តំណាង UNDP ថា សារព័ត៌មាន​ក្នុង​ស្រុក​ផ្សាយ​ទម្លាក់​កំហុស​លើ​ស្ត្រី​រង​ការ​រំលោភ​បំពាន

ទិវា​សុវត្ថិភាព​ទីក្រុង​សម្រាប់​ស្ត្រី

តំណាងជាន់ខ្ពស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ ហៅ​កាត់​ថា UNDP បាន​លើកឡើងថា ​ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកមួយចំនួន បានយករឿង​អំពើ​ហិង្សាលើស្ត្រីទៅលេងសើច ដែល​នាំ​ឲ្យ​សង្គមយល់ខុស និង​ទម្លាក់កំហុសទៅលើស្ត្រី​ជាជនរងគ្រោះ ខណៈរដ្ឋាភិបាលថា ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការទប់ស្កាត់អំពើ​ហិង្សាលើស្ត្រី។

អនុរដ្ឋលេខាធិការក្រសួងកិច្ចការ​នារី លោកស្រី ឡុង សុផល្លី បាន​ទទួល​ស្គាល់​ពី​សារៈ​សំខាន់​នៃ​តួនាទី​របស់​ប្រព័ន្ធផ្សព្វផ្សាយ និង​អ្នកសារព័ត៌មាន ក្នុងការចូលរួមបញ្ចប់អំពើហិង្សាលើស្ត្រី ប៉ុន្តែត្រូវការ​គោលការណ៍​ជាក់​លាក់​សម្រាប់​វិស័យ​សារព័ត៌មាន​រាយការណ៍​អំពី​ការ​រំលោភ​បំពាន​លើ​ស្ត្រី។

លោកស្រីថា៖ «ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ចប់អំពើហិង្សាលើស្ត្រី។ ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវយល់ថាអំពើហិង្សាលើស្រ្តី គឺជាបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយថាត្រូវតែអនុវត្តគោលការណ៍ជាក់លាក់មួយចំនួនក្នុងការផ្តល់ព័ត៌មានរបស់ពួកគេ ដើម្បីបញ្ឈប់ស្លាកស្នាមលើជនរងគ្រោះ។ ក្រសួងកិច្ចការនារីនឹងបន្តសហការជាមួយក្រសួងព័ត៌មាន អ្នកសរសេរព័ត៌មាន អ្នកសារព័ត៌មាន និងសាកលវិទ្យាល័យនានា ដើម្បីធានាថាក្រមនៃប្រព័ន្ធផ្សព្វផ្សាយនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ»។

ថ្លៃងក្នុងសិក្ខាផ្សព្វផ្សាយ​ស្ដីពីក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រី្ត​នាថ្ងៃនេះ តំណាងជាន់ខ្ពស់របស់ UNDP លោក Richard Marshall បានលើកឡើងថា​ ប្រព័ន្ធ​ផ្សព្វផ្សាយក្នុងស្រុកមួយចំនួន មិនបានគោរពក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន ក្នុងការរាយការណ៍ព័ត៌មាននោះទេ។ លោកបន្តថា ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បាន​យករឿងអំពើហិង្សលើស្ត្រីទៅលេងសើចតាមកញ្ចក់​ទូរទស្សន៍ ដែល​បានឲ្យ​សង្គម​យល់ខុស​ថា ស្ត្រីរងគ្រោះ គឺជា​អ្នក​មានកំហុសទៅវិញ។

លោកថា៖ «រឿងកំប្លែងអំពីអំពើហិង្សាលើស្រ្តីដែលបង្កើតឡើងដោយប្រព័ន្ធផ្សព្វផ្សាយ បន្តបង្ហាញពីអំពើហិង្សាបែបនេះ និងបន្តជំរុញគំនិតសង្គមដែលយល់ខុស ដោយថា ស្ត្រីរងគ្រោះ គឺជាអ្នកមានកំហុស ហើយត្រូវបានស្តីបន្ទោសចំពោះការរំលោភបំពានមកលើពួកគេ។ […] ប្រព័ន្ធផ្សព្វផ្សាយត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការផ្តល់ប្រកបដោយវិជ្ជាជីវៈ និងគុណធម៌ខ្ពស់ ស្របតាមក្របខ័ណ្ឌសិទ្ធិស្ត្រីអន្តរជាតិ និងច្បាប់ជាតិ»។

ការីនិពន្ធកាសែតខ្មែរ ថាមស៍ លោក ម៉ៃ ទិត្យថារ៉ា បានទទួលស្គាល់ថា ពិតជាមានករណីនេះមែន។ លោកបន្តថា អ្នកសារព័ត៌មាន​នៅក្នុងស្រុក​មួយចំនួន មិនសូវខ្វល់ពីក្រមសីលធម៌នោះទេ ដោយ​ពួកគេ បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ដោយគ្មានការបិទបាំងអ្វីឡើយ។

ប្រធានគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងនយោបាយ លោកស្រី ធីតា ឃឹះ សង្កេត​ឃើញថា ​ប្រព័ន្ធ​ផ្សព្វផ្សាយតែងតែយករឿងករណីរំលោភ​បំពាន​លើស្ត្រីទៅ​ធ្វើអត្ថាធិប្បាលេងសើច បើទោះជា​​មាន​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់​អ្នក​សារព័ត៌មាន​ក៏​ដោយ ប៉ុន្តែពួកគេ​មិនបានអនុវត្តតាមនោះទេ។

លោកស្រីថា៖ «​ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មានបានរៀបចំធ្វើក្រមសីលធម៌អ្នកសារព័ត៌មានដែរ ក៏ប៉ុន្តែ ខ្ញុំយល់ថា គ្រាន់តែធ្វើក្រមសីលធម៌វាអត់គ្រប់គ្រាន់ទេ ពីព្រោះអត់ទាន់ចេះអនុវត្ត អនុវត្តអត់ទាន់ដឹង ពីព្រោះ គាត់ធ្លាប់តែនិយាយលេងសើចអញ្ចឹង ជារឿងធម្មតាចំពោះបុរសៗ ហើយវាមិនបានដឹងថា តើវាមានឥទ្ធិពលខ្លាំងទៅដល់សុវត្ថិភាពរបស់ស្ត្រីយ៉ាងណាទេ​។ ដូច្នេះ ត្រូវការបើកវគ្គបង្រៀនគាត់ហើយ ត្រូវការ​តាមដានគាត់ និងពិន័យយ៉ាងធ្ងន់ធ្ងរលើស្ថានីយ៍ និង​ស្ថាប័នដែល​បាន​រំលោភ​បំពាន»។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី កាល​ពី​ខែ​សីហា​កន្លង​មក បាន​ទាមទារ​ទៅ​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្សមាស លោក មាស រិទ្ធី និង​គណៈ​គ្រប់​គ្រង​ទូរទស្សន៍ ឲ្យ​ថ្លែង​សុំ​ទោស​ជា​សាធារណៈ បន្ទាប់​ពី​លោក​អត្ថាធិប្បាយ​អំពី​ករណី​រំលោភ និង​សម្លាប់​នារី​ម្នាក់​ពី​សំណាក់​អ្នក​បើក​បរ​រថយន្ត​តាក់ស៊ី។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​ទាំងនោះ បាន​ចោទ​លោក មាស រិទ្ធី ថា​បាន​ធ្វើ​អត្ថាធិប្បាយ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​តម្លៃ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ និង​តម្លៃ​ស្ត្រី​ទូទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ