មគ្គុទេសក៍ថា ត្រីជាច្រើនបានងាប់នៅក្នុងកសិណ្សអង្គរ

ទឹកស្រះក្នុងតំបន់អង្គរ (ដោយ មាស មុនី)

មគ្គុទេសក៍ទេសចរណ៍អង្គរ ខេត្ដសៀមរាបឲ្យដឹងថា ត្រីជាច្រើនបានងាប់នៅក្នុងទឹកកសិណ្សទន្លេអុំនិងទឹកស្រះក្នុងតំបន់អង្គរ ដែលសង្ស័យថាទឹកនោះមានជាតិពុល។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរ ខេត្ដសៀមរាប លោក ខៀវ ធី ប្រាប់VODនៅព្រលប់ថ្ងៃទី៣១ខែសីហាថា ស្រះទឹកនៅខាងជើងអង្គរតូចនិងទឹកកសិណ្សនៅខ្លោងទ្វារទន្លេអុំចូលប្រាសាទបាយ័ន មានត្រីងាប់ជាច្រើនក្បាល ដែលលោកសង្ស័យថាទឹកនោះមានជាតិពុល។ លោកសង្កេតឃើញថា ត្រីងាប់នេះកើតឡើងជាច្រើនថ្ងៃមកហើយ ដោយក្នុងស្រះនៅខាងជើងអង្គរតូចត្រីងាប់ច្រើនជាងនៅកសិណ្សខាងមុខខ្លោងទ្វារទន្លេអុំ នៃប្រាសាទបាយ័ន។

លោក ខៀវ ធី អះអាងថា លោកបានឮពាក្យចចារ៉ាមថាមានគេដាក់ថ្នាំពុលឲ្យងាប់សារ៉ាយនិងស្លែនៅក្នុងទឹកនោះ ទើបណ្ដាលឲ្យត្រីងាប់។ លោកបន្ដថា៖ “យើងគ្រាន់តែជាមគ្គុទេសក៍ទេសចរណ៍ យើងឃើញខុសពីភាពប្រក្រតី យើងជួយជាដំណឹងដើម្បីឲ្យមានវិធានការឲ្យបានស្អាតល្អទាំងអស់គ្នា មោទនភាពរបស់យើងបាទ ហើយទៅតាមពាក្យចចាមអារ៉ាមមានឬអត់ សូមអាជ្ញាធរជាតិអប្សរាពិនិត្យទៅតាមហ្នឹងទៅបាទ“។

ករណីនេះប្រធាននាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល អះអាងថាគ្មានជាតិពុលនៅក្នុងទឹកនោះទេ។

អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាលោក ភឿន សុឃីម មានប្រសាសន៍នៅក្នុងវីដេអូឃ្លីបក្នុងគេហទំព័រអាជ្ញាធរនេះថា គ្មានត្រីងាប់នៅក្នុងកសិណ្សនោះទេដែលលោកថាទឹកដែលខុសប្រក្រតីតិចតួចនេះ ដោយសារមានជាតិផ្លង់តុងងាប់អណ្ដែតទឹក ហើយទឹកក្នុងកសិណ្សមិនគ្រប់ចំនួននិងគ្មានលំហូរចេញចូល។ លោកបន្ដថា៖ “កុំព្រួយបារម្ភអី អានេះមិនមានជាបញ្ហាអីទេ កើតឡើងជាធម្មតា បើយើងសម្អាតទៅ វា ស្អាតឡើងវិញហើយ“។

ទោះជាយ៉ាងណាប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរហៅការបកស្រាយរបស់មន្ដ្រីធនធានទឹកនៃអាជ្ញាធរជាតិអប្សរានេះ ថាមិនមានភាពច្បាស់លាស់ ដោយលោកទទួចឲ្យមន្ដ្រីជំនាញពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីឲ្យតំបន់រមណីយដ្ឋានប្រាសាទបុរាណមានបរិស្ថានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ