បណ្តុំ​អង្គការ​អន្តរជាតិទាមទារ​ឲ្យ​​កម្ពុជាបញ្ឃប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស

បណ្តុំ​អង្គការ​អន្តរជាតិ ដែលបាន​ចេញ​សេច​ក្តី​ប្រកាស​រួម​ រិះ​គន់​ដល់​សកម្មភាពបិទអង្គការ និង ការគំរាម​កំហែង​សារព័ត៌​មាន​ឯករាជ្យ​ ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា

បណ្តុំ​អង្គការ​អន្តរជាតិ​ប្រមាណ១២ស្ថាប័​ន​ បាន​ចេញ​សេច​ក្តី​ប្រកាស​រួម​ រិះ​គន់​ដល់​សកម្មភាពបិទអង្គការ និង ការគំរាម​កំហែង​សារព័ត៌​មាន​ឯករាជ្យ​ ពី​ភាគី​រដ្ឋាភិបាល​កម្ពុជា​ ដោយ​ថារដ្ឋាភិបាល​បាន​រំលោភ​​ដល់​សិទ្ធិមនុស្ស និងសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។​

សេចក្តី​ប្រកាស​រួម​មួយចេញផ្សាយ​ថ្ងៃទី១កញ្ញា ​អង្គការ​អន្តរជាតិ​ដែលធ្វើការខាងសិទ្ធិមនុស្សចំនួន១២ ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភពី​ស្ថានភាព​សិទ្ធិ​មនុស្ស ព្រម​ទាំង​សេរី​ភាព​សារព័ត៌មាន​នៅ​កម្ពុជា​នាពេលបច្ចុប្បន្ន និង​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា ​អំពី​សកម្មភាព​កន្លងទៅនេះ។

សេចក្តី​ប្រកាស​ដដែល​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​របស់​រដ្ឋាភិបាល​បែប​នេះ អាច​ធ្វើ​ឲ្យមាន​ការ​ប៉ះពាល់​ដល់ តម្លាភាព និងសេរី​ភាព​នៃ​ការ​បោះ​ឆ្នោតជាតិ​នៅ​ឆ្នាំ​ក្រោយ​នេះ។

ក្រុម​អង្គការទាំង​នោះបាន​ធ្វើ​ការ​ថ្កោល​ទោស​រដ្ឋាភិបាល​អំពី​ការប្រកាស​បិទនិង​បញ្ឈប់​សកម្មភាព វិទ្យាស្ថាន​ជាតិ​ប្រជាធិប​តេយ្យ ជា​​អង្គការ​អន្តរជាតិដែល​ទទួល​ជំនួយ​ពី​អាមេរិក កាល​ពី​ថ្ងៃទី២៣ខែសីហា ដោយ​ថាអង្គការ​នេះ ធ្វើ​ការ​ដើម្បីលើក​កម្ពស់​ប្រជាធិបតេយ្យ ព្រម​ទាំងសិទ្ធិ​មនុស្សដែល​អាច​ទុក​ចិត្ត​បំផុត។ ការព្រួយ​បារម្ភមួយ​ទៀត គឺការព្រមានបិទ​បន្ទប់​ស្ថានការណ៍​។

បើតាមសេចក្តីប្រកាស រដ្ឋាភិបាល​កម្ពុជា ​នៅ​ចុង​ខែសីហានេះ ក៏បានគំរាម​កំហែង​ដល់​ការ​ផ្សាយ​របស់​វិទ្យុឯករាជ្យ​មួយ​ចំនួនដូចជា វិទ្យុ​សម្លេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ី​សេរី (RFA) និងវិទ្យុសម្លេង​ប្រជាធិបតេយ្យ (VOD) ជាពិសេស គឺ​ការ​គំរាម​កំហែងលើ​សារព័ត៌មាន​អន្តរជាតិ The Cambodia Daily ដែលបច្ចុប្បន្ន​​ ​ប្រឈម​នឹង​ការ​បិទ​ស្ថាប័ន​ ដោយ​មូល​ហេតុការមិនបានបង់ពន្ធលើការធ្វើអាជីវកម្ម។

ទន្ទឹម​នឹង​ការ​រិះគន់ អង្គការ​ទាំង​នោះ​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គួរយក​ចិត្ត​ទុក​ដាក់​និង​គាំទ្រការងារ​របស់​ពួកគេ និងបើក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ចូល​រួម​ក្នុង​លិទ្ធិប្រជាធិបតេយ្យ​ឲ្យ​បាន​ច្រើនជាង​មុន ជាជាង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អង្គការ​អន្តរជាតិ និងសារព័ត៌មាន​ឯក​រាជ្យ​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ