សហព្រះអាជ្ញានៃសាលាក្តីខ្មែរក្រហម ខ្វែងគំនិតគ្នារឿងយកជនជាប់ចោទមកកាត់ទោស

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 10:58 AM | ខែ្មរក្រហម | 0 | 880 លោក អោ អាន (ECCC)

សហព្រះរាជអាជ្ញាអន្ដរជាតិនៃសាលាក្ដីខ្មែរក្រហមសន្និដ្ឋានថា ជនជាប់ចោទ អោ អាន ស្ថិតនៅក្រោមយុត្ថាធិការ អ.វ.ត.ក ខណៈព្រះរាជអាជ្ញាជាតិយល់ផ្សេងថា មិនគួរយករូបគាត់មកកាត់ទោស។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី៣១សីហាឆ្នាំ២០១៧ អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហម លោក នេត ភត្រា ឲ្យដឹងថា កាលពីថ្ងៃទី១៨ និងថ្ងៃទី២១សីហាកន្លងទៅនេះ សហព្រះរាជអាជ្ញាជាតិនិងអន្ដរជាតិ ​បានដាក់សេចក្ដីសន្និដ្ឋានស្ថាពរចំនួន២ ដាច់ដោយឡែក និងមានទស្សនៈផ្ទុយគ្នា ក្នុងសំណុំរឿង ០០៤/០២ ដែលមានឈ្មោះ អោ អាន ជាជនជាប់ចោទ។​

បើតាមសេចក្ដីថ្លែងការណ៍ សហព្រះរាជអាជ្ញាជាតិយល់ថា លោក អោ អាន មិនគួរត្រូវបាន អ.វ.ត.ក នាំយកទៅកាត់ទោសនោះទេ ដោយថា ជនជាប់ចោទរូបនេះ មិនមែនជាមេដឹកនាំ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ សហព្រះរាជអាជ្ញាជាតិស្នើឲ្យ អ.វ.ត.ក ជំនុំជម្រះតែលើជនជាប់ចោទ ដែលមានស្រាប់បានហើយ ដោយថា តាមច្បាប់ អ.វ.ត.ក និងកិច្ចព្រមព្រៀង ជាមួយអង្គការសហប្រជាជាតិ គឺតម្រូវឲ្យតុលាការកូនកាត់មួយនេះ គិតគូរផងដែរ អំពីស្ថិរភាព ការបង្រួបបង្រួមជាតិ សន្ដិសុខ និងសន្ដិភាព នៅកម្ពុជា។

ប៉ុន្ដែក្នុងសេចក្ដីសន្និសដ្ឋានស្ថាពរ ដែលចំនួនដល់ទៅ១៨៨ទំព័រ សហព្រះរាជអាជ្ញាអន្ដរជាតិ យល់ឃើញថា លោក អោ អាន​​ ស្ថិតក្រោមយុត្ថាធិការរបស់តុលាការនេះ ដោយថា មានភស្ដុតាងនៃការស៊ើបអង្កេត បញ្ជាក់ថា គាត់ជាមេដឹកនាំជាន់ខ្ពស់ ឬអ្នកទទួលខុសត្រូវខ្ពស់បំផុត។

សហព្រះរាជអាជ្ញាអន្ដរជាតិ យោងលើភស្ដុតាង និងឯកសារជាច្រើន ដែលខ្លួនសន្និដ្ឋានថា អោ អាន បានប្រព្រឹត្តបទប្រល័យពូជសាសន៍លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញខាងសាសនា និងនយោបាយ នងិអំពើអមនុស្សធម៌ផ្សេងៗទៀត។

លោក អោ អាន រងការចោទថា ប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍លើជនជាតិចាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ រួមមាន ការធ្វើមនុស្សឃាត ការសម្លាប់រង្គាល ការធ្វើឲ្យទៅជាទាសករ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញមកលើ “ប្រជាជន១៧មេសា” អតីតទាហាន លន់ នល់ កម្មាភិបាលភូមិភាគកណ្តាល (ឧត្តរចាស់) គ្រួសាររបស់ពួកគេ អ្នកក្រោមបង្គាប់របស់ពួកគេ ប្រជាជនមកពីភូមិភាគបូព៌ា ដោយចោទថា “សមាសភាពមិនល្អ” និង“ខ្មាំងផ្ទៃក្នុង” ការធ្វើទុក្ខបុកម្នេញមកលើប្រជាជនចាម និងប្រជាជន វៀតណាម និងអំពើអមនុស្សធម៌ដទៃទៀត រួមមាន អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភលើផ្លូវភេទ ការបាត់ ខ្លួនដោយបង្ខំ ការធ្វើបាបរាងកាយ ពលកម្មដោយបង្ខំ និងការឃុំឃាំងក្នុងស្ថានភាពអមនុស្សធម៌ ការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ រួមមានមនុស្សឃាតដោយចេតនា៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required