គ.ជ.ប ថាមេដឹកនាំបក្ស​ប្រឆំាងគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោត បើមិនបំពេញលក្ខខណ្ឌតាមច្បាប់

លោក​ កឹម សុខា​ និង​លោក ​សម រង្សុី ​កាន់​ដៃគ្នា​ កាលពីពេល​កន្លង​មក

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថាមេដឹកនាំគណបក្សប្រឆំាងអាចមិនមានសិទ្ធិឈរឈ្មោះជាតំណាងរាស្ត្រនៅអាណត្តិទី៦ ដោយថាបើមិនបានបំពេញលក្ខខណ្ឌតាមច្បាប់តម្រូវ។

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា៣៤ថ្មីមានខ្លឹមសារថា ជនណាដែលត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋឬបទបជ្ឈិម មិនមានសិទ្ធិបោះឆ្នោតឬឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ។

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមុខសាលាសង្កាត់បឹងកេងកងទី៣ បន្ទាប់ពីលោកចេញពីការិយាល័យចុះឈ្មោះបោះឆ្នោតថា មេដឹកនាំគណបក្សសង្គ្រោះជាតិ ជាពិសេសលោក សម រង្ស៊ី អាចប្រឈមនិងការបាត់សិទ្ធិជាបេក្ខជនឈរឈ្មោះបោះឆ្នោត ដោយលោកថាបើករណីបុគ្គលរូបនោះមិនបានបំពេញតាមលក្ខខណ្ឌច្បាប់។ លោកបន្តថា៖ “គាត់មានដីកា គេបង្គាប់ឲ្យចាប់ខ្លួន ដោយសារសាលាឧទ្ធរណ៍ដែលគេបានធ្វើការកាត់ទោស ហើយស្ថាពររួចហើយ ហើយគេចេញដីកាសម្រាប់បង្គាប់ឲ្យចាប់ខ្លួន តែចូលមកគេចាប់ ហើយបើគេចាប់ប្រកដជាចូលទៅក្នុងមន្ទីរឃុំឃំាងឬមន្ទីរនោះដាក់លក្ខខណ្ឌហ្នឹងហើយ“។

ការថ្លែងរបស់ប្រធាន គ.ជ.ប ស្របពេលនឹងអនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ក៏កំពុងជាប់បណ្តឹងនៅតុលាការគ្រោងបើកសវនាការនៅថ្ងៃទី៩ ខែកញ្ញា ខណៈលោក សម រង្ស៊ី កំពុងនិរទេសខ្លួនទៅក្រៅប្រទេស។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ មានប្រសាសន៍ថាលោកមិនចាប់អារម្មណ៍និងការលើកឡើងរបស់ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក ករណីមេដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ ដោយលោកថា ករណីនេះជារឿងនយោបាយ៖ “មិនមានអ្វីចំឡែកទេ ពីព្រោះករណីរឿងលោកប្រធាន សម រង្ស៊ី ជារឿងនយោបាយ ហើយកាលពីឆ្នាំ២០១៣ យើងដោះស្រាយ ក៏មានដំណោះស្រាយនយោបាយ កាលណាមានដំណោះស្រាយនយោបាយអ្វីៗវានឹងដើរទៅរលូនហើយ ខ្ញុំមិនចាប់អារម្មណ៍នឹងអ្នកធ្វើអត្ថាធិប្បាយទេនៅពេលនេះ“។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតហៅ ERA លោក យង់ គិមអេង មានប្រសាសន៍ប្រហាក់ប្រហែលនឹងលោក យឹម សុវណ្ណ ដែរ ប៉ុន្តែលោកថាអ្នកនយោបាយត្រូវតែចរចាគ្នារកដំណោះស្រាយនយោបាយ ដើម្បីឲ្យការបោះឆ្នោតប្រកបដោយសមភាព ដោយថាកុំឲ្យសហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋរិះគន់ថា ការបោះឆ្នោតមិនមានសេរីនិងយុត្តិធម៌៖ “គេហៅថាក្រេឌីតនៃការបោះឆ្នោតយើង គឺកំរិតសេរីនិងយុត្តិធម៌ គឺអាចធ្វើឲ្យគេចោទជាសំនួរសួរដែរ បើសិនជាមានបញ្ហាបែបហ្នឹង ហើយពីសកម្មភាពនៅក្នុងការចូលរួមរបស់គណបក្សនយោបាយនៅក្នុងការបោះឆ្នោត ជាពិសេសគណបក្សប្រកួតប្រជែង“។

គួរបញ្ជាក់ថាលោក សម រង្ស៊ី ក៏ត្រូវបានតុលាការចេញដីកាចាប់ខ្លួនដាក់ពន្ធនាគារ២ឆ្នាំ ពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើង ដែលប្តឹងដោយលោក ហោ ណាំហុង អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បន្ទាប់ពីលោក សម រង្ស៊ី ថ្លែងនៅសារមន្ទីរជើងឯកកាលពីឆ្នាំ២០០៨ថា លោក ហោ ណាំហុង ជាអតីតមេគុកបឹងត្របែកសម័យខ្មែរក្រហម។ លោក សម រង្ស៊ី ក៏ជាប់បណ្តឹង៣ទៀតដែលសុទ្ធតែជាបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជានិងមន្រ្តីគណបក្សកាន់អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ