មេដឹកនាំបក្សប្រឆំាង​អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 9:53 AM | បោះឆ្នោត | 0 | 1192 មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា

មេដឹកនាំគណបក្សប្រឆំាង​​អំពាវនាវទៅប្រជាពលរដ្ឋខ្មែរទំាងអស់​ ទៅ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចាប់​ពីខែកញ្ញា​ដល់​ខែវិច្ឆិកាឆ្នាំ២០១៧ ដើម្បីថាមាន​សិទ្ធិបោះឆ្នោត ជ្រើស​រើស​​មេដឹក​នាំ​ដែល​ខ្លួន​ពេញ​​​ចិត្ត។

ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានបង្ហោះវីដេអូឃ្លីបនៅលើហ្វេសប៊ុករបស់លោក នៅចំថ្ងៃ​ចុះ​ឈ្មោះបោះឆ្នោតដំបូង​ថា ​ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែល​ចាប់​ផ្ដើម ពី​ថ្ងៃ​​​​ទី០១ ​ខែកញ្ញានេះ​ ដល់​ថ្ងៃទី​០៩ ខែវិច្ឆិកា ខាងមុខ។

ករណី​នេះ​ លោក កឹម សុខា​ អំពាវនាវឲ្យពលរដ្ឋខ្មែរទំាងក្នុងនិងក្រៅ​ប្រទេស​​​​ទំាងអស់ រួមទំាងព្រះសង្ឃ​ដែល​​មាន​សិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នក​ដែល​ទើប​គ្រប់​​​អាយុ​១​៨​ឆ្នាំ​គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវ​ទៅចុះឈ្មោះបោះឆ្នោត​នៅ​តាម​សាលា​ឃុំ​ សង្កាត់ និងនៅតាមភូមិមួយចំនួនទូទំាងប្រទេស ដោយលោកថា អ្នកទៅចុះឈ្មោះ ត្រូវ​យក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​ទំាងចាស់​ឬថ្មី​ទៅជាមួយ។​

ប៉ុន្តែលោក កឹម សុខា ថា ប្រសិនបើ​ប្រជាពលរដ្ឋមិនមានអត្តសញ្ញាណប័ណ្ណ ពួកគេក៏អាចទៅ​ចុះឈ្មោះ​បោះឆ្នោតបានដែរ ដោយថា​ពលរដ្ឋ​ត្រូវទៅសាលាឃុំ ឬសង្កាត់​របស់សាមីខ្លួនស្នាក់នៅ ដើម្បី​សុំឯក​សារ​បញ្ជាក់អត្តសញ្ញាណសម្រាប់បំរើការចុះឈ្មោះបោះឆ្នោតជំនួស ទើបយកទៅចុះឈ្មោះបោះឆ្នោតបាន​។

ផ្ទុយទៅវិញ មេបក្សប្រឆំាងរូបនោះបានអះអាងថា បើប្រជាពលរដ្ឋមិនទៅចុះឈ្មោះបោះឆ្នោត ដើម្បីជ្រើស​រើស​​ថ្នាក់​ដឹកនាំ​​ដែលខ្លួនពេញចិត្តទេ លោកថាស្មើនឹងពួកគេបាត់សិទ្ធិជាម្ចាស់ប្រទេស​។

លោកនិយាយថា៖ «បើបងប្អូនមិនបានទៅបោះឆ្នោតមានន័យថា​ បងប្អូនទុកឲ្យអ្នកដទៃសម្រេចជោគ វាសនា​​អនាគត់ប្រទេសជាតិ និងអនាគត់បងប្អូនជំនួសបងប្អូនគឺមានន័យថាបងប្អូនបាត់សិទ្ធិជាម្ចាស់ ប្រទេស​​ជាតិជាមិនខា​ន»។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃ៣០​ខែសីហា​ ក៏បានអំពាវនាវឲ្យពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅ​ក្រៅ​ប្រទេស​​​​ទំាងអស់ ​ដែល​មានសិទ្ធិបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នក​ដែល​ទើប​គ្រប់​​​អាយុ​១​៨ឆ្នាំ​ គិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ត្រូវ​ត្រឡប់មកកម្ពុជាទៅ​​ចុះ​ឈ្មោះ​នៅ​តាម​សាលា​​ឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនទូទំាងប្រទេស ជារៀង​រាល់ថ្ងៃចន្ទ ដល់​ថ្ងៃអាទិត្យផងដែរ​។ ខណៈបច្ចុ​ប្បន្ន​​ពល​ករ​ខ្មែរ​ចំណាក​​​ស្រុ​ក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​មាន​ជាង​ ១,១៥លាន​នាក់ ដែល​កំពុង​ធ្វើ​​ការ​​នៅ​ ថៃ​ កូរ៉េ ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី ក្នុង​​នោះ​ជាង​១លាន​នាក់ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ចំនូន​នេះ​នៅ​មិន​ទាន់​រាប់​បញ្ជូល​ជន​ជាតិ​​ខ្មែរ​ដែល​ទៅ​រស់​នៅ​ក្រៅប្រទេស​ដែលពុំ​មែន​ជា​ពល​ករ​ចំណាក​​ស្រុក​នៅ​ឡើយ​​ទេ។

គួររំឮកថា ការបោះឆ្នោតឃុំសង្កាត់​ កាលពី​ថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧កន្លងទៅ​នេះ អ្នកដែល​ទៅ​ចុះ​ឈ្មោះ​​​បោះ​​ឆ្នោត​ជា​ង៧លាន៨សែននាក់ ស្មើជាង៨១ភាគរយនៃចំនួនព​លរដ្ឋដែលមានអាយុ​គ្រប់​បោះ​ឆ្នោ​​ត​​ជាង​៩​​លាន​៦​សែន​នាក់៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required