ខុមហ្វ្រែលអំពាវនាវឲ្យបង្កើនសកម្មភាពសិទ្ធិមនុស្សខណៈការបោះឆ្នោតជិតមកដល់

នាយកប្រតិបត្តិ​អង្គការខុមហ្វ្រែល លោក គល់ បញ្ញា

អង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល អំពាវនាវឲ្យអង្គការជាដៃគូ បង្កើនសកម្មភាព ដឹកនាំពលរដ្ឋឲ្យចូលរួមកិច្ចការសង្គម ខណៈដំណើការបោះឆ្នោតឃុំ-សង្កាត់ ជិតមកដល់ ដោយថាការលើកស្ទួយសិទ្ធិមនុស្ស ជាកត្តាចំបងជំរុញការបោះឆ្នោត ប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។

កម្ពុជានឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។

ក្នុងសិក្ខាសាលាថ្នាក់ជាតិក្នុងរាជធានីភ្នំពេញនាថ្ងៃទី១ ខែធ្នូនេះ នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ក្នុងការជំរុញឲ្យពលរដ្ឋយល់ដឹងពីការប្រើប្រាស់សិទ្ធិជ្រើសរើសមេដឹកនាំ ពន្យល់ពីច្បាប់ និងជាអ្នកបណ្តុះគំនិតឲ្យពលរដ្ឋចេះប្រើប្រាស់សិទ្ធិដោយសន្តិវិធី។ លោកថា ភាពត្រឹមត្រូវនៃដំណើរការបោះឆ្នោត លោកថាចំបាច់ ត្រូវមានការជួយជំរុញពីក្រុមអង្គការសង្គមស៊ីវិល។

ប៉ុន្តែលោក គល់ បញ្ញា បង្ហាញការខកចិត្តថានៅពេលការបោះឆ្នោតឃុំ-សង្កាត់ជិតមកដល់ អ្នកការពារសិទ្ធិមនុស្សមួយចំនួន បែរជានៅតែបន្តជាប់ឃុំទៅវិញ។ លោកជំរុញឲ្យរដ្ឋាភិបាល ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពវិញដោយថា ដើម្បីលើកទឹកចិត្តដល់អង្គការដទៃទៀត ឲ្យពួកគេបានធ្វើសកម្មភាពលើកស្ទួយសិទ្ធិមនុស្ស និងជំរុញដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដោយគ្មានការភ័យខ្លាច។

លោកថា៖ «អ្នកការពារសិទ្ធិមនុស្សមានសារសំខាន់ណាស់មុនការបោះឆ្នោត ពួកគេបានចូលរួមចំណែក ធ្វើឲ្យបរិយាកាសហ្នឹងបានល្អប្រសើរ ការចូលរួមរបស់ប្រជាពលរដ្ឋហ្នឹងគ្មានការភ័យខ្លាច បើមានវត្តមានអ្នកការពារសិទ្ធិមនុស្សតាមឃ្លាំមើល តាមចូលរួមជួយ គេហៅថាតស៊ូមតិ ការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ អញ្ជឹងពួកគេ[ពលរដ្ឋ] មានទំនុកចិត្តចូលរួមកិច្ចការបោះឆ្នោត ជាពិសេសពលរដ្ឋដែលងាយរងគ្រោះ។ អញ្ចឹងវត្តមានមន្ត្រីសិទ្ធិមនុស្សហ្នឹងសំខាន់ណាស់បំពេញកិច្ចការពួកគេក្នុងរូបភាពភ័យខ្លាចបាន»។

បើតាមលោក គល់ បញ្ញា ដោយសារតែឆន្ទៈនយោបាយខ្វះការគោរពសិទ្ធិមនុស្ស ធ្វើឲ្យពលរដ្ឋដែលងាយរងគ្រោះ ដូចជាអ្នកចំណាកស្រុក ជនជាតិដើមភាគតិច ពលរដ្ឋក្រីក្រខ្វះឯកសារ និងកង្វះព័ត៌មានជាដើម ជាង១លាននាក់ បាត់សិទ្ធិបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅពេលខាងមុនេះ។

អ្នកការពារសិទ្ធិមនុស្ស៤រូបនៅសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប មួយរូបទៀត ត្រូវតុលាការសម្រេចឲ្យបន្តឃុំខ្លួនបណ្តោះអាសន្ន រហូតដល់ពេលនេះជាង៦ខែហើយ ចោទពីបទសូកប៉ាន់សាក្សី តែសង្គមស៊ីវិលថាការចោទនោះ ជាសម្ពាធនយោបាយ។

ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត អះអាងថា ដោយសារតែច្បាប់មានភាពខ្វះចន្លោះ មិនឲ្យតម្លៃពលរដ្ឋពេញលេញនេះហើយ ទើបធ្វើឲ្យពលរដ្ឋចំណាកស្រុកនិងអ្នកផ្សេងទៀត ជាង១លាន់នាក់បាត់សិទ្ធិបោះឆ្នោតនៅឆ្នាំ២០១៧នេះ។

លោក អំ សំអាត ឲ្យដឹងទៀតថា សង្គមស៊ីវិលដែលសកម្មក្នុងការលើកស្ទួយសិទ្ធិមនុស្ស លោកថាពិតជាបានជួយជំរុញឲ្យដំណើរការបោះឆ្នោតមួយប្រព្រឹត្តិទៅដោយភាពត្រឹមត្រូវនិងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យ។ ប៉ុន្តែលោកថា ឆន្ទៈនយោបាយបច្ចុប្បន្ន ហាក់បានដើរផ្ទុយពីនេះ។

លោកថា៖ «បច្ចុប្បន្នដោយសារតែមានបទពិសោធន៍ យើងគិតថាមេរៀនមួយចុះ ដែលគណបក្សនយោបាយ ដែលលោកមើលឃើញថា អ្នកដែលចូលរួមសកម្មក្នុងការអនុវត្តសិទ្ធិ សម្រាប់ជាមូលដ្ឋានរបស់ប្រជាពលរដ្ឋគឺសង្គមស៊ីវិល។ អញ្ចឹងគេអាចមើលឃើញថា តើសង្គមស៊ីវិលណាខ្លះដែលគេមើលឃើញថា ជំរុញយ៉ាងសកម្មឲ្យពលរដ្ឋអនុវត្តសិទ្ធិរបស់ខ្លួន។ ហើយការអនុវត្តសិទ្ធិរបស់ពលរដ្ឋខ្លះអាចប៉ះពាល់ដល់ផលប្រយោជន៍របស់គណបក្សនយោបាយមួយចំនួនផងដែរ។ អានេះហើយ ធ្វើសង្គមស៊ីវិលហ្នឹងត្រូវគេទុក្ខបុកម្នេញ ដោយគេ [អ្នកនយោបាយ] ត្រូវតែបន្ថយនូវសកម្មភាពរបស់សង្គមស៊ីវិលហ្នឹង ដើម្បីជាផលប្រយោជន៍របស់ពួកគេ»។

បើតាមលោក អំ សំអាត ការរឹតត្បិតសេរីភាពបញ្ចេញមតិ ការគំរាមកំហែងដល់មន្ត្រីសង្គមស៊ីវិល ដូចជាការចាប់ឃុំខ្លួនមន្ត្រីអាដហុកអីជាដើមនោះ លោកថាគ្មានអ្វីចំណេញដល់រដ្ឋាភិបាលទេ។

លោកថា៖ «ទីមួយការដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុកនិងអ្នកទោសមនសិកា វាជាផលចំណេញមួយ ដែលបានជំរុញគោលការណ៍ប្រជាធិបតេយ្យ ហើយនឹងជំរុញការបោះឆ្នោតហ្នឹងវាត្រឹមត្រូវ សេរី និងយុត្តិធម៌។ ការចំណេញទី២ ការដោះលែងសកម្មជនសិទ្ធិមនុស្សនិងអ្នកទោសមនសិកា វាចំណេញដល់ការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ។ ពីព្រោះបច្ចុប្បន្ន ដោយសារតែការចាប់សកម្មជនសិទ្ធិមនុស្សចាប់អ្នកទោសមនសិកា ធ្វើឲ្យបរទេសបង្កកនូវជំនួយសម្រាប់អភិវឌ្ឍន៍ប្រទេសយើង។ ជាពិសេសសហគមន៍អឺរុប សហរដ្ឋអាមេរិកជាដើម។អញ្ជឹងបើមានការដោះលែង ខ្ញុំគិតថាជាការចំណេញដល់កម្ពុជាក្នុងការអភិវឌ្ឍ»។

ទោះជាយ៉ាងណារដ្ឋាភិបាលធ្លាប់អះអាងថា ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សអាដហុកនិងមន្ត្រី គ.ជ.ប គឺជាវិធានការច្បាប់ ហើយថារដ្ឋាភិបាលអន្តរាគមន៍លើកលែងទោសបាន លុះណាតែសំណុំរឿងនោះផុតពីដៃតុលាការ។

បើតាមរបាយការណ៍ដែលអ្នកសម្របសម្រួលចែកឲ្យអ្នកសារព័ត៌មានបានលើកឡើងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នៅតែជាបញ្ហាធ្ងន់ធ្ងរ ហើយជំរុញឲ្យរដ្ឋាភិបាលត្រូវតែដោះស្រាយនិងគោរពសិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ជាជាងដាក់គំនាបទៅលើការរិះគន់។

របាយការណ៍ដដែលបញ្ចាក់ថា ការរំលោភបំពានសិទ្ធិមនុស្សជាការអនុវត្តផ្ទុយពីច្បាប់ជាតិនិងអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ