CCIM ស្នើឲ្យសហគមន៍អន្តរជាតិ​​ជួយដល់​ការបោះឆ្នោតឆ្នាំក្រោយឲ្យត្រឹមត្រូវ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 8:30 AM | បោះឆ្នោត | 0 | 3366 មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានសម្តែងការព្រួយបារម្ភថា សកម្មភាពរដ្ឋាភិបាលបង្រ្កាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថានប័នលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ​ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅក្រោយ។​

តាម​សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅថ្ងៃសុក្រនេះ បានលើកឡើងពីការព្រួយបារម្ភដោយថា សារព័ត៌មានឌឹខេមបូឌាដេលី បានក្លាយជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ដែលត្រូវបង្ក្រាប​នោះ រួមទាំងការ​បិទស្ថានីយ៍វិទ្យុចំនួន​១៩ ដែលបានជួលម៉ោងផ្សាយអោយ​វិទ្យុសំទ្បេងប្រជាធិបតេយ្យ វីអូឌី វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក​ ក្រោយពីរដ្ឋាភិបាល​បានបិទវិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលជាអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិក។​

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យសម្តែងក្តីបារម្ភថា ការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងស្ថាប័នលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនេះ នឹងអាចប៉ះពាល់ដល់ដំណើរការបោះឆ្នោតសកលនៅឆ្នាំក្រោយ។​

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង​ បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «វាល្មមដល់ពេលដែលដៃគូអភិវឌ្ឍរបស់ប្រទេសកម្ពុជាចាប់ផ្តើមប្រើប្រាស់ឥទ្ធិពលពាណិជ្ជកម្មរបស់ខ្លួន ដើម្បីធានាអោយមាននូវការបោះឆ្នោតមួយដែរសេរីនិងយុត្តិធម៌នៅឆ្នាំក្រោយ»

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ​២០១៨។ ទន្ទឹម​នឹងនេះ រដ្ឋាភិបាល​ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអះអាងថា កំពុងរឹតបន្តឹងការអនុវត្តច្បាប់ដោយព្រមានបិទសារព័ត៌មាន​ និងបានបណ្តេញអង្គការ NDI ដែរធ្វើការផ្នែកលើកកម្ពស់ប្រជាធិបតេយ្យឲ្យចេញពីកម្ពុជា៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required