លោក ហ៊ុន សែន និងលោក កឹម សុខា ផ្ញើសារផ្សេងគ្នា នៅថ្ងៃចុះឈ្មោះបោះឆ្នោតដំបូង

ដោយ លោក ញឹម សុខន​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 10:32 AM | បោះឆ្នោត | 0 | 2435 ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និង ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៤មិថុនា

មេដឹកនាំកំពូលរបស់បក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានផ្ញើសារនយោបាយផ្សេងគ្នា ទៅកាន់សាធារណជន នៅថ្ងៃដំបូងនៃដំណើរចុះឈ្មោះបោះឆ្នោតសម្រា​ប់ឆ្នាំ​២០១៨។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសថា ខ្លួននឹងប្រើពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១ខែកញ្ញា រហូត​ដល់​ថ្ងៃ​ទី៩វិច្ឆិកាឆ្នាំ២០១៧ សម្រា​​​​​ប់ធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតឡើងវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាមេដឹកនាំបក្សកាន់អំណាច នៅថ្ងៃទី១ខែកញ្ញានេះ បានបង្ហោះរូបភាពជាច្រើន កាលពីពេលលោកចុះជួបកម្មករ ក្នុងវិស័យកាត់ដេរ រូមទាំងរូបភាពលោកពិសារបាយរួមគ្នា ជាមួយកម្មករ។ ខ្លឹមសារលើបណ្តាញសង្គមនោះ ក៏បានលើកឡើងផងដែរថា លោក ហ៊ុន​ សែន បានយកចិត្តទុកដាក់​ពីសុខទុក្ខ របស់ពលរដ្ឋនិងកម្មករតាំងពីដើមរៀងមក។

ខ្លឹមសារលើហ្វេសប៊ុកមួយឃ្លាសរសេរថា៖ «សម្តេចតេជោ ហ៊ុន សែន បានខិតខំខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស។ កាលពីកម្ពុជាខ្វះខាតស្បៀងអាហារ យើងបានឃើញ សម្តេចតេជោ អញ្ជើញចុះតាមជ​​​​បទស្រុកស្រែចំការ ដោះស្រា​​យបញ្ហាចាំបាច់តូចធំនានា ជូនដល់បងប្អូនកសិករគ្រប់ទីកន្លែងគ្មានពេលម្រាកឡើយ។ ពេលនេះ គឺកម្ពុជាលែងខ្វះខាតស្រូវអង្ករ ទទួលទានទៀតហើយ ប៉ុន្តែនៅសល់ស្រូវរាប់លានតោ​​នក្នុងមួយឆ្នាំៗ»។

ចំណែកមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា វិញនៅថ្ងៃទី១ខែកញ្ញានេះ បានបង្ហោះវីដេ​អូឃ្លី​បលើ​បណ្តា​​​ញសង្គម ដោយអំពាវនាវឲ្យពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតនិងគ្រប់អាយុទៅបោះឆ្នោត ឲ្យទៅចុះ​ឈ្មោះ​បោះឆ្នោត ដើម្បីមានសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត ដោយថាជាជាងធ្វើព្រងើយ​កន្តើយ​ទុក​ឲ្យ​​បរទេសទៅសម្រេចជោគវាសនាជំនួសខ្លួន។

លោកថា៖ «បើបងប្អូន មិនបានទៅបោះឆ្នោតមានន័យថា​ បងប្អូនទុកឲ្យអ្នកដទៃសម្រេចជោគវាសនា​​អនាគតប្រទេសជាតិ និងអនាគតបងប្អូនជំនួសបងប្អូន គឺមានន័យថាបងប្អូនបាត់សិទ្ធិជាម្ចាស់ប្រទេស​​ជាតិជាមិនខា​ន»។

អ្នកវិភាគដាក់ការព្រួយបារម្ភថា ការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ លំហូប្រជាធិបតេយ្យនឹងរួមតូច តាម​រ​យៈច្បា​ប់គណបក្សនយោបាយ​ ច្បាប់គ្រប់គ្រងអង្គការសង្គមស៊ីវិល និងច្បាប់មួយចំនួនទៀត ដែលតំ​ណាង​រាស្ត្របក្សកាន់អំណាច ដាក់ឲ្យប្រើប្រាស់ទាំងចម្រូងចម្រាស រួមទាំងចំ​ណាត់ការឲ្យបិទវិទ្យាស្ថានជា​តិប្រជាធិបតេយ្យ NDI របស់អាមេរិកប្រចំាកម្ពុជា និងបិទប្រព័ន្ធ​ផ្សព្វផ្សាយឯ​ករាជ្យមុនការ​​បោះ​​ឆ្នោតមកដល់៕

សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required