ពលរដ្ឋជំរុញឲ្យស្ថាប័នពាក់ព័ន្ធដោះស្រាយបញ្ហាដីដែលថាខ្ចីធ្វើបន្ទាយទាហាន

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:49 PM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1387 ពលរដ្ឋរស់នៅសង្កាត់ចោមចៅដែលមានបញ្ហាដីធ្លី

ពលរដ្ឋជាង១០០នាក់រស់នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃសុក្រនេះ នាំគ្នាមកតវ៉ា នៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នមួយនេះ ជួយពន្លឿនការដោះស្រាយបញ្ហាដីធ្លីពួកគេ ដែលបានអូសបន្លាយជិត២០ឆ្នាំមកនេះ។

តំណាងពលរដ្ឋ លោក ជា សុខ ប្រាប់អ្នកសារព័ត៌មាននៅកន្លែងតវ៉ាថា កាលពីថ្ងៃទី២ខែមីនាឆ្នាំ២០១៧ រដ្ឋមន្ត្រី​​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ បានចេញសេចក្ដីប្រកាសមួយ ដោយមានការយល់​ព្រមពីលោកនាយករដ្ឋមន្ត្រី ថានឹងចុះវាស់ដីឲ្យពួកគាត់ ដែលជាតំណាង៣៥គ្រួសារ ដើម្បីយកទៅចែកគ្នាបន្តជាមួយពល​រដ្ឋ១១០គ្រួសារទៀត ប៉ុន្តែមកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានដីឡើយ។

លោកបន្តថា ពួកគាត់មកតវ៉ានៅថ្ងៃនេះ ដើម្បីឲ្យសាលារាជធានីភ្នំពេញ ជួយជំរុញទៅក្រសួងការពារជាតិដោះស្រាយបញ្ហាឲ្យពួកគាត់។

លោកថា៖ «មកដល់ថ្ងៃឥឡូវ វាហួសថ្ងៃកំណត់បាត់ទៅហើយ ពុំមានសេចក្ដីជូនដំណឹងអីស្ងាត់ឈឹងតែម្ដង ដល់ចឹងហើយ បានខ្ញុំមករកសាលាក្រុង ដែលជាអាណាព្យាបាលរបស់ពួកខ្ញុំជាប្រជាពលរដ្ឋ ដើម្បីជួយជំរុញក្នុងការដោះស្រាយ»។

លោក ជា សុខ បន្តថា កន្លងមកពួកគាត់បានដើរដាក់ញត្តិនៅតាមស្ថាប័នរដ្ឋផ្សេងៗ ដើម្បីឲ្យជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីជាមួយក្រសួងការពារជាតិ ប៉ុន្តែពុំទទួលបានលទ្ធផលអ្វីឡើយ។

តំណាងពលរដ្ឋម្នាក់ទៀត អ្នកស្រី សួស អិត មានប្រសាសន៍ថា ពួកគាត់បានស្នើទៅក្រសួងការពារជាតិឲ្យពន្លឿការដោះស្រាយ ប៉ុន្តែក្រសួងនៅតែមិនដោះស្រាយ ហើយក៏មិនបានឆ្លើយតបមកពួកគាត់វិញដែរ។

អ្នកស្រីបន្តថា ដីជាង៩ហិចតានេះ ក្រសួងការពារជាតិប្រគល់ឲ្យពួកគាត់ តែ៤ហិចតាវិញ ហើយពួកគាត់ក៏ព្រមទទួលតាមគោលនយោបាយឈ្នះៗរបស់រដ្ឋាភិបាល ប៉ុន្តែមកដល់ថ្ងៃនេះ ពួកគាត់នៅមិនទាន់ទទួលបានដីឡើយ គឺមានតែនៅក្នុងប្រដាសប៉ុណ្ណោះ។

អ្នកស្រីថា៖ «គាត់​ថា​ គាត់​ចាំ​ដោះ​ស្រាយ​ឲ្យ តែ​ដល់​ពេល​ខ្ញុំ​មក​ គាត់​មិន​បាន​ដោះ​ស្រាយ​អ្វី​ឲ្យ​ទេ ១៧​ឆ្នាំ​ហើយ​ហ្នឹង។ ឯកសារដែល​មាន​គ្រប់​គ្រាន់ លិខិតដែល​​គាត់​បាន​ឲ្យ​មក​ពួក​ខ្ញុំ​ហ្នឹង គឺតាំង​ពី​ថ្ងៃ២ ខែ៣ ឆ្នាំ២០១៧ គឺគាត់​ត្រូវ​ប្រគល់​ឲ្យ​មក​ខ្ញុំ​ តែ​គាត់​មិន​បាន​ឲ្យ​មក​ទេ តែ​ដី​នៅ​ក្នុង​កន្លែង​ទាហាន​ហ្នឹង ​គឺគាត់​ខ្ចី​របស់​ប្រជាពលរដ្ឋ​ហ្នឹង គាត់​លក់​ឲ្យ​គេ​ជុំ​វិញ​អស់​ហើយ ហើយ​គាត់​ទុក​របង ឲ្យ​ទាហាន​នៅ​តែ​បន្តិចទេ ​អញ្ជឹង​ខាង​ខ្ញុំ​មក​តវ៉ា​យក​ដី​ពួក​ខ្ញុំ​វិញ គាត់​ថា ​គាត់​ប្រគល់​ឲ្យ​ខ្ញុំ​ តែ​មិន​បាន​ប្រគល់ឲ្យ​សោះ ​ហ្នឹង​ហើយ​ខ្ញុំ​ចង់​និយាយតែ​ប៉ុណ្នឹង​ទេ»។

ករណីនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងនេះនៅឡើយ។

ដោយឡែក ​អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ពាក់ព័ន្ធរឿងនេះ សាលារាជធានីភ្នំពេញ នឹងចុះសិក្សាពីបញ្ហានេះសិន មុននឹងធ្វើការដោះស្រាយ។

លោកថា៖ «ពាក់ព័ន្ធជាមួយការងារនេះ ​តាមការសួរនាំជាមួយតំណាងពីព្រឹកមិញ គឺ​ពាក់ព័ន្ធជាមួយដីបន្ទាយរបស់ក្រសួងការពារជាតិ ហើយកិច្ចការអស់ហ្នឹង ដូចជាមានចំណារបស់រដ្ឋាភិបាលអស់ហើយ ប៉ុន្តែយ៉ាងណា ដោយសារតែពួកគាត់អត់បានដាក់ពាក្យ ចាំមើលក្រុមការងារយើងពិនិត្យលទ្ធភាព ឬក៏គិតគួរពីករណីហ្នឹងសិន»។

នាយកលេខាធិកាដ្ឋានក្រុមការងារពិសេសសិទ្ធិលំនៅឋានលោក សៀ ភារម្យ យល់ថា អ្នកដែលអាចដោះស្រាយបញ្ហាដីធ្លីនេះ មានតែលោកនាយករដ្ឋមន្រ្តី និងស្ថាប័នដែលពាក់ព័ន្ធប៉ុណ្ណោះ។ លោកស្នើឲ្យរដ្ឋាភិបាល ឬ ក៏ស្ថាប័នដែលពាក់ព័ន្ធពន្លឿនការដោះស្រាយ ដើម្បីឲ្យប្រជាពលរដ្ឋឈប់ដើរតវ៉ាទៀត។

លោកថា៖ «ព្រឹកមិញខ្ញុំមិនទាន់ទទួលបានដំណឹងទេ ចាំមើលទុកពេលសិន ចាំមើលថ្ងៃចន្ទខ្ញុំឆ្លើយតបមកវិញ ខ្ញុំគិតថារឿងនេះ សាលារាជធានីភ្នំពេញ លោកមិនមានសិទ្ធិអីដោះស្រាយជាមួយក្រសួងការពារជាតិទេ ខ្ញុំគិតថាមានតែនាយករដ្ឋមន្ត្រី ដែលលោកមានសិទ្ធិអំណាច ក្នុងការបញ្ជាទៅក្រសួងការពារជាតិ ដូច្នេះខ្ញុំគិតថាមានតែលោកនាយករដ្ឋមន្ត្រីទេ ដែលអាចសម្របសម្រួលក៏បញ្ជាទៅក្រសួងការពារជាតិ ដើម្បីឲ្យលោកពន្លឿនការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឲ្យចប់សព្វគ្រប់ឆាប់ៗ ដូចថ្ងៃមុខសម្ដេចនាយរដ្ឋមន្ត្រី លោកបញ្ជាមកអភិបាលរាជធានីភ្នំពេញនៅវិមានសន្តិភាពថ្ងៃមុន ទិវាថ្នាក់ជាតិស្ដីពីធម្មជាតិថ្ងៃមុន»។

ក្រុមពលរដ្ឋទាំងនោះព្រមានថា ប្រសិនបើសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធមិនព្រមដោះស្រាយទេ ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យលោកជួយដោះស្រាយ៕

បើតាមពលរដ្ឋ ដីដែលមេទាហានខ្ចីនោះ មានទំហំជាង ៩ហិចតា ហើយកាលពីសម័យសង្គ្រាមមេទាហានម្នាក់ឈ្មោះ សុខ ប៉ាង បានមកខ្ចីដីពួកគាត់ ដើម្បីយកទៅធ្វើជាបន្ទាយទាហាន ហើយសន្យាថា ប្រគល់ឲ្យពួក​គាត់វិញ​នៅឆ្នាំ២០០០ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ ក្រសួងការពារជាតិ មិនបានប្រគល់ឲ្យពួកគជាម្ចាស់ដីទៅតាមការសន្យាឡើយ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required