វិភាគ៖ អ្វីនៅពីក្រោយការចង់ឲ្យបារាំងចម្លងខ្នាតផែនទីរបស់កម្ពុជា?

សម្តេចតេជោ ហ៊ុន សែន ជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីវៀតណាម (ហ្វេសប៊ុក លោក ហ៊ុន សែន)

បញ្ហាព្រំដែន ត្រូវបានគេមើលមើលឃើញថា ជាចំណុចគ្រោះថ្នាក់បំផុត សម្រាប់អ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលថា បានប្រើផែនទីមិនត្រឹមត្រូវ សម្រាប់កំណត់ខ្សែបន្ទាត់ព្រំដែន ធ្វើឲ្យកម្ពុជាបន្តបាត់ទឹកដីទៅប្រទេសជិតខាងនោះ។

បញ្ហានេះក៏ជាថ្នាំបន្សាបប្រជាប្រិយភាពរដ្ឋាភិបាលដែរ បើរដ្ឋាភិបាលមិនបង្ហាញយន្តការ បកស្រាយ ពន្យល់ពលរដ្ឋមួយចំនួន ផ្តល់ជំនឿទុកចិត្តឡើងវិញ។

តំណាងរាស្ត្របក្សប្រឆាំងនិងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានជាប់ពន្ធនាគារ និងខ្លះទៀតរត់ចោលស្រុក ទៅរស់នៅក្រៅប្រទេស រហូតសព្វថ្ងៃនេះ ដោយសារតែពួកគេរិះគន់ សន្ធិសញ្ញាព្រំដែនឆ្នាំ១៩៨២និង៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។

សន្ធិសញ្ញា២០០៥ ជាសន្ធិសញ្ញាកំនត់ព្រំដែន ដ៏ចម្រូងចម្រាស់មួយ ដែលមានលោក ហ៊ុន សែន បានចុះហត្ថលេខាជាមួយភាគីវៀតណាម។

ប៉ុន្តែសន្ធិសញ្ញានោះ បក្សប្រឆាំងដែលមានសំឡេងភាគតិច ក្នុងសភាមិនបានចូលរួមអនុម័តទេ ដោយពួកគេចាត់ទុកថា ជាសន្ធិសញ្ញាធ្វើឡើងក្រោមឥទ្ធិពលវៀតណាមធ្វើឲ្យកម្ពុជាខាតបង់។

តំណាងរាស្ត្រមកពីបក្សប្រឆាំង លោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានរដ្ឋាភិបាលប្តឹង ហើយពេលនេះកំពុងជាប់ពន្ធនាគារ ដោយសារពួកគេរិះគន់ ថាការប្រើប្រាស់សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥នេះ ធ្វើឲ្យកម្ពុជាបាត់ទឹកដីមួយផ្នែកទៀត ទៅប្រទេសវៀតណាម។

អតីតសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ក៏ត្រូវគេចាប់ដាក់ពន្ធនាគារដែរ ដោយសារតែលោករិះគន់សន្ធិសញ្ញានេះដូចគ្នា។

ចំណែកអតីតប្រធានសមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា លោក ម៉ែន ណាត បានរត់ភៀសខ្លួនទៅរស់នៅក្រៅប្រទេស រហូតពេលនេះ ដោយសារតែរិះគន់សន្ធិសញ្ញាបំពេញបន្ថែមនេះដែរ។

ប៉ុន្តែទោះជាមានការរិះគន់យ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជាបានបន្តបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម មកដល់ពេលនេះបាន៨៣ភាគរយហើយ នៅសល់១៧ភាគរយទៀតប៉ុណ្ណោះ ភាគីទាំងពីរ គ្រោងនឹងបោះបញ្ចប់នៅពេលឆាប់ៗនេះ។

ប៉ុន្តែអ្វីដែលមជ្ឈដ្ឋានមួយចំនួនហាក់ងាកទៅចាប់អារម្មណ៍ពីបញ្ហាព្រំដែនឡើងវិញនោះ គឺជំនួបកំពូលមួយនៅខេត្តសៀមរាប កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក បានឯកភាពគ្នា ពឹងបារាំងឲ្យធ្វើជាអាជ្ញាកណ្តាល គូរចម្លងផែនទី ពីខ្នាត Bonne ១/១០០ពាន់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ទៅជាផែនទីខ្នាត UTM ១/៥០ពាន់វិញ ដោយថា ដើម្បីឈានទៅបញ្ចប់ការបោះបង្គោលព្រំដែន ដែលនៅសេសសល់។

តើមានអ្វីនៅពីក្រោយការឯកភាពគ្នានេះ ?

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា លើកឡើងថា ការដែលភាគីជម្លោះកម្ពុជានិងវៀតណាម បោះចំណុចសេសសល់១៧ភាគរយនេះ ឲ្យទៅភាគីទី៣គឺប្រទេសបារាំងជួយអន្តរាគមន៍ លោកវិភាគថា ដោយសាតែយន្តការទ្វេភាគី លែងទៅមុខ រួចប្រឈមនឹងការស្តីបន្ទោសពីពលរដ្ឋតែរៀងៗខ្លួនបើមានការសម្រេចបែបណានោះ។

ប៉ុន្តែលោកវិភាគថា ការប្រើប្រាស់យន្តការថ្មី មានអន្តរាគមន៍ពីភាគីទី៣នេះ លោកថាប្រសើជាងយន្តការទ្វេភាគី ដែលកម្ពុជាធ្លាប់ធ្វើកន្លងទៅ។

លោកថា៖ «ភាគីកម្ពុជានិងវៀតណាមរើសភាគីបារាំងនេះ វាត្រឹមត្រូវហើយ ព្រោះបារាំងជាអ្នកគូសវាសទីតាំងភូមិសាស្ត្រចាស់ ដែលសម័យបារាំងវៀតណាម ព្រំដែនរដ្ឋបាលកម្ពុជា ហើយនិងកូសាំងស៊ិននិងមានបង្កោលបារាំងនៅសល់ខ្លះ បារាំងវាអាចដឹង អញ្ចឹងការគូសផ្ទេរផែនទីហ្នឹងវាអាចសុក្រឹតជាង។ អញ្ចឹងបើកាលណាបារាំងសម្រេចទៅ អាចមានការជឿជាក់ពីពលរដ្ឋកម្ពុជានិងពលរដ្ឋវៀតណាម មានសុក្រឹតភាពបានច្រើនជាង។ អញ្ចឹងខ្ញុំឃើញថាយន្តការហ្នឹងវាល្អ»។

លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា យន្តការទ្វេភាគីកន្លងទៅ ថ្វីបើភាគីទាំងពីរព្រមព្រៀងគ្នាបោះបង្គោលបានជាង៨០ភាគរយក៏ពិតមែន ប៉ុន្តែលោកថា វៀតណាមនៅតែបន្តសាងសង់ប៉ុស្តិ៍យាម ធ្វើផ្លូវ និងជីកស្រះនៅតំបន់ហាមឃាត់ជាបន្តបន្ទាប់ ដែលរដ្ឋាភិបាលមិនអាចហាមឃាត់បាន។ ករណីនេះលោក ឯម សុវណ្ណារ៉ា វិភាគថា ការស្វែងរកកិច្ចអន្តរាគមន៍ពីភាគីទី៣ របស់រដ្ឋាភិបាលនេះ អាចជាយុទ្ធសាស្ត្រនយោបាយ បន្សាបឥទ្ធិពលនយោបាយបក្សប្រឆាំង ដែលតែងយកបញ្ហាព្រំដែននេះ ធ្វើជាគោលនយោបាយ ស្វែងរកសំឡេងឆ្នោត អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

លោកថា៖ «អញ្ចឹងខ្ញុំគិតថា វាមិនទាន់យឺតពេលពេកទេ ហើយវាបង្ហាញពីសុក្រឹតភាព ហើយវាជិតដល់ពេលបោះឆ្នោត។ អញ្ចឹងបើគណបក្សប្រជាជននៅទុកចោលទេ វៀតណាមនៅតែសាងសង់ អញ្ចឹងគណបក្សប្រជាជនអាចមានបញ្ហាទៅលើប្រជាប្រិយភាព ទៅលើការជឿជាក់របស់ប្រជាពលរដ្ឋ ទៅការរក្សាបូរណភាពទឹកដីរបស់កម្ពុជា។ អញ្ចឹងទេគណបក្សកាន់អំណាចហ្នឹង គេស្នើឲ្យវៀតណាម ឲ្យមានការព្រមព្រៀងគ្នា ដើម្បីបោះបង្គោល ។ អញ្ចឹងអាចកាត់បន្ថយនយោបាយតានតឹង នៅពេលឃោសនាបោះឆ្នោត នៅឆ្នាំ២០១៧និង២០១៨នេះ»។

សម្រាប់សាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក សូ ចន្ថា វិភាគប្រហាក់ប្រហែលដែរថា ការបោះបាល់ពីបញ្ហាព្រំដែនកម្ពុជាវៀតណាម ឲ្យទៅប្រទេសបារាំងនៅពេលនេះ លោកថា រដ្ឋាភិបាលបានប្រើសេនារីយោចាស់ ដូចកាលពីឆ្នាំ២០០៨ ដែលពេលនោះកម្ពុជាមានជម្លោះជាមួយប្រទេសថៃ ទាក់ទិននឹងដីជិតប្រាសាទព្រះវិហារ ពេលនោះរដ្ឋាភិបាលបានប្តឹងករណីនោះ ទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ឲ្យបកស្រាយសាលដីកាឡើងវិញ។

លោក សូ ចន្ថា វិភាគទៀតថា ការស្វែងរកអន្តរាគមន៍ទាក់ទិននឹងការប្រើប្រាស់ខ្នាតផែនទីពីប្រទេសបារាំងលោកថា រឿងល្អមួយ ប៉ុន្តែលោកថា ការបង្ហាញតម្លាភាពនៃការបោះបង្គោលនៅលើដីជាក់ស្តែង ដែលអាចឲ្យពលរដ្ឋជាកោសិកាសង្គមជឿបាន លោកថាជារឿងមួយទៀតដែលលោកថា រដ្ឋាភិបាលគួរធ្វើឲ្យបាន បើពុំនោះទេលោកថា រដ្ឋាភិបាលនៅតែរងការរិះគន់ពីបញ្ហាបូរណភាពទឹកដីនេះ។

លោកថា៖ «ខ្ញុំគិតថា នៅពេលដែលមានការផ្ទៀងផ្ទាត់ផ្ទៃដីជាក់ស្តែងហើយនឹងផែនទីពិតប្រាកដ ខ្ញុំគិតថាបញ្ហាព្រំដែននឹងមិនកើតកើតមានទៀតទេបាទ»។

សម្រាប់ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ដែលមានមូលដ្ឋាននៅប្រទេសន័រវេស៍ ឯណោះវិញបានលើកឡើង ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ ខែវិច្ឆិកាថា «ការដែលរដ្ឋាភិបាលចង់ប្តូរខ្នាតផែនទីនេះ គឺគ្រាន់ការផ្ទេរ តែជាការបន្លំភ្នែក និងកាឡៃឯកសារប្រវត្តិសាស្ត្រស្ដីពីព្រំដែនខ្មែរតាំងពីអនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៨៣»។

បើតាមអ្នកវិភាគ គេមិនត្រូវមានមោទនភាពខ្លាំងពេកទេ ទៅលើយន្តការពឹងពាក់ភាគីទី៣ គឺប្រទេសបារាំង ឲ្យក្នុងការជួយអន្តរាគមន៍រឿងព្រំដែននេះ ខណៈដែលភាគីទាំងប្រើយន្តការទ្វេភាគី បោះបង្គោលបានជាង៨០ភាគរយរួចហើយពោរពេញដោយភាពចម្រូងចម្រាសនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ