ពលរដ្ឋនៅខណ្ឌទួលគោកទទួចឲ្យអាជ្ញាធរជួសជុលផ្លូវបេតុងដែលកំពុងខូចខាត

ពលរដ្ឋប្រមាណ៣០នាក់ នៅសហគមន៍អភិវឌ្ឍថ្មីស្ថិតតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នៅថ្ងៃអង្គារ ទី១ វិច្ឆិកានេះ បាននាំគា្នទៅសុំឲ្យអភិបាលខណ្ឌទួលគោកធ្វើផ្លូវបេតុងមួយខ្សែរ ខណៈផ្លូវនោះកំពុងខូចខាតពិបាកធ្វើដំណើរ។

អ្នកស្រី ទិត្យ សៀប ប្រាប់វីអូឌីនៅមុខសាលាខណ្ឌថា ផ្លូវលំមួយខ្សែរស្របនឹងផ្លូវរថភ្លើងមានប្រវែងប្រមាណ១២០០ម៉ែត្រ ដោយអាជ្ញាធរធ្វើការចាក់បេតុងបានប្រមាណជាង៣០០ម៉ែត្រប៉ុណ្ណោះ ហើយនៅសល់មួយចំនួនទៀតកំពុងតែខូចខាត ធ្វើឲ្យអ្នកភូមិពិបាកធ្វើដំណើរ។

អ្នកស្រីបន្ថែមថា ពលរដ្ឋទាមទារឲ្យអភិបាលខណ្ឌសង់ផ្លូវបេតុងនោះចំនួន៨០០ម៉ែត្របន្តទៀត។

អ្នកស្រីថាបន្ថែមថា៖ «សង្កាត់ គាត់ធ្វើឲ្យបានតែពីរភូមិ មានភូមិ១៦និងភូមិ១៥ ដោយសង្កាត់ថាថវិការបស់សង្កាត់គាត់ធ្វើបានតែ៣១២ម៉ែតទេ ហើយពួកខ្ញុំទៅព្រឹកម៉ិញហ្នឹង ទៅសុំអភិបាលខណ្ឌឲ្យធ្វើបន្តទៀត ព្រោះផ្លូវនេះកំពុងខូចពិបាកធ្វើដំណើរណាស់ ចង់ឲ្យគាត់ធ្វើដូចនៅភូមិគេដែរ»។

ក្រោយពីពលរដ្ឋទៅតវ៉ា មន្រ្តីខណ្ឌទួលគោកបានអនុញ្ញាត្តិពលរដ្ឋចូលជួបអភិបាលខណ្ឌផ្ទាល់។ អំឡុងពេលកំពុងជួបជាមួយពលរដ្ឋនោះ អភិបាលខណ្ឌទួលគោក លោក ឯក គុន្ធឌឿន ថ្លែងទៅកាន់ពលរដ្ឋដោយមិនឲ្យអ្នកកាសែតថតសំឡេងនិងរូបភាពថា អាជ្ញាធរមិនអាចធ្វើផ្លូវចាក់បេតុងជួនពលរដ្ឋបានទេ ដោយថាផ្លូវនោះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង។

តែយ៉ាងណាលោកថា លោកនឹងយកសំណើនេះទៅពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ដើម្បីសុំសេចក្តីសម្រេច។ ចំពោះផ្លូវដែលកំពុងខូចនោះ លោកថាខណ្ឌនឹងចាក់ដីបង្ហាប់ឲ្យពលរដ្ឋដើរបណ្តោះអាសន្នសិននៅក្រោយបុណ្យអ៊ុំទូក។

ពលរដ្ឋបានទទួលយកការសន្យារបស់អភិបាលខណ្ឌរូបនេះ ប៉ុន្តែពួកគេហាក់មិនមានជំនឿនោះទេ ដោយថា ការសន្យានេះមិនមានជាលាយលក្ខណ៍អក្សរនិងមិនបានឲ្យពលរដ្ឋថតជាសំឡេងទុកឡើយ។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ស ស្រីណា មានប្រសាសន៍ថា អ្នកស្រីមិនមានជំនឿថាអាជ្ញាធរខណ្ឌដោះស្រាយជូននោះទេដោយថា កន្លងមកសង្កាត់បានចាក់បេតុងសង់ផ្លូវនេះបានមួយចំនួនហើយ ប៉ុន្តែត្រូវផ្អាកវិញបន្ទាប់ពីខណ្ឌថាធ្វើខុសគោលការណ៍។

អ្នកស្រីថាបន្ថែមថា៖ «ពេលដែលពួកខ្ញុំសុំគាត់[អភិបាលខណ្ឌ]ធ្វើកិច្ចសន្យាថាក្នុងមួយខែទៀតឬបីអាទិត្យទៀតចុះដោះស្រាយ តែគាត់អត់ព្រមទេ គាត់ថាគាត់អត់ចេះសន្យាខ្យល់ទេ។ ប៉ុន្តែគាត់ថាការដែលសង្កាត់ចាក់បេតុងនោះកន្លងមកនោះ គឺធ្វើខុសគោលការណ៍ អញ្ចឹងពួកខ្ញុំអត់មានជំនឿថាខណ្ឌដោះស្រាយឲ្យទេ»។

តែយ៉ាងណា ក្រុមពលរដ្ឋអះអាងថា ប្រសិនបើមិនមានការដោះស្រាយតាមការសន្យាទេ ពួកគេនឹងត្រឡប់មកតវ៉ាជាថ្មីទៀតក្រោយបុណ្យអ៊ុំទូក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ