យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ

ចាប៉ី​ដង​វែង (asiasociety)

អង្គការយូណេស្កូអនុម័តយល់ព្រមតាមសំណើរបស់ប្រទេសកម្ពុជា ហើយផ្តល់ថវិកាគាំទ្រជាងម្ភៃម៉ឺនដុល្លារ សម្រាប់ការថែរក្សាចាប៉ីដងវែងជាបន្ទាន់ និងបានចុះបញ្ជីទទួលស្គាល់ថាជាបេតិកភណ្ឌអរូបិយ។

យោងសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូឲ្យដឹងថា កម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការការពារជាបន្ទាន់ សំរាប់តន្រ្តីប្រពៃណីចាប៉ីដងវែង នៅទីក្រុង អេដឌីស អាបាបា (Addis Ababa) ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកានេះ។

សេចក្តីប្រកាសបន្តថា គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបិយនាពេលបច្ចុប្បន្ននេះ បានចុះបញ្ជីចាប៉ីដងវែងរបស់កម្ពុជា នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយក្នុងតម្រូវការនៃការការពារជាបន្ទាន់។

គណៈកម្មាធិការនេះបានអនុម័តសំណើរបស់កម្ពុជា សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ២៣០,០០០ (ដុល្លារអាមេរិក) ក្នុងគោលបំណងដើម្បីអនុវត្តផែនការការថែរក្សា។

ចាប៉ីដងវែង គឺជាប្រភេទតន្រ្តីប្រពៃណីមួយរបស់កម្ពុជា ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវិត ប្រពៃណី និងជំនឿរបស់ប្រជាជនកម្ពុជា។ ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ គេប្រើឧបករណ៍តន្ត្រីនេះសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ចាប៉ីដងវែង ចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ