កីឡាករប្រណាំង​ម៉ូតូកម្ពុជា​៤រូប ចេញទៅ​​ប្រកួត​អន្តរជាតិ​នៅ​​​​​ប្រទេសវៀតណាម

កីឡាករប្រណាំង​ម៉ូតូកម្ពុជា​៤រូប (សុខ ឆាយ)

កាលពីយប់ថ្ងៃ​ទី​​៣១ សីហា កីឡាករ​ផ្នែក​ប្រណាំង​ម៉ូតូ​​ចំនួន​​៤រូប​របស់​​កម្ពុជា បានចាកចេញពីប្រទេស​​ទៅ​​ប្រកួត​​​ប្រណាំង​ម៉ូតូ​ជាអន្តរជាតិ​ជា​លើកដំបូង​​​​​ចាប់​តាំងពី​​​កម្ពុជាបាន​បង្កើតសហព័ន្ធយានយន្ត​​​​​ដើម្បី​លើកស្ទួយ​ដល់វិស័យ​ប្រណាំងម៉ូតូ​អោយមានរូប​រាង​។

​​​​​​នេះជាការប្រកួតដែល​​​នឹងធ្វើឡើងនៅ​​​ក្នុង​ប្រទេសវៀតណា​ម ​ដោយ​​​វៀតណាមគ្រាន់តែធ្វើជាម្ចាស់ផ្ទះ​ប៉ុណ្ណោះ
​ចំណែក​កីឡាករ​​​​ចំនួន​​៤​​ប្រទេស​​​​​គឺ​ កីឡាករ​ថៃ ​​​​ម៉ាឡេស៊ី ចិន​ម៉ាកាវ និង​កម្ពុជា​ ​គឺជាអ្នកប្រកួត​ដណ្ដើម​ពានគ្នា​ និងប្រាក់​រង្វាន់​ ខណៈដែលក្រៅពីកីឡាករត្រូវប្រកួត​​៤រូប ក៏មានកីឡាករ​ជាជំនួស​ការ​ម្នាក់ទៅ​​ជាមួយផងដែ
រ។

លោក​​​​ គង់ សុធារ៉ា ​​អ្នកចាត់ចែងកីឡាករ​​អោយ​​ចេញប្រកួតនិងជាអ្នករៀប​ចំ​​ព្រឹត្តិការណ៍​ប្រណាំងម៉ូតូថ្នាក់ជាតិដែលទើបបញ្ចប់កាលពី​អាទិត្យទី​​​២៧ សីហា បានអះអាងថា​​ក្រោយពី​​​បើក​ទីលាន​​ King Track Circuit នៅ​​ក្នុងខណ្ឌសែនសុខ​​​ជ្រើសរើសជើងឯក​ប្រណាំងម៉ូតូ​​​​​​​​​​​​ ដើម្បីជ្រើសរើសជើងខ្លាំងកម្ពុជា ក៏ទទួលបាន​​កីឡាករខាង​ផ្នែកប្រណាំងម៉ូតូ​​ចាប់ពី​កម្លាំង​​​​១៥០សេសេចំនួន​​៤រូបអោយ​​ចេញប្រកួតនៅក្នុងប្រទេសវៀតណាម។

​​ការប្រណាំង​ម៉ូតូដែល​បាន​ធ្វើឡើងនៅ​​ក្នុង​​ប្រទេស​វៀតណាម​នេះ លោក​ថាគឺជា​ព្រឹត្តិការណ៍ដែលមានឈ្មោះថា​ ​Dainam International Cup ​ដោយលោកប្រកាសថាវៀតណាម​បានធ្វើជាច្រើនលើករួចមកហើយ ប៉ុន្តែកម្ពុជា​ទើបតែមាន​ឱកាស​ចូលប្រកួត​​​​​​​ក្រោយពីកម្ពុជាទើបតែបាន​រកឃើញ​កីឡាករផ្នែកប្រណាំងម៉ូតូរបស់ខ្លួន។

លោកថាព្រឹត្តិការណ៍នេះ​​នឹង​បើកការប្រកួត​​​​ចាប់ពីថ្ងៃទី​​២ រហូត​ដល់ថ្ងៃទី​​៤ កញ្ញា ដោយ​​វៀតណាម​​គឺជាអ្នក​រៀបចំ​ និង​​​ចាត់ចែងក្នុងការផ្ដល់ពាន តែវៀតណាមមិនមាន​​កីឡាករ​ដើម្បី​​ចូល​​ប្រកួតនោះទេ ​ដោយសារតែព្រឹត្តិការណ៍​​នេះ​ គឺ​​វៀតណាម​​​​​គ្រាន់តែ​បង្កើត​ជាពាននិងប្រាក់រង្វាន់​​ ហើយ​អោយកីឡាករ​​​ខាងផ្នែក​​ប្រណាំង​ម៉ូតូ​​អោយ​ទៅ​​ប្រកួតគ្នា។

លោកថា​វៀតណាម​​​រៀបចំ​ព្រឹត្តិការណ៍នេះ ដើម្បី​អបអរ​ដល់បុណ្យជាតិរបស់ខ្លួន ហើយ​ប្រាក់រង្វាន់សម្រាប់​​​​​​អ្នកលេខ​១ ​​គឺទទួលបាន​ទឹកប្រាក់ស្មើនឹង​២ពាន់ដុល្លារ និង​​​​​​ចំណាត់ថ្នាក់លេខ​​២ លេខ៣ទទួលបានទឹក​ប្រាក់តិច​​​​​​​ៗ​​ជាង​នេះ​តាមលំដាប់។

លោក​​​​មិនទាន់ដឹងថា​​​កីឡាករដែល​​​​នឹង​​ត្រូវ​ប្រកួត​ជាមួយកីឡាករកម្ពុជាហ្នឹងមាន​ប៉ុន្មាននាក់អោយ​ប្រាកដនោះទេ ​ដោយគ្រាន់តែបានដឹងថា​​​មានតែកីឡាករ​​​៤ប្រទេស គឺថៃ ម៉ាឡេស៊ី និង​​ចិនម៉ាកាវ ត្រូវ​ប្រកួតជាមួយនឹងកីឡាកររបស់កម្ពុជា​ទាំង​​​៤រូប។

យ៉ាងណាមិញ លោកថា​កីឡាករ​ដែលត្រូវ​ចេញ​ទៅ ​គឺមានរហូតដល់​​៥រូប​ ដោយសារតែកីឡាករ​ម្នាក់ទៀត​​ត្រូវ​​ទៅ​ក្នុងនាមជា​​​ជំនួយការជាងរបស់កីឡាករ​ ដើម្បីជួយ​ត្រួត​ពិនិត្យបញ្ហា​បច្ចេកទេស​ ​​​​មុនពេល​​​​​​កីឡាករ​​​​ត្រូវ​ប្រកួត។

កីឡាករ​ដែលបានចាក​​ចេញពីប្រទេស​កម្ពុជា​កាលពីយប់ថ្ងៃទី​​៣១ សីហា នោះ​​​​ លោកថា​​សុទ្ធតែជាកីឡាករដែល​​​​​​​​បានចូលប្រកួតនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ​​​ដែលបានធ្វើឡើង​កាលពីប៉ុន្មានថ្ងៃមុន​នៅ​ទីលាន King Track ទាំង​អស់ តែមិនមែនសុទ្ធតែជាកីឡាករជ័យ​​លាភី​លេខ​១ទាំងអស់នោះទេ ដោយសារតែខាងវៀតណាមត្រូវការតែកីឡាករដែល​​អាចប្រណាំង​ម៉ូតូចាប់ពីកម្លាំង​ម៉ាស៊ីន​​១៥០សេសេឡើងទៅ ទើប​ក្រៅពី​​​​ម្ចាស់ពាន​លេខ​​១ដែលទើប​​​​​ប្រកួតឈ្នះ ក៏មាន​ចំណាត់ថ្នាក់លេខ​​២ និង​លេខ​​​៦​​ត្រូវបានជម្រើស​​​យកទៅ​ផងដែរ។

ក្នុងនាមជាអ្នករៀបចំ​​ជ្រើសរើសជើងឯក​​ប្រណាំង​ម៉ូតូ​ក្នុង​ស្រុក​លើក​ដំបូង លោកមិនហ៊ាន​​ជម្រើសយកកីឡាករ​ដែលខ្វះ​សមត្ថភាពអោយ​ចេញ​ប្រកួត​តំណាងប្រទេសនោះទេ ដោយ​សារតែលោកយល់ថា បើទោះជាការប្រកួតមួយ​នេះ​​គឺជាឱកាសដំបូងដែលកម្ពុជា បានប្រកួតលើឆាកអន្តរជាតិ​ក៏មិនត្រូវត្រលប់មកវិញ​ដោយ​យក​​តែបទពិសោធន៍ចូលស្រុក។

យ៉ាងណាមិញ លោក​មិន​ហ៊ានសង្ឃឹម​នឹងទទួលបាន​ជោគជ័យ​ក្នុងប្រភេទវិញ្ញសារណាមួយ​ពីសំណាក់​កី
ឡាករ​កម្ពុជានោះទេ ដោយគ្រាន់តែលោក​​​បញ្ជាក់ថា​​​តំណាង​កីឡាករ​​​​​៤រូបដែលបាន​ជម្រើសទៅ គឺសុទ្ធតែ​
ជាកីឡាករល្អៗសម្រាប់ការប្រណាំង​ម៉ូតូ​ក្នុង​កម្លាំង​ម៉ាស៊ីន​ចាប់ពី​​១៥០សេសេទាំងអស់។

​​​​​​​​លោក​​​អះអាងថា ក្នុងពេលកន្លងមក កម្ពុជាធ្លាប់មានកីឡាករ​​​ចេញ​ប្រកួត​​ប្រណាំង​ម៉ូតូ​​នៅក្នុងប្រទេសជិត​ខាងផងដែរ ប៉ុន្តែមិន​មែន​ចាកចេញ​​ក្នុងគម្រោង​​ផ្លូវការដែលមានការទទួលស្គាល់របស់​សហព័ន្ធនិងគ្រាន់តែជាការ​​ចាកចេញដោយបុគ្គល​​ៗតែប៉ុណ្ណោះ។

អ៊ីចឹង​ហើយទើប​​យល់ថាកា​រប្រកួត​លើកនេះ គឺជាការ​​បង្ហាញអោយ​អន្តរជាតិ​​បានស្គាល់ពី​ការ​​​​បង្ហាញមុខ​របស់កីឡាករ​ប្រណាំង​ម៉ូតូ ​ដែលកាលពីមុន​មិនធ្លាប់មានផ្លូវការ​ផង និងដើម្បី​ទៅដកស្រង់បទពិសោធន៍ពីកីឡាករ​អាជីពៗ​​របស់​​​ប្រទេសដែលចូលរួមប្រកួត ដែលគេមាន​​កីឡាមួយនេះ​​ច្រើនឆ្នាំមុនកម្ពុជានោះផង។

លោកថា​ក្រោយ​កីឡាករ​​​​កម្ពុជា​ទៅដល់ប្រទេសវៀតណាម ​នៅ​រសៀលថ្ងៃ​​​​​ទី១ កញ្ញា នឹងមានការ​​សម​​ទីលានជាមួយកីឡាករ​​បរទេសរួមគ្នា​​ ដើម្បីអោយការបើកប្រកួត​ចាប់ពីថ្ងៃទី​២ រហូតដល់ថ្ងៃទី៤​ កញ្ញា​​មានភាពរលូន។

លោក ហេង រ័ត្នខេមរិន្ទ ​ជាប្រធានក្រុមកីឡាប្រណាំង​ម៉ូតូកម្ពុជា​បានអះអាងថា ​​វត្តមានរបស់កីឡាករ​​​កម្ពុជានៅក្នុងព្រឹត្តិការណ៍​ Dainam International Cup នេះ​រួម​មានរូប​លោក មានកីឡាករ ពេជ្រ គឹមស្រ៊ុន កីឡាករ សុខ សួនអរុណ កីឡាករ ​ភិន ពិសិដ្ឋ និង​កីឡាករ ​សុខ សួនតារា ម្នាក់ទៀត តែគេមិនទៅដើម្បីការប្រកួត​នោះទេ
គឺទៅ​ក្នុងនាមជា​​​​​ជំនួយ​ការ​ជាងសម្រាប់​​កីឡាករ​។

លោកថានេះជាកា​​រប្រកួត​លើកទី​១ដែលកីឡាករផ្នែកប្រណាំង​ម៉ូតូរបស់កម្ពុជា​មាន​ឱកាស​បានចេញ​ប្រកួត​ផ្លូវការ​ក្រោយ​​បង្កើត​​ជាសហព័ន្ធនិង​ក្រោយ​ពីកម្ពុជាទើប​​​​​​​​បិទបញ្ចប់ការប្រកួត​ថ្នាក់​​ជាតិ​លើ​វិញ្ញសារប្រណាំង​​​ម៉ូតូ​​​​៤កម្រិត​​​​កាលពីពេលថ្មីៗ។

មុនការចេញដំណើរលោកក៏បានប្រកាសថា​​​កីឡាករដែលត្រូវបាន​ជម្រើស ក៏​​​ត្រូវ​បាន​​​​​ហ្វឹកហាត់លើទី​លាន​​ King Track នៅ​ខ័ណ្ឌសែនសុខ​យ៉ាង​សកម្មផងដែរ ​ដោយមិន​​​មែនគ្រាន់តែបញ្ចប់ការប្រកួតថ្នាក់ជាតិ​​​​​​ហើយ​បានចំណាត់ថ្នាក់ ក៏​​ចាត់អោយចេញ​ដំណើរទៅប្រកួតនៅវៀតណាម​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ