សាលា Oxford ដករូបគំនូអ្នកស្រី ស៊ូជី ចេញពីជញ្ជាំង ដាក់គំនូថ្មីជំនួសវិញ

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ Oxford ដែល​អ្នក​ស្រី អ៊ុងសាន ស៊ូជី ធ្លាប់​សិក្សា​នោះ បាន​សម្រេច​ដក​រូប​គំនូ​មេដឹកនាំ​ភូមា​រូប​នេះ​ចេញ​ហើយ ដែល​ការ​សម្រេច​ចិត្ត​បែប​នេះ កើត​ឡើង​ក្រោយ​ពី​ផ្ទុះ​មតិ​រិះគន់​ព្រោង​ព្រាត​ជុំ​វិញ​វិបត្តិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ាង​នៅ​ភូមា។

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​ផ្សាយ​ថា រូប​គំនូនោះ ដែល​ត្រូវ​បាន​គេ​ដាក់​តាំង​នៅ​ច្រក​ចូល​នៃ​មហាវិទ្យាល័យ St Hugh នោះ ត្រូវ​បាន​គេ​ដោះ​យក​ទៅ​ទុក​ហើយ​ ហើយ​ដាក់​ជំនួស​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ដោយ​រូប​គំនូ​ថ្មី ដែល​ជា​អំណោយ​របស់​វិចិត្រ​ជន​ជាតិ​ជប៉ុន លោក យ៉ូហ្ស៊ីហ៊ីរ៉ូ តាកាដា។

ជយ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ អ្នកស្រី ស៊ូជី ធ្លាប់​សិក្សា​នៅ​មហាវិទ្យាល័យ St Hugh ដោយ​បញ្ចប់​ការ​សិក្សា​ផ្នែក​ទស្សន​វិជ្ជា នយោបាយ និង​សេដ្ឋកិច្ច នៅ​ឆ្នាំ​១៩៦៧ មុន​នឹង​អ្នក​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​នយោបាយ នៅ​ឆ្នាំ​១៩៦៨។

សាលា​ Oxford បាន​លើក​ឡើង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា សាលា​មួយ​នេះ ទទួល​បាន​ផ្ទាំង​គំនូ​ថ្មី​នោះ​ដើម​ខែ​កញ្ញា ដែល​នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅ​មាត់​ទ្វារ​មួយ​រយៈ។

សាលា​បន្ត​ថា ចំណែក​រូប​គំនូ​អ្នកស្រី ស៊ូជី ត្រូវ​បាន​ដោះ​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព។

សាលា​នេះ មិន​បាន​និយាយ​ទេ​ថា ការ​ដក​រូប​គំនូ​នោះ​ចេញ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិបត្តិ​កំពុង​កើត​មាន​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន ភាគ​ខាង​លិច​ប្រទេស​ភូមា​នោះ​ឡើយ។

អំពើ​ហិង្សា​នៅ​ទីនោះ បាន​ពុះ​ហែក​រដ្ឋ​មួយ​នេះ ចាប់​តាំង​ពី​ក្រុម​បះ​បោរ​មូស្លីម​រ៉ូហ៊ីងយ៉ា បាន​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​ភូមា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា។

ការ​វាយ​ប្រហារ​នោះ បាន​នាំ​ទៅ​រក​ការ​វាយ​បក​វិញ​ពី​សំណាក់​កង​ទ័ព​ភូមា ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ និង​បង្ខំ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ប្រហែល​កន្លះ​លាន​នាក់ ឲ្យ​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

អង្គការ​សហ​ប្រជាជាតិ បាន​ចាត់​ទុក​ទង្វើ​ទាហាន​ភូមា​ថា ជា​ការ​​បោស​សម្អាត​ជាតិ​សាសន៍។

រូប​គំនូ​អ្នកស្រី ស៊ូជី ត្រូវ​បាន​គូ​ឡើង​ដោយ​វិចិត្រករ​ជន​ជាតិ​ចិន លោក ឈិន យ៉ាន់នីង កាល​ពី​ឆ្នាំ​១៩៩៧។ រូប​គំនូ​នោះ គឺ​ជា​កម្មសិទ្ធិ​របស់​ស្វាមី​អ្នកស្រី ស៊ូជី គឺ​លោក Michael Aris ដែល​ជា​សាស្ត្រ​នៅ​សាលា Oxford៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ