គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា មានប្រជាពលរដ្ឋជាង ៦លាន ៦៨ម៉ឺននាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃម្សិលមិញនេះ។
ផ្អែកតាមប្រតិទិនរបស់ខ្លួន គ.ជ.ប បាន និងកំពុងរៀបចំចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ ចាប់ពីដើមខែកញ្ញា រហូតដល់ចុងខែវិច្ឆិកាខាងមុខនេះ។
លទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតចេញផ្សាយនៅព្រឹកថ្ងៃនេះ បានបង្ហាញថា គ.ជ.ប ចុះបញ្ជីប្រជាពលរដ្ឋបានជាង ៦លាន ៦៨ម៉ឺននាក់ ឬស្មើនឹងជាង ៦៩ភាគរយ នៃចំនួនពលរដ្ឋគ្រប់អាយុបោះឆ្នោតសរុបជាង ៩លាន ៦៦ម៉ឺននាក់ នៅទូទាំងប្រទេស។
ទោះជាយ៉ាងណា ចំនួនពលរដ្ឋចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ បានធ្លាក់ចុះពីចំនួនជាង ១០ម៉ឺននាក់កាលពីដើមខែតុលានេះ មកនៅក្នុងរង្វង់ពី ៤ ទៅ ៥ម៉ឺននាក់ នៅចុងខែតុលាកន្លងមកនេះ៕