម៉ោងក្នុងមួយថ្ងៃ។ ហើយប្រសិនបើងាក​ខាង​ឆ្វេង​ដៃបន្តិច អ្នក​ដំណើរ​ទាំង​ឡាយ​ នឹង​មើល​ឃើញ​ស្លាកធំមួយ​សរសេរ​នៅ​លើ​ច្រក​ចូល​ផ្សារថា «ផ្សារ​ដើម​គ»។

ស្ថិតក្នុងបរិយាកាសអ៊ូអរ ដោយមានមនុស្សម្នាជាច្រើន កំពុងធ្វើដំណើរចុះឡើងៗ ដែលខ្លះកំពុងមមាញឹកជាមួយនឹងការលក់ដូរ ហើយ​អ្នក​ទិញ​ក៏កំពុង​រវល់​រក​មើល​ទំនិញ​ជា​តម្រូវ​ការ​របស់​ខ្លួន ដែលជារឿយៗ នៅពេល​ខ្យល់​បក់​មក តែងតែមានក្លិនស្អុយភាយៗ ចេញពីគំនរសំរាម​ (បន្លែនិងអាហារ) ​ដែល​អាជីវករ ​បានយកទៅ​ចោល​នៅ​ក្រោយ​ផ្សារ ក៏​ដូចជា​នៅ​ក្បែរៗ​កន្លែង​លក់​ម្នាក់ៗ​។

បើទោះជា​ក្លិន​សំរាម បង្កជា​បរិយាកាសអាប់​អួរ​ក៏ដោយ វានៅ​តែ​មិន​មែន​ជា​បញ្ហារារាំង​ដល់អាជីវករ​នៅ​ទីនោះ ​ក្នុងការបន្ត​ការ​ប្រកប​របរ​រក​ស៊ីរាល់​ថ្ងៃ​ ដោយអ្នកលក់ដូរមួយចំនួននិយាយថា ខ្លួនមានភាពស៊ាំទៅនឹងស្ថានភាពនេះទៅហើយ ប៉ុន្តែក៏ត្អូញត្អែរចំពោះភាពស្អុយ ឆ្អេះឆ្អាប និងកង្វះផាសុខភាព។

ស្ថិតក្នុងសំលៀកបំពាក់ពណ៌ខ្មៅ ដៃកាប់សាច់ជ្រូកយ៉ាងញ៉ាប់ស្អេក អ្នកស្រី កែវ ស្រី គឺជាអាជីវករលក់សាច់ជ្រូកម្នាក់ នៅផ្សារដើមគនេះអស់រយៈពេលជាង១០ឆ្នាំហើយ។ ពាក់ព័ន្ធនឹងបញ្ហាក្លិនសំរាមនៅផ្សារដើមគរ អ្នកស្រី មានប្រសាសន៍ថា៖ «ស្អុយវាឡើងចង់បាត់ក្លិនអស់ហើយ ហ្នឹងហើយដូចថា វាសមអស់ហើយ វាលែងដឹងក្លិនអីហើយ លែងដឹងថា សំរាមហ្នឹង វាស្អុយយ៉ាងម៉េចហើយ ដូចថាវាសមទៅណាស់ ព្រោះយើងលក់នៅហ្នឹងយូរហើយ»។

ស្រ្តីវ័យ៤៥ឆ្នាំ រូបនេះ បន្តថា៖ «អ្នកនៅក្នុងផ្សារ សំរាម វាស្ទះផង វាស្អុយផង អីញ្ចឹង អ្នកដែលគេដើរទិញ គេលែងចូលផ្សារទិញហើយ ចឹងយើងអាជីវករក្នុងផ្សារ ពិបាករឿងរកស៊ីណាស់ វាគគ្រិចពេកផ្សារ»។

អាជីវករលក់ត្រីងៀត វ័យ៤៥ឆ្នាំ អ្នក ស្រី លី ទូច ក៏បានអះអាងនិងបញ្ចេញទស្សនៈស្រដៀងគ្នាដែរ ដោយថា ថ្មីៗនេះ សំរាមនិងក្លិនស្អុយ បានចោទជាបញ្ហាមួយដ៏ចម្បង ជាពិសេសវាបានរំខានដល់ការលក់ដូររបស់អ្នកស្រី ដោយហេតុថា អ្នកទិញ មានភាពខ្ពើមរអើម ចំពោះភាពកង្វះនិងគ្មានអនាម័យនេះ។

អ្នកស្រីនិយាយថា«ឥឡូវបើយាយពីរឿងអត់ភ្ញៀវ វាអត់ហើយ វាស្ងាត់ជាងមុនឆ្ងាយណាស់ ការលក់ដូរយើងហ្នឹង វាថយចុះជាងពីមុនច្រើន…មានក្មេងខ្លះអីចឹង ម៉ាក់នាំមកផ្សារ អត់ចង់ចូលផ្សារ ព្រោះអីវាគគ្រិកពេក អញ្ចឹងអ្នកខ្លះ គេទៅតែផ្សារណា ដែលស្អាតៗចឹងទៅ»។

ចំពោះយុវតីសម្បុរស ពាក់អាវដៃខ្លីពណ៌ផ្កាឈូក ហើយស្លៀកសំពត់ខ្លីពណ៌ខ្មៅ ដែលមានឈ្មោះថា ទួន ស្រីណុច ក៏បាននិយាយយឺតៗ មួយៗថា រូបនាង មិនសូវជាចង់មកផ្សារដើមគនេះប៉ុន្មានទេ ដោយហេតុថា ឃើញសំរាម នៅគរពាសពេញ ហើយប្រាប់ថា វាធ្វើឲ្យប៉ះពាល់ដល់សុខភាព។

ដៃម្ខាងយួរត្រី និងបន្លែដែលទើបតែទិញ និងដៃម្ខាងទៀតដឹកដៃចៅប្រុស អ្នកស្រី ទូច សាវ៉ន គឺជាពលរដ្ឋនៅភ្នំពេញម្នាក ដែលចូលចិត្ត មកទិញអ៊ីវ៉ាន់នៅផ្សារដើមគ។

ស្ត្រីវ័យ៥៧ឆ្នាំរូបនេះ ថា បារម្ភពីបញ្ហាសុខភាព នៅពេលកន្លែងលក់ដូរកខ្វក់បែបនេះ ដោយ អ្នកស្រីស្នើសុំឲ្យមានការកែសម្រួលឲ្យផ្សារនេះ ពិសេសេ បញ្ហាសំរាមនិងអនាម័យ។

អ្នកស្រីមានប្រសាសន៍ថា៖ «ប៉ះពាល់ ប៉ះពាល់ វាស្អុយណាស់ អាញឺតដែរហ្នឹង តែចេះតែទ្រាំ តែយើងទិញ យើងរើសមើលទៅណាស់។ សំណូមពរ ទៅខាងរដ្ឋអំណាចហ្នឹងឲ្យជួយកែសម្រួល​ឲ្យស្អាតជាងហ្នឹង សំរាមហ្នឹងសូមឲ្យរៀបចំឲ្យស្អាតបាត ហើយយកទៅចោលកន្លែងគំនរឲ្យស្អាតណាស់ ឲ្យមានអនាម័យ»

សាស្ត្រាចារ្យខាងផ្នែកឱសថសាស្ត្រ លោកវេជ្ជបណ្ឌិត ថៃ គា ក៏បានបង្ហាញពីផលប៉ះពាល់របស់សំរាម ចំពោះសុខភាពរបស់មនុស្សថា​៖ «សំខាន់ប៉ះពាល់ទៅលើផ្លូវដង្ហើម ចំហាយក្លិនហ្នឹង វាដោយសារសារធាតុទាំងអស់នឹងវាស្អុយ វារលួយទៅ វាផុល វាហើរទៅ ចេញជាឧស្ម័ន ធ្វើឲ្យតុកសិច កើតចេញជាជំងឺផ្លូវដង្ហើម អាហ្នឹងនិយាយពីជំងឺ ហើយវាប៉ះពាល់ដល់សតិអារម្មណ៍ផ្លូវចិត្ត ដូចថាយើងពិបាកនឹងទ្រាំ ពិបាកនឹងរស់នៅ ចំពោះក្លិនស្អុយដែលជះចេញពីសម្រាមស្អុយរលួយ»។

លោកបន្តថា៖ «ចំហាយហ្នឹង វាអាចចូលមកដល់ក្នុងសួត ផ្លូវដង្ហើមនឹងវាអាចប៉ះពាល់ រលាកតាំងពីរន្ធច្រមុះ រហូតដល់ទងសួត ហើយអាចបង្កជាជំងឺសួតផ្សេងៗទៀត»។

ថ្វីបើមានការត្អូញត្អែពីបញ្ហាសំរាមនិងក្លិនស្អុយ អ្នកតំណាងក្រុមអនាម័យនៅផ្សាដើមគមួយរូប អ្នកស្រី ប៉ាក់ ឃីម បានអះអាងថា រូបនាងនិងក្រុម តែងតែប្រមូលសំរាម ជាទៀងទាត់ និងមិនសូវអាក់ខានឡើយ លុះត្រាតែរថយន្តដឹកសំរាមខូច ទើបមិនបានដឹក។

អ្នកស្រីថា៖ «ហ្នឹងហើយ យកទៀតទាត់តើអូន គ្រាន់ថាវាខូច អាត្រាក់ខូចម្តងៗ ឥឡូវជាងពុងធ្វើ តាជាងធ្វើហើយទៅ ដឹកអស់ហើយ មួយថ្ងៃៗ ដឹកអស់ដូចគ្នាហ្នឹង មួយថ្ងៃយក៣ទៅ៤​ដង។ ថ្ងៃស្ទះ ដឹកយប់អស់ៗ ហើយ អត់មាន ដែលសល់ទេ សំរាមហុយ ដឹកតែពេលយប់ ពេលថ្ងៃអត់សូវដឹកចេញទេ ព្រោះអីផ្លូវវាស្ទះ»។

អ្នកស្រី ក៏បានសំណូមពរឲ្យអ្នកលក់ជួយវេចខ្ចប់និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាតទាំងអស់គ្នា។

អនុប្រធានគណៈកម្មការគ្រប់គ្រងផ្សារដើមគ លោក វ៉ា សុវណ្ណារ៉ា មានប្រសាសន៍ថា នៅផ្សារដើមគ មានការប្រមូលសំរាមបានត្រឹមត្រូវ ហើយមានក្រុមហ៊ុនឯកជនចំនួនពីរ ជាអ្នកម៉ៅការរឿងសំរាមនេះ។

លោកថា៖ «មានក្រុមហ៊ុនឯកជនជាអ្នកម៉ៅការ បោសសម្អាត និងប្រមូលយកទៅចោលនៅទីលាន ជាក្រុមហ៊ុនឯកជន ហើយផ្សារយើងគ្រាន់តែមានសិទ្ធិមើល ណែនាំ […] គឺថា វាមានក្រុមហ៊ុនពីរណាស់ ទី១ គឺអ្នកប៉ាស៊ី ហើយប៉ាស៊ីហ្នឹងគាត់ទទួលបន្ទុកខាងបោសជុំវិញផ្សារហ្នឹង ក្នុងផ្សារហ្នឹង យកមកចាក់ក្នុងដេប៉ូ ហើយដឹកចេញពីដេប៉ូហ្នឹង មានក្រុមហ៊ុនឯកជនមួយទៀត ទទួលបន្ទុកម៉ៅការដឹកចេញយកទៅចោលនៅទីលានចោលសំរាម។ ហើយក្នុងនោះយើងក៏បានណែនាំឲ្យអ្នកដែលដឹកចេញពីដេប៉ូសំរាមហ្នឹង យកទៅចាក់ចោលហ្នឹងគឺ ឧស្សាហ៍លាង គឺ ក្នុងមួយសប្តាហ៍ យ៉ាងអន់ណាស់ក៏ពីរដងដែរ»។

លោក វ៉ា សុវណ្ណារ៉ា បន្ថែមថា ភ្នាក់ងារអនាម័យ ធ្វើការយកសម្រាម៣ដងក្នុងមួយថ្ងៃ ដោយពេលព្រឹកចាប់ពីម៉ោង៦ដល់៨ ពេលថ្ងៃ ចាប់ពីម៉ោង២ដល់ម៉ោង៥ និងពេលយប់ចាប់ពីម៉ោង៧ដល់ម៉ោង៩ ហើយក្នុងមួយថ្ងៃ សំរាមនៅផ្សារដើមគ មានប្រមាណជិត៣ម៉ឺនតោន។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានលើកឡើងថា លោកពុំបានដឹងថា បញ្ហាបរិស្ថាន បញ្ហាសំរាមស្អុយរលួយនៅផ្សារដើមគ មានកម្រិតណានោះទេ តែទោះជាយ៉ាងណាក្តី លោកថាបញ្ហាអនាម័យនេះ គឺជាបន្ទុករបស់ប្រធានផ្សារ ហើយលោក នឹងប្រាប់ទៅប្រធានផ្សារដើមគឲ្យត្រួតពិនិត្យ និងកែលំអរបន្ថែម។

ផ្សារដើមគ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ផ្សារ​នេះ ​គឺជា​កន្លែង​ប្រ​មូល​ផ្តុំ​បន្លែ ត្រី​ សាច់​យ៉ាង​ធំ​មួយ​ នៅក្នុង​រាជធានី​ភ្នំពេញ ហើយក្រៅពីបញ្ហាសម្រាម និងអនាម័យ ផ្សារនេះ ក៏ត្រូវបានគេដឹងថា ជាចំណុចដែលមានការកកស្ទះចរាចរណ៍ជាប្រចាំផងដែរ ជាពិសេសនៅពេលល្ងាច៕

រាយការណ៍បន្ថែមដោយ កញ្ញា ហ៊ាង សុគន្ធារី

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ